សហគមន៍​ព្រៃឈើ​នៅ​ស្ទឹងត្រែង​ចាប់​ម៉ាស៊ីន​អារ​ឈើ​កម្មករ​របស់​ឈ្មួញ

សហគមន៍​ការពារ​ព្រៃឈើ​ចំនួន​ពីរ គឺ​សហគមន៍​ស្រែគរ និង​សហគមន៍​ក្បាលរមាស នៃ​ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង បាន​ចាប់​ម៉ាស៊ីន​អារ​ឈើ​ចំនួន ៧​គ្រឿង ពី​ក្រុម​កម្មករ​របស់​ឈ្មួញ​ដែល​បន្ត​កាប់​ព្រៃ​សហគមន៍។ អ្នក​ភូមិ​ថា កម្មករ​សម្រុក​កាប់​ព្រៃ​សហគមន៍​ស្រែគរ ដើម្បី​យក​ឈើ​លក់​ឲ្យ​ក្រុមហ៊ុន​សំអាត​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោម២។

ប្រជា​សហគមន៍​ឃុំ​ស្រែគរ អះអាង​ថា ម៉ាស៊ីន​អារ​ឈើ​ស្វ័យប្រវត្តិ​ចំនួន ៧​គ្រឿង ត្រូវ​បាន​អ្នក​ភូមិ​ប្រគល់​ជូន​អាជ្ញាធរ​មូលដ្ឋាន​អនុវត្ត​ច្បាប់ បន្ទាប់​ពី​ពលរដ្ឋ​ជាង ៣០​នាក់ បាន​ចុះ​ល្បាត​ព្រៃ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឃើញ​កម្មករ ២​ក្រុម កំពុង​អារ​រំលំ​ឈើ​មូល​នៅ​ព្រៃ​សហគមន៍​ស្រែគរ ឬ​ព្រៃ​អ្នកតា ដែល​ឋិត​នៅ​ក្រៅ​បរិវេណ​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោម២។

តំណាង​អ្នក​ភូមិ​ស្រែគរ លោក ពុធ ឃឿន រៀបរាប់​ថា អ្នក​ភូមិ​ស្រែគរ ជាង ៣០​នាក់ ជិះ​គោយន្ត​ល្បាត​ព្រៃ​សហគមន៍​ស្រែគរ ត្រៀម​បម្រុង​សមូហភាព​សហគមន៍ ប្រទះ​ឃើញ​កម្មករ​ជាង ១០​នាក់ ប្រដាប់​ដោយ​ម៉ាស៊ីន​អារ​ឈើ​ស្វ័យប្រវត្តិ ឬ​ត្រង់ស៊ីន័រ ៧​គ្រឿង ក្នុង​នោះ​មាន ១​គ្រឿង ជា​របស់​អ្នក​ភូមិ​ស្រែគរ និង ១​គ្រឿង​ទៀត​ជា​របស់​កម្មករ​ក្រុមហ៊ុន អាន ម៉ារ៉ាឌី។ លោក​ថា កម្មករ​ទាំង​នោះ បាន​លួច​ចូល​កាប់​ព្រៃ​សហគមន៍​ដើម្បី​លក់​ឲ្យ​ក្រុមហ៊ុន​សំអាង​ផ្ទៃ​អាង៖ «ប្រជាពលរដ្ឋ​មាន​ការ​រអ៊ូរទាំ​ច្រើន ដល់​ពេល​ចាប់​បាន​អ្នក​ភូមិ​ធ្វើ​កម្មករ​គេ»

​ចំណែក​សមាជិក​សហគមន៍​ឃុំ​ក្បាលរមាស លោក ដាំ សំណាង អះអាង​ថា ប្រជា​សហគមន៍​បាន​ចាប់​ត្រង់ស៊ីន័រ ចំនួន ២​គ្រឿង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ដែល​ចូល​ព្រៃ​កាប់​ឈើ​ត្រង់​ចំណុច​ភ្នំរឹង និង​មាន​កម្មករ ៣​នាក់ រត់​គេច​ពី​ក្រុម​ល្បាត​របស់​សហគមន៍​ដែល​មាន​គ្នា​ជាង ៤០​នាក់។

