អ្នក​ភូមិ​នៅ​កំពង់ឆ្នាំង​ជាង​១០០​នាក់​ផ្ដិត​មេដៃ​ជំទាស់​នឹង​ការ​បិទ​ផ្លូវ​សាធារណៈ

ប្រជាពលរដ្ឋ​ខ្មែរ និង​ចាម​ប្រមាណ ១០០​នាក់ នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ប្រតិកម្ម​ចំពោះ​ស្ត្រី​បង្គោល​ឃុំ​ម្នាក់ ដែល​បាន​បិទ​ផ្លូវ​សាធារណៈ​មិន​ឲ្យ​អ្នក​ភូមិ​បរ​រទេះ​ឆ្លង​កាត់ និង​លំបាក​ចេញ​ចូល​ថ្វាយ​បង្គំព្រះ​នៅ​វិហារ​អ៊ីស្លាម។ តំណាង​ពលរដ្ឋ​អះអាង​ថា អ្នក​ភូមិ​បាន​ធ្វើ​លិខិត​ភ្ជាប់​ស្នាម​មេដៃ​ដាក់​ជូន​អាជ្ញាធរ​ឃុំ និង​ស្រុក​ជាង​បី​ខែ​ហើយ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ។

តំណាង​ពលរដ្ឋ​ខ្មែរ និង​ចាម​នៅ​ភូមិ​ត្រពាំងខ្ទុំ នៃ​ឃុំ​ឈូកស ដែល​នាំ​គ្នា​ផ្ដិត​មេដៃ​ជាង ១០០​ស្នាម​មេដៃ ជំទាស់​នឹង​ជន​បង្គោល​ឃុំ​ម្នាក់​ឈ្មោះ អប់ ខទីជៈ សង់​ផ្ទះ​បិទ​ផ្លូវ​រទេះ​បុរាណ​មួយ​ខ្សែ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​មករា ថា អ្នក​ភូមិ​សម្ដែង​ការ​ហួស​ចិត្ត​នៅ​ពេល​ឃើញ​ផ្ទះ​មួយ​ខ្នង​សង់​ចំ​កណ្ដាល​ផ្លូវ​ដែល​ពួកគាត់​ឆ្លង​កាត់​ព្រឹក​ល្ងាច។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដោយ​ផ្ទាល់​លើ​ប្រជាពលរដ្ឋ​ចំនួន ៦​គ្រួសារ។

បុរស​ជនជាតិ​ចាម វ័យ ៦២​ឆ្នាំ​ម្នាក់​ដែល​អះអាង​ថា ជា​តំណាង​ពលរដ្ឋ គឺ​លោក ម៉ូត ទឺ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ពលរដ្ឋ​ជិះ​ម៉ូតូ និង​ដើរ​ប្រជ្រៀត​ក្រោម​ផ្ទះ ឬ​ដើរ​អែប​ជើង​សសរ​ទៅ​ស្រែ និង​ទៅ​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ។ ចំណែក​រទេះ​គោ គោយន្ត និង​ម៉ាស៊ីន​បោក​ស្រូវ​ដែល​ធ្លាប់​ប​ឆ្លងកាត់​លែង​ចូល​រួច ហើយ​ត្រូវ​បើក​វាង​ចម្ងាយ ៣០០​ម៉ែត្រ​ទើប​ដល់​ស្រែ។

លោក​បារម្ភ​ថា ថ្ងៃ​ណាមួយ​គេ​នឹង​លែង​អនុញ្ញាត​ឲ្យ​មនុស្ស​ដើរ ឬ​ជិះ​ម៉ូតូ​ទៀត​ផង៖ «ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ឲ្យ​ផ្លូវ​ហ្នឹង​ដើរ​វិញ​បាន។ ចង់​បាន​ឆាប់​នេះ​ហើយ ព្រោះ​ខ្ញុំ​នៅ​ខ្វល់ខ្វាយ​យ៉ាង​នេះ ធ្វើ​ម៉េច​អាណិត​ពួក​ខ្ញុំ​ខ្មែរ​អ៊ីស្លាម អ៊ីស្លាម​អត់​សូវ​ចេះ​និយាយ​ខ្មែរ និយាយ​ខុស​បន្តិចបន្តួច​កុំ​ប្រកែ​ប្រកាន់»

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ស្ត្រី​ដែល​ជា​ជន​បង្គោល​ឃុំ​ឈ្មោះ អប់ ខទីជៈ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១ ខែ​មករា។ ប៉ុន្តែ​អភិបាល​ស្រុក​កំពង់ត្រឡាច លោក ឈឹម វុទ្ធា ថ្លែង​ថា លោក​បាន​ទទួល​លិខិត​ពលរដ្ឋ ហើយ​បាន​ចាត់​អភិបាល​រង​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ម្នាក់​ចុះ​ពិនិត្យ​មើល​លើ​បញ្ហា​នេះ ប៉ុន្តែ​មិន​ទាន់​បាន​ព័ត៌មាន​ត្រឡប់​យ៉ាង​ណា​នៅ​ឡើយ​ទេ៖ «ពាក់ព័ន្ធ​ការងារ​នេះ កំពុង​ឲ្យ​លោក​អភិបាល​រង​ទទួល​បន្ទុក​ការងារ​នេះ​ចុះ​ទៅ​ពិនិត្យ​មើល ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ មិន​ទាន់​ដោះស្រាយ​សម្របសម្រួល​យ៉ាង​ម៉េច​នៅ​ឡើយ​ទេ»

យ៉ាង​ណា​អភិបាល​រង​ស្រុក​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ លោក ទាំ សារឿន បដិសេធ​ថា លោក​មិន​ទាន់​ទទួល​បាន​សំណើ​ដោះស្រាយ​វិវាទ​នៅ​ឃុំ​ឈូក​ស​នោះ​ទេ ប៉ុន្តែ​បាន​ទទួល​រឿង​ដាច់​ដោយ​ឡែក​មួយ​នៅ​ឃុំ​ច្រេស។ ត្រង់​ចំណុច​នេះ អ្នក​ភូមិ​ត្រពាំងខ្ទុំ នៃ​ឃុំ​ឈូកស រិះគន់​ថា បើ​អាជ្ញាធរ​នៅ​តែ​ធ្វើ​មិន​ដឹង ឬ​ដោះស្រាយ​ជូន​ពលរដ្ឋ​ទេ នោះ​អ្នក​ភូមិ​អាច​នឹង​បាត់​ផ្លូវ​ចេញ​ចូល​ដឹក​កសិផល ឬ​ទៅ​ថ្វាយ​បង្គំ​តាម​បែប​សាសនា​អ៊ីស្លាម​នៅ​ក្នុង​ព្រះវិហារ។

ក្រុម​ពលរដ្ឋ​ចង់​ឃើញ​អាជ្ញាធរ​ឃុំ ឬ​ស្រុក​ជួយ​អន្តរាគមន៍​រំកិល​ផ្ទះ ឬ​ដក​ជើង​សសរ​អ្នកស្រី អប់ ខទីជៈ ដែល​បាន​ដាំ​រំលោភ​លើ​ផ្លូវ​កាល​ពី​ជាង ៣​ខែ មុន​នោះ​ចេញ​ខ្លះ ដើម្បី​បើក​ផ្លូវ​ទំហំ​ប្រមាណ ៥​ម៉ែត្រ​ដូច​ដើម​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។