លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង មិន​ខ្វល់​ពី​ល្បែងស៊ីសង​ដែល​កើតឡើង​យ៉ាង​រាលដាល​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង និង​លោក សំ​ឃិត វៀន ស្នងការ​នគរបាល​ខេត្តកោះកុង មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បាន​ប្រសើរ​តាម​បទបញ្ជា​របស់​អគ្គស្នងកា​រ​នគរបាលជាតិ និង​ក្រសួងមហាផ្ទៃ​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ជា លាង​ហេង ដែលជា​មន្ត្រី​បម្រើ​ការងារ​ក្នុង​ការិយាល័យ​តំណាងរាស្ត្រ​ខេត្តកោះកុង បាន​បើក​សង្វៀន​បញ្ជល់មាន់​និង​ល្បែង​យូគី យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ដី​សួនសត្វ​ខេត្តកោះកុង ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

មន្ត្រី​អាជ្ញាធរ​តូចតាច​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក ជា លាង​ហេង តែងតែ​យក ស​.​ជ​.​ណ របស់​ក្រុមហ៊ុនមេ​ឈ្មួញ លី យ៉ុង​ផាត់ មកប្រើប្រាស់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ​ខេត្តកោះកុង និង​សមត្ថកិច្ច​ពុករលួយ​។ ហេតុនេះហើយ​ទើប​លោក ជា លាង​ហេង អាច​បើក​សង្វៀន​បញ្ជល់មាន់​និង​យូគី​ក្នុង​ដី​សួនសត្វ​យ៉ាង​រលូន បើទោះបី​គ្មាន​ច្បាប់​អនុញ្ញាត​ក៏ដោយ​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹង​ទៀតថា សព្វថ្ងៃនេះ​មាន​មន្ត្រីរាជការ ប្រជាពលរដ្ឋ​សាមញ្ញ អ្នករកស៊ី និង​ជនជាតិ​សៀម ចូលមក​លេងល្បែង​នៅ​កន្លែង​របស់លោក ជា លាង​ហេង យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក ជា លាង​ហេង ជួល​ដី​នោះ​ក្នុង​មួយខែ​ប្រមាណ​៣០​លាន​រៀល​ទើប​អាច​បើក​សង្វៀន​បញ្ជល់មាន់​និង​ល្បែង​យូគី​យ៉ាង​ក្រអឺតក្រទម​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ខេត្តកោះកុង បាន​លើកឡើងថា ផ្ដើមចេញពី​ល្បែងស៊ីសង​ដែល​បើក​ដោយ​លោក ជា លាង​ហេង ទើប​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម​លួច​ឆក់​ប្លន់ គ្រឿងញៀន កើតឡើង​យ៉ាង​គួរ​ឲ្យ​ភ័យខ្លាច​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តកោះកុង ប្រហែល​ទទួលបាន​ផលប្រយោជន៍​ពី​មេ​ល្បែងស៊ីសង​ជាប្រចាំ​ទើប​មិន​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ បញ្ហា​នេះ​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន និង​ក្រសួងមហាផ្ទៃ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ប៊ុន លើ​ត និង​លោក សំ​ឃិត វៀន ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​ល្បែងស៊ីសង​ក្នុង​ខេត្តកោះកុង រាលដាល​កាន់តែខ្លាំង​ឡើងៗ នាំ​ឲ្យ​កើតមាន​បទល្មើស​សព្វបែបយ៉ាង​៕

ប៊ុត-លើតលោក ប៊ុន លើត អភិបាលខេត្តកោះកុង​