រុស្ស៊ី សម្រេចចាត់វិធានការ ក្តៅប្រឆាំង អ៊ុយក្រែន និង តួកគី

មូស្គូ៖ ប្រទេសរុស្ស៊ី បានសម្រេចដាក់ចេញ នូវចំណាត់ការក្តៅ ប្រឆាំងនឹងប្រទេសអ៊ុយក្រែន និង តួកគី ដែលចាប់ផ្តើមអនុវត្តន៍ ចាប់ពីថ្ងៃសុក្រ ទី០១ ខែមករា ឆ្នាំ ២០១៦ តទៅ។ នេះបើតាម ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី០២ ខែមករា។

លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើបទបញ្ជាថ្មីនេះ ដោយឲ្យមន្ត្រី កាំកុងត្រូល ហាមប្រាមការនាំចូលទំនិញនានាពីប្រទេសអ៊ុយក្រែន ទៅកាន់ ប្រទេស កាហ្សាក់ស្ថាន ដោយឆ្លងកាត់ទឹកដីរុស្ស៊ីទៀត។ បទបញ្ហាថ្មីនេះ ក៏ត្រូវបានបង្ហោះទៅក្នុង គេហទំព័រផ្លូវការរបស់រដ្ឋាភិបាលរុស្ស៊ី កាលពីថ្ងៃសុក្រ ម្សិលមិញនេះផងដែរ។

គួរបញ្ជាក់នៅក្នុងអត្ថន័យនៃបទបញ្ជានោះថា “ការដឹកជញ្ជូនទំនិញតាមរថយន្ត និង ផ្លូវដែក ពីទឹកដី អ៊ុយក្រែន ទៅសាធារណរដ្ឋ កាហ្សាក់ស្ថាន គឺ មិនត្រូវឲ្យឆ្លងកាត់ទឹកដីរុស្ស៊ីទៀតទេ ដោយចាប់ពីពេលនេះទៅ អាចឲ្យឆ្លងកាត់តាមសាធារណរដ្ឋ បេឡារុស ប៉ុណ្ណោះ។ វានឹង អនុវត្តន៍ដល់ខែកក្កដា ឆ្នាំ ២០១៦ ដោយពេលនោះនឹងមានការបន្ថែមចំណាត់ការថ្មីមួយទៀត គឺការផ្អាកជាបណ្តោះអាសន្ននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអ៊ុយក្រែន និង រុស្ស៊ី។”

ដោយឡែកសម្រាប់ចំណាត់ការប្រឆាំងរុស្ស៊ីវិញ គឺចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ តទៅ រាល់ទំនិញដែលផលិតនៅតួកគី ក៏ជាផលិតផលកសិកម្មផងដែរ គឺត្រូវបានហាមឃាត់ មិនឲ្យចូលមកក្នុងទឹករុស្ស៊ី នោះឡើយ។ នេះជាការឆ្លើយតបចំពោះការបាញ់ទម្លាក់យន្តហោះ ចម្បាំងរុស្ស៊ី ដោយតួកគី កាលពីចុងឆ្នាំ ២០១៥៕

រុស្ស៊ី សម្រេចចាត់វិធានការ ក្តៅប្រឆាំង អ៊ុយក្រែន និង តួកគី