ឆ្នាំ ២០១៧ ក្រសួងការងារ នឹង​បង្កើត​ឲ្យមាន​ តុលាការ​ការងារ​ សម្រាប់​ដោះស្រាយ​ វិវាទកម្មករ

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើង ក្នុងសន្និបាតសហភាពសហព័ន្ធ សហជីពជាតិ កម្ពុជាអាណត្ដិទី៥ ថា ក្រសួង និងភាគីពាក់ព័ន្ធកំពុងសិក្សា លើទិដ្ឋភាពបច្ចេកទេស និងដកពិសោធន៍ ពីប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីសិក្សា អំពីប្រព័ន្ធតុលាការ ការងារនៅដើម្បីយក មកអនុវត្ដន៍ឲ្យសមស្រប ទៅនឹងបរិបទនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ រាល់វិវាទការងារដែលកើតឡើង ត្រូវបានក្រុមប្រឹក្សាអាជ្ញាកណ្ដាល ធ្វើការដោះស្រាយ និងសម្របសម្រួល រវាងភាគីកម្មករ សហជីព និងថៅកែរោងចក្រ ប៉ុន្ដែក្រុមប្រឹក្សានេះ មិនមែនជាតុលាការការងារ។

គម្រោង នៃការបង្កើតតុលាការការងារ ក្រសួងនឹងរៀបចំឯកសារ ឲ្យបានរួចរាល់ និងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០១៧។ ក្រសួងការងារសង្ឃឹមថា ភាគីពាក់ព័ន្ធ នឹងចូលរួមអបអរសាទរទាំងសហជីព និងភាគីនិយោជក ដែលកំពុងរង់ចាំ យន្ដការដោះស្រាយ វិវាទការងារដែលកើតឡើង នៅកម្ពុជាជាយូរណាស់ មកហើយ។

យោងតាមរបាយការណ៍ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតត្រឹមខែតុលា ឆ្នាំ២០១៥កន្លងទៅ ក្រសួងបានចុះបញ្ជិកាអង្គការ វិជ្ជាជីវៈចំនួន៣៣៧៨ ក្នុងនោះ មានសហភាពសហជីព១៥ សហព័ន្ធសហជីពចំនួន៩១ សហជីពមូលដ្ឋាន ចំនួន៣២៦១ និងសមាគមនិយោជកចំនួន៧៕

ឆ្នាំ ២០១៧ ក្រសួងការងារ នឹង​បង្កើត​ឲ្យមាន​ តុលាការ​ការងារ​ សម្រាប់​ដោះស្រាយ​ វិវាទកម្មករ