​សមត្ថកិច្ច​ព្រំដែន​ច្រករបៀង​ឡាំ​ប៉ឹ​កនៅ​ខេត្តមណ្ឌលគិរី​អនុញ្ញាត​ឲ្យ​ជនជាតិ​យួន​ចូល​កាប់​ឈើ

កាលពីពេល​ថ្មីៗ​នេះ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជា​ដាច់ខាត​ឲ្យ​បិទ​ច្រករបៀង​ទូទាំងប្រទេស មិន​ឲ្យ​មាន​សកម្មភាព​ជនបរទេស ឬ​ជនជាតិខ្មែរ ចេញចូល​ឡើយ ព្រោះ​កម្ពុ​ជាមាន​ច្រក​អន្តរជាតិ​ច្រើន​ហើយ ។ លោក ស ខេង បាន​ពន្យល់ថា ការបិទច្រក​របៀង​គឺ​ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការពារ​រាល់​បទល្មើស​ឆ្លងដែន​នានា ដែល​ជនខិលខូច​តែង​ប្រព្រឹត្ត​នាពេល​កន្លងមក​។ តែ​ទោះជា​យ៉ាងណា​រហូតមក​ដល់ពេលនេះ​ច្រករបៀង​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​មួយចំនួន​នៅតែ​បន្ត​បើក​ដដែល ហើយ​ជាក់ស្តែង​ច្រករបៀង​ឡាំ​ប៉ឹ​កនៅ​ក្នុងស្រុក​អូររាំង ខេត្តមណ្ឌលគិរី បានអនុញ្ញាត​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​ខ្មែរ​ទៀតផង​។​

ប្រជា​សហគមន៍​នៅ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​បាន​អះអាងថា នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០១៥ មាន​ជនជាតិ​យួន​ជាច្រើន​នាក់ បាន​ចូលមក​ទឹកដី​ខ្មែរ​កាប់​ឈើ​ដោយ​ខុសច្បាប់​ក្នុងព្រៃ​សហគមន៍​ចំណុច​អូរ​ពុល ក្នុង​ដែន​ការពារ​សត្វព្រៃ​ភ្នំ​ណាំ​លៀ ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត ជាប់​ប៉ុស្តិ៍​របៀង​ឡាំ​ប៉ឹ​ក ក្នុងភូមិ​សាស្ត្រ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង​។ ចំពោះ​វត្តមាន​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​បាន​ដោយ​សេរី​នៅ​ទឹកដី​ខ្មែរ ត្រូវបាន​គេ​ដាក់​ការសង្ស័យ​ទៅលើ​មន្ត្រី​សមត្ថកិច្ច​ព្រំដែន ដែល​ឈរជើង​នៅ​ខ្សែបន្ទាត់​ព្រំដែន​តំបន់​ខាងលើ​ជា​អ្នក​ឃុបឃិត​ជាមួយ​ឈ្មួញ​យួន​។​

ចំពោះមុខ​បញ្ហា​នេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក​ឈិ​ត សុផល ដែល​គ្រប់គ្រង​តំបន់​ការពារ​សត្វព្រៃ​ភ្នំ​ណាំ​លៀ​បាន​និយាយថា ករណី​ប្រជា​សហគមន៍​ចោទប្រកាន់ថា​មាន​ជនជាតិ​យួន​ដែល​ចូលមក​កាប់​ឈើ​នៅ​តំបន់​ខាងលើ លោក​មិនទាន់​ទទួលដំណឹង​នៅឡើយ​ទេ​។ ទន្ទឹមនឹងនេះ​មេ​ប៉ុស្តិ៍​របៀង​ឡាំ​ប៉ឹ​ក លោក​ប្រាក់ ភារ​ម្យ និង​លោក ឡេង សុ​ភ័​ណ្ឌ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២១ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ​។​

​ប្រជា​សហគមន៍​នៅ​ស្រុក​អូររាំង និង​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​រិះគន់ថា​ករណី​ជនជាតិ​យួន​បន្ត​ចូល​កាប់​ឈើ​នៅ​លើដី​ខ្មែរ​នេះ​កើតឡើង​ស្រប​ពេលដែល​ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ដែល​ទើប​តែងតាំង​ថ្មី​លោក​វ​រះ​សេនីយ​ឯក ទូច ដា​ណា​រ៉ា ជា​ស្នងការរង​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ជំនួស​លោក​ឧ​ត្ត​ម​សេនីយ​ត្រី តូច យ៉ុ​ន ដែល​ឡើង​តំណែង​ជា​ស្នងការ​ខេត្តមណ្ឌលគិរី​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​រដ្ឋាភិបាល​បញ្ជា​ឲ្យ​មាន​ការដំឡើងឋានៈ​មន្ត្រី​ជា​បន្តបន្ទាប់ តែ​ប្រសិទ្ធភាព​ការងារ​គ្មាន​នោះទេ​គឺ​បទល្មើស​គ្រប់​ប្រភេទ​នៅតែ​បន្ត​កើនឡើង​ដដែល​៕

12239465_963810053692735_8343491009570141325_n