គ.ជ.ប ជម្រុះ​បេក្ខជន​ ៣៨នាក់ ពីការឈរឈ្មោះ​ជា អគ្គលេខាធិការ និងអគ្គលេខា​ធិការរង​

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃ៣១ ធ្នូ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបង្កើតនីតិវិធី នឹងបង្កើតគណៈកម្មការ ត្រួតពិនិត្យពាក្យសុំឈរឈ្មោះ ជាបេក្ខជន ជាអគ្គលេខាធិការ និងអគ្គលេខាធិការរងនៃ គ.ជ.ប ហើយការប្រព្រឹត្តទៅនៃនីតិវិធីនេះ បានសម្រេចជុំរុះចោលនូវពាក្យរបស់បេក្ខជនចំនួន៣៨នាក់ ដែលមិនបានបំពេញលក្ខខណ្ឌត្រឹមត្រូវ។

យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងថា  ក្នុងចំណោមបេក្ខជនដែលសុំឈរឈ្មោះធ្វើជាអគ្គលេខាធិការ ចំនួន២៤រូប មានតែ១២រូបទេដែលបានបំពេញតាមលក្ខខណ្ឌបានត្រឹមត្រូវ  ចំណែក១២រូបទៀត ត្រូវជម្រុះចោល។  បេក្ខជនសុំឈរឈ្មោះជាអគ្គលេខាធិការរងនៃ គ.ជ.ប ចំនួន១០០រូប មានតែ៧៤រូបទេ ដែលបានបំពេញតាមលក្ខខណ្ឌបានត្រឹមត្រូវ ចំណែក២៦រូបទៀត ត្រូវជម្រុះចោល ព្រោះមិនបានបំពេញគ្រប់តាមលក្ខខណ្ឌ។
ទាក់ទងនឹងបញ្ហានេះដែរ សម្ព័ន្ធកំណែទម្រង់ ការបោះឆ្នោតហៅកាត់ថា ERA និងអង្គការសង្គមស៊ីវិលបានទទូចដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរង នៃ គ.ជ.ប ឲ្យមានតម្លាភាព។

យោងតាមលិខិត សម្ព័ន្ធកំណែទម្រង់ ការបោះឆ្នោត និងអង្គការសង្គមស៊ីវិល ដាក់ជូន គ.ជ.ប បានធ្វើការអបអរសាទរចំពោះ គ.ជ.ប ដែលបានប្រកាសជ្រើសរើស ជាសាធារណៈ ក្នុងការប្រកួតប្រជែងដាក់ពាក្យធ្វើជាអគ្គលេខាធិការ និងអគ្គលេខាធិការរងនៃ គ.ជ.ប ដែលមិនធ្លាប់មានទាល់តែសោះបន្ទាប់ពី គ.ជ.បថ្មីត្រូវបានបង្កើត។ ហើយនៅក្នុងលិខិតដាក់ជូន គ.ជ.ប ដដែលក៏បានបញ្ជាក់បន្ថែមដែរថា «សូមស្នើសុំដោយទទូច ចំពោះ គ.ជ.ប ត្រូវតែមានកម្មវិធីតម្លាភាព និងយុត្តិធម៌ទាក់ទង និងដំណើរការសម្រាំងយកបេក្ខជន បុរស និងស្រ្តីមកធ្វើសេចក្ដីសម្រេចចិត្ត ជ្រើសរើសនូវបេក្ខជនណាម្នាក់ សម្រាប់តំណែងជាអគ្គលេខាធិការ និងអគ្គលេខាធិការរង ដើម្បីអោយភាគីពាក់ព័ន្ធ និងសាធារណៈជនបានយល់ដឹង និងចូលរួមយោបល។សង្គមស៊ីវិលទាំងនោះ ជឿជាក់ថា គ.ជ.ប នឹងបើកចំហរាល់ព័ត៌មាន ដែលទាក់ទងនឹង ការសម្រាំង និងការសម្រេចចិត្ត ក្នុងការជ្រើសរើសបេក្ខជន សម្រាប់តំណែង ខាងលើនេះ។

សូមបញ្ជាក់ថា គ.ជ.ប បានចែកពាក្យ និងការទទួលពាក្យសុំឈរឈ្មោះ ជាបេក្ខជនមុខតំណែងអគ្គលេខា ធិការនិងអគ្គលេខាធិការរង ដែលចាប់តាំងពីថ្ងៃទី១៧ ធ្នូ ហើយបានបិទបញ្ចប់កាល ថ្ងៃទី២៦ធ្នូ ២០១៥កន្លងទៅ។ហើយបើតាមមន្ត្រីជាន់ខ្ពស់ គ.ជ.ប អះអាងថា នឹងប្រកាសលទ្ធផល នៅចន្លោះពីថ្ងៃទី១-១៥ ខែមករា ឆ្នាំ២០១៦នេះ៕

គ.ជ.ប ជម្រុះ​បេក្ខជន​ ៣៨នាក់ ពីការឈរឈ្មោះ​ជា អគ្គលេខាធិការ និងអគ្គលេខា​ធិការរង​