ជប៉ុន នឹង​បំពាក់អាវុធ​ប្រទេស​កំពុងអភិវឌ្ឍន៍ ពិសេស​បណ្តា​ប្រទេស​អាស៊ាន​

​ជប៉ុន​ចង់​នាំចេញ​អាវុធ​និង​សម្ភារ​យោធា​ដែល​កងទ័ព​ធ្លាប់ប្រើ​ប្រាស់​រួចហើយ យកទៅ​បំពាក់​ឲ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍​នានា ពិសេស​ប្រទេស​សមាជិក​អាស៊ាន​តែម្តង​។ នេះ​បើតាម​ព័ត៌មាន​ចុះផ្សាយ​ថ្ងៃទី​០១ ខែមករា​ម្សិលមិញ​នេះ របស់​សារព័ត៌មាន​Tokyo Shimbun​។​

​សារព័ត៌មាន Tokyo Shimbun បាន​លើកឡើងថា ក្រសួងការពារជាតិ​ជប៉ុន​បានចាប់ផ្តើម​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់ ទាក់ទង​នឹង​ការនាំចេញ​អាវុធ​និង​សម្ភារ​យោធា​ទៅ​ឲ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍ ដូចជា​ប្រទេស​អាស៊ាន​។ វិសោធនកម្ម​នេះ​នឹង​បញ្ជូនទៅ​ឲ្យ​សភា​ពិនិត្យ នៅ​ឆ្នាំ​២០១៧​។​

​ដោយឡែក  អាវុធ​ដែល​ជប៉ុន​ចង់​បញ្ជូនទៅ​ក្រៅប្រទេស​នេះ ជា​អាវុធ​ដែល​កងទ័ព​ជប៉ុន​ប្រើប្រាស់​មួយ​លើក​ហើយ មានដូចជា អាវ​ពាក់​ការពារ​គ្រាប់ រថក្រោះ រឺក៏​មួក​ជាដើម​។ ជប៉ុន​សង្ឃឹមថា ទង្វើ​នេះ​អាច​ពង្រឹង​ចំណង​ទំនាក់ទំនង​ជាមួយ​អាស៊ាន ហើយក៏​ផ្តល់​ផល​វិជ្ជមាន​ដល់​ផ្នែក​ការពារជាតិ​របស់​សមា​ជិ​ក​អាស៊ាន​ផងដែរ​។​

​រយៈពេល ចុងក្រោយ​នេះ ជប៉ុន​លេចមុខ​មាត់​គួរកត់សម្គាល់​ក្នុង​ទីផ្សារ​អាវុធ​។ គេ​នៅចាំ​ថា កាលពី​ឆ្នាំ​២០១៤ រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បាន​លុបចោល​នយោបាយ​ហាមឃាត់​ការនាំចេញ​អាវុធ​និង​បច្ចេកវិទ្យា​យោធា ជា​នយោបាយ​ចូល​ជា​ធរមាន​ក្នុងស្រុក ជិត​កន្លះ​សតវត្ស​មកហើយ​។ ក្រោយមកទៀត សារព័ត៌មាន​ផ្សេងៗ​បាន​ចុះផ្សាយ​នូវ​គម្រោង​សហគ្រាស​ជប៉ុន​ជាច្រើន ដែល​ចង់​ធ្វើ​ការងារ​អភិវឌ្ឍន៍​កម្មវិធី​កុំព្យូទ័រ និង​សម្ភារ​កប៉ាល់​យោធា​អាមេរិក​៕