កីឡាករសំខាន់ៗ ៦រូប គ្មានឈ្មោះ ក្នុងក្រុមជម្រើសជាតិ ត្រៀមប្រកួតពាន BG-Cup ឡើយ

ភ្នំពេញ៖ បញ្ជីឈ្មោះអ្នកដឹកនាំ និងកីឡាករជម្រើសជាតិកម្ពុជា ដែលត្រៀមចូលរួម ប្រកួតពានរង្វាន់ 2016 Bangabandhu Gold Cup នៅបង់ក្លាដេស នាពេលឆាប់ៗខាងមុខ បានចេញហើយ ប៉ុន្ដែគ្មានវត្តមានកីឡាករសំខាន់ៗ រូប ដែលតែងតែជួយ ក្រុមជម្រើសជាតិ នាពេលកន្លងមកឡើយ រួមមានកីឡាករ ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, រស់ សំអឿន, គួច សុកុម្ភៈ, ធារី ចាន្ថាប៊ីន និងអ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី ជាដើម ។

បើតាមបញ្ជីឈ្មោះសមាជិក នៃក្រុមជម្រើសជាតិកម្ពុជា ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទើបផ្ដល់ជូនមកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ក្នុងនោះលោក ឆាំង ពិសិដ្ឋ ត្រូវបានចាត់តាំងជាអ្នកចាត់ក្រុម, លោក Lee Tae Hoon ជាគ្រូបង្គោល ឯគ្រូជំនួយមានលោក អ៊ុង កនយ៉ានីត, លោក ហោ សុខហេង និងលោក អ៊ុ សាវង្ស និងគ្រូបង្វឹកអ្នកចាំទី គឺលោក សួង ភីរម្យ ។ ចំណែកគ្រូពេទ្រមានលោក ហៃ សក្ដរី និងលោក ស្រ៊ាង ប៊ុណ្ណា ។

រីឯកីឡាករជាប់ក្នុងបញ្ជីឈ្មោះលោក Lee Tae Hoon លើកនេះមានកីឡាករ ឈិន ឈឿន, ហុង, ផេង, ហួយ ផល្លីន, ខែក ខេមរិន្ធ, ឃួន ឡាបូរ៉ាវី, នេន សុធារដ្ឋ, ណុប តុល្លា, ប៉េង ប៊ុនឆាយ, ប្រាក់ មុន្នីភិរុណ, សំអឿន ពិដោរ, សឿយ វិសាល, សុក ច័ន្ទរស្មី, សុខ សុវណ្ណ, ទិត្យ ឌីណា, អ៊ុ សេរីរ័ត្ន, ទូច រ៉ូម៉ា, ឆេង ម៉េង, ថន ដារ៉ាពេជ្រ, ស៊ុន វណ្ណដេ, ច្រឹង ពលរដ្ឋ, ឡេង មករា និងកីឡាករ រឿម ចាន់រឿន ។

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ដើម្បីវត្តមានកីឡាករត្រៀម ប្រកួតពានរង្វាន់អន្ដរជាតិលើកនេះ គឺគ្មានវត្ដមានកីឡាករឆ្នើមៗ ដែលតែងតែចូលរួមជាមួយក្រុមជម្រើស ជាតិកម្ពុជាដូចសព្វដង ដូចជាខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, គួច សុកុម្ភៈ និងខ្សែបម្រើ-ការពារ រស់ សំអឿន និងកីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន រួមទាំងអ្នកចាំទីពោរពេញដោយបទពិសោធន៍ ស៊ូ យ៉ាទី នោះទេ ។

ទោះជាយ៉ាងណា សហព័ន្ធក៏មិនបានបញ្ជាក់ ពីមូលហេតុជុំវិញការមិន ជ្រើសរើសកីឡាករឆ្នើមៗទាំង ៥រូបនេះដែរ ខណៈទូរស័ព្ទលោក ឆាំង ពិសិដ្ឋ ក៏ទាក់ទងមិនបានដែរនាព្រឹកនេះ ។

ដូច្នេះមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នឹងស្វែងរកប្រភពព័ត៌មានឲ្យបានកាន់តែច្បាស់ មកជម្រាបជូនទស្សនិកជន ជាពិសេសអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា ជុំវិញការគ្មានវត្តមានកីឡាករសំខាន់ៗ នៅក្នុងក្រុមជម្រើសជាតិកម្ពុជា ដែលត្រៀមខ្លួនចូលរួមប្រកួតពានរង្វាន់ Bangabandhu Gold Cup នៅបង់ក្លាដេស ចាប់ពីថ្ងៃទី០៨-១៨ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ ៕

កីឡាករសំខាន់ៗ ៦រូប គ្មានឈ្មោះ ក្នុងក្រុមជម្រើសជាតិ ត្រៀមប្រកួតពាន BG-Cup ឡើយ