លោក​ថា ត្រង់ស៊ីន័រ​ទាំង​នោះ​សហគមន៍​បាន​ប្រគល់​ជូន​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ប្រគល់​ជូន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អនុវត្ត​តាម​ច្បាប់៖ «គេ​កាប់​រាប់​ខែ​តែ​ទៅ​មិន​ជួប តែ​គេ​កាប់​ថ្ងៃ​ហ្នឹង​ទៅ​ជួប​ដក​ហូត​បាន​សសរ​ពីរ​ដើម ហើយ​មាន​កាប់​ចោល​ដើម​ឈើ​ប្រហែល ១០​ដើម»

ដី​ព្រៃ​សហគមន៍​ឃុំ​ក្បាលរមាស ស្រុក​សេសាន លាត​សន្ធឹង​លើ​ផ្ទៃដី​ចំនួន​ជាង ១​ម៉ឺន​ហិកតារ ដែល​មាន​ព្រំប្រទល់​ពី​ភូមិ​ក្របីជ្រំ ឃុំ​ក្បាលរមាស ជាប់​មាត់​ទន្លេស្រែពក និង​ជាប់​អូរ​ផ្ដៅ។ ចំណែក​ព្រៃ​សហគមន៍​ស្រែគរ ឬ​ព្រៃ​អ្នកតា នៅ​សង​ខាង​ផ្លូវ​ចូល​ការដ្ឋាន​ក្រុមហ៊ុន​សម្អាត​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ មាន​ទំហំ​ជាង ២.៦០០​ហិកតារ ជា​តំបន់​ព្រៃ​ត្រៀម​បម្រុង​សម្រាប់​ការ​ប្រើប្រាស់​ជា​លក្ខណៈ​សមូហភាព​សហគមន៍ ដែល​មិន​ឋិត​ក្នុង​បរិវេណ​សម្អាត​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោម២។

​មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ និយាយ​ថា អ្នក​ភូមិ​ដាក់​វេន​ចុះ​ល្បាត​ព្រៃ​សហគមន៍​ជា​ប្រចាំ បន្ទាប់​ពី​ព្រៃ​សហគមន៍​ស្រែគរ រង​ការ​គំរាមកំហែង​ជា​ច្រើន​ឆ្នាំ​កន្លង​មក។ លោក​ថា មេ​ភូមិ​បាន​ហៅ​អ្នក​ពាក់ព័ន្ធ​មក​ធ្វើ​កិច្ចសន្យា និង​ប្រគល់​ម៉ាស៊ីន​អារ​ឈើ​ចំនួន ៧​គ្រឿង​អោយ​វិញ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​ធ្នូ៖ «ធ្វើ​កិច្ចសន្យា បើ​មាន​ថ្ងៃ​ក្រោយ​ទៀត​ប្រជាពលរដ្ឋ​នឹង​ដុត​កម្ទេច​ចោល»

​មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ នៃ​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​អនុវត្ត​ច្បាប់ បន្ទាប់​ពី​អ្នក​ភូមិ​ចាប់​ម៉ាស៊ីន​ត្រង់ស៊ីន័រ​បាន។ លោក​កត់សម្គាល់​ថា ការ​ឆ្លើយ​ឆ្លង​ព័ត៌មាន​ស្ដីពី​ការ​ចុះ​អន្តរាគមន៍​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សហគមន៍​ហាក់​យឺតយ៉ាវ បង្ក​ឲ្យ​បទល្មើស​ព្រៃឈើ​កើត​ឡើង​ដដែលៗ ខណៈ​សហគមន៍​ធ្លាប់​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​តែ​មិន​ទទួល​លទ្ធផល៖ «ពេល​ខ្លះ​សហគមន៍​រាយការណ៍​ទៅ​អាជ្ញាធរ​ជំនាញ​មិន​ឲ្យ​ចុះ​មក​ទៀត ដួច​ជា​មាន​ការ​បណ្ដែតបណ្ដោយ ឬ​មាន​ការ​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ»

​កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៥ អ្នក​ភូមិ​ស្រែគរ ជាង ១០០​គ្រួសារ នាំ​គ្នា​កាប់​ឆ្ការ​សហគមន៍​ស្រែគរ ឬ​ព្រៃ​អ្នកតា តាម​បណ្ដោយ​អម​សងខាង​ផ្លូវ​ចូល​ក្រុមហ៊ុន​សម្អាត​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ ដោយ​សំអាង​ថា ដី​នោះ​ជា​បរិវេណ​ដី​ព្រៃ​សមូហភាព​សហគមន៍ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន ដី​ព្រៃ​សមូហភាព​សហគមន៍​ដែល​អ្នក​ភូមិ​កាប់ឆ្ការ​អស់​ប្រហែល​ជិត ១០០​ហិកតារ ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។