សមាគមសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ឋ​ នឹង​ប្រារព្ឋ​ខួប​២ឆ្នាំ​ នៃការ​វាយបំបែក​បាតុករ​ នៅផ្លូវ​វេងស្រេង​

ភ្នំពេញ៖ ប្រធានសមាគមឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា (IDEA)លោកវ៉ន ពៅ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅរសៀលថ្ងៃនេះថា លោក និងកម្មករជាង ១០០នាក់ ផ្សេងទៀត នឹងរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធកម្មករ ដែលបាត់បង់ជីវិត នៅក្នុងព្រឹត្តិការណ៍ កម្មករតវ៉ាទាមទារការដំឡើង ប្រាក់ឈ្នួលអប្បរមា ១៦០ដុល្លារ កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៤ នៅផ្លូវវេងស្រេង បណ្តាលឲ្យកម្មករ ០៥ស្លាប់ និងរបួសជាច្រើននាក់។ ពិធីនេះ នឹងប្រារព្ធឡើងនៅព្រឹកថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៦ ស្អែកនេះ។

ទោះបីជាយ៉ាងណាក៏ដោយ លោកវ៉ន ពៅ មិនបានសុំច្បាប់ទៅកាន់ សាលារាជធានីភ្នំពេញទេ ដោយអះអាងថា គ្រាន់តែធ្វើពិធីសូត្រមន្តរយៈពេលខ្លី ដើម្បីរំលឹកដល់អ្នក ដែលបាត់បង់ជីវិត និងរំលឹកការចង់ចាំនៃព្រឹត្តិការណ៍នោះ។ ក្រុមអ្នកចូលរូមទាំងអស់នឹងធ្វើពិធីនេះ នៅផ្លូវសួនឧស្សាហកម្ម កាណាឌីយ៉ា និងសួនឧស្សាហកម្មវឌ្ឍនៈ។

សូមជំរាបថា បន្ទាប់ពីមានព្រឹត្តិការណ៍ នៃការបង្រ្កាបពីកងទ័ពឆ័ត្រយោង៩១១ លោក វ៉ន ពៅ ប្រធានសមាគមនសេដ្ឋកិច្ច ក្រៅប្រព័ន្ធ រួមនឹងបក្ខពួកចំនួន ២០នាក់ទៀត ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅក្នុងពន្ធនាគារត្រពាំងថ្លុង ខេត្តកំពង់ចាម ក្រោមបទចោទប្រកាន់ថា បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ របស់អ្នកដទៃ មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តិក្នុងហេតុការណ៍ ប៉ះទង្គិចគ្នា កាលពីខែមករា ឆ្នាំ២០១៤៕

សមាគមសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ឋ​ នឹង​ប្រារព្ឋ​ខួប​២ឆ្នាំ​ នៃការ​វាយបំបែក​បាតុករ​ នៅផ្លូវ​វេងស្រេង​