នៅតែមាន​ការប្រើប្រាស់រ​ថ​យន្ត​ក្រុមហ៊ុន​ទ្រី​ភាព ដឹកជញ្ជូន​ឈើ​ប្រណីត​

​កន្លងមក​ឧកញ៉ា ទ្រី ភាព ម្ចាស់​ក្រុមហ៊ុន​ទ្រី​ភាព ធ្លាប់​ប្រកាស​ជាស​ធារ​ណៈ​ពី​រឿង​ឈប់​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​ងាក​ទៅ​ប្រកប​អាជីវកម្ម​ផ្សេង​ជំនួស​វិញ​។ ប៉ុន្តែ​ជាក់ស្តែង​ការប្រើប្រាស់​រថយន្ត​មាន​ស្លាក​សញ្ញា​ក្រុមហ៊ុន​ទ្រី​ភាព ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តកំពង់ធំ នៅតែ​កើតឡើង​ដដែល ហើយ​ធ្វើ​ឲ្យ​មហាជន​សង្ស័យថា​ក្រុមហ៊ុន​ទ្រី​ភាព នៅតែ​ប្រកប​អាជីវកម្ម​ចាស់​ដដែល​។ មានន័យថា ការបង្កើត​មុខរបរ​ផ្សេង​ដូចជា សណ្ឋាគារ និង​កាស៊ីណូ​ជាដើម គ្រាន់តែ​ជា​លេស​ដើម្បី​បិទបាំង​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​តែប៉ុណ្ណោះ​។

កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅ​ថ្មីៗ​នេះ​សមត្ថកិច្ច​ក្នុង​ខេត្តកំពង់ធំ បាន​ឃាត់​រថយន្ត​ប្រើ​ស្លាក​សញ្ញា​ក្រុមហ៊ុន​ទ្រី​ភាព ចំណុះ​២​តោន​កន្លះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-3929 នៅ​ចំណុច​ភូមិ​ដូង ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ហើយ​មាន​ឃាត់ខ្លួន​តៃកុង​រថយន្ត​ម្នាក់​ផងដែរ​។ ក៏ប៉ុន្តែ​ភ្លាមៗ​នោះ​ប្រហែល​មាន​អន្តរាគមន៍​ពី​អ្នកមានអំណាច​ទើប​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ និង​មេព្រៃ​កំពង់ថ្ម ដោះលែង​រថយន្ត​នោះ​វិញ​។ បើទោះបី​មានការ​ត្រួត​ពិនិត្យឃើញ​ថា រថយន្ត​ដឹកឈើ​ប្រណីត​នោះ​គ្មាន​ឯកសារ​ច្បាស់លាស់​និង​គ្មាន​ការអនុញ្ញាត​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏​គេ​ដោះលែង​យ៉ាង​រលូន​ដែរ​។

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ លោក សុទ្ធ ម៉ា​រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា រថយន្ត​ដឹកឈើ​ប្រណីត​នោះ​ជា​របស់​ក្រុមហ៊ុន​មួយ​ដែល​ថ្នាក់លើ​ផ្ដាំផ្ញើ​កុំ​ឲ្យ​រារាំង​និង​ឃាត់​។ គេ​សង្ស័យថា​ក្រុមហ៊ុន​នោះ​គឺ​ក្រុមហ៊ុន​ទ្រី​ភាព​តែម្តង ហើយ​មានតែ​ការបកស្រាយ​របស់​ឧកញ៉ា ទ្រី ភាព ទេ​ទើប​អាច​ដឹងថា ក្រុមហ៊ុន​ទ្រី​ភាព នៅ​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​តទៅទៀត​ឬ​យ៉ាងណា​នោះ​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរពិនិត្យមើល​ផងដែរ​ជុំវិញ​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តកំពង់ធំ ព្រោះ​ពួកគេ​ចាប់​បង្ក្រាប​តែ​ប្រជាពលរដ្ឋ​ដឹកអុស​ដឹក​ធ្យូង​ប៉ុណ្ណោះ ចំណែក​រថយន្ត​ក្រុមហ៊ុន​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ពួកគេ​មិន​បង្ក្រាប​ឡើយ​៕

98ឧកញ៉ា ទ្រី ភាព កាប់ឈើ១២ខេត្តឲ្យរលាយសាបសូន្យ
bun-tha2-500x288 bun-tha11-500x288