បើក​ម៉ូតូ​គេច​ពី​រថយន្ត ទៅបុក​សត្វ​ឆ្កែ ដួល​រងរបួស​ធ្ងន់​ស្រាល​២​នាក់​

ពោធិ៍សាត់: មនុស្ស​២​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ដោយ​ជិះ​ម៉ូតូឌុប​គ្នាហើយ​គេច​ពី​រថយន្ត​ក៏​ជ្រុល​ទៅបុក​សត្វ​ឆ្កែ ពេញទំហឹង​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​រសៀល ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះបង្គោលគីឡូម៉ែត្រ​លេខ​១៥៧.១៥៨​ស្ថិតក្នុង​ភូមិ​ទទឹង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរខេត្តពោធិ៍សាត់​។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា អ្នករងរបួស​ធ្ងន់​ឈ្មោះ ឯម សុខ​នី ភេទ​ស្រី អាយុ២៣​ឆ្នាំ និង​អ្នករួមដំណើរ​ឈ្មោះ ឯម សុធា ភេទ​ស្រី អាយុ​១៥​ឆ្នាំ អ្នក​ទាំង​២​នាក់រស់​ភូមិ​ព្រៃខ្លា ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ពោធិ៍សាត់ ជា​បងប្អូន​បង្កើត​និង​គ្នា​។​

​មុនពេល​កើតហេតុ គឺ​ឃើញ​មាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់ស្លាក​លេខ​ពោធិ៍សាត់​1F-3044 ឌុប​គ្នា​២​នាក់​និង​បាន​បើក​គេច​ពី​រថយន្ត​មិន​ស្គាល់​ម៉ាក ១​គ្រឿង​ហើយ​បាន​ទៅបុក​សត្វ​ឆ្កែ ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​និងស្រាល​ទាំង​២​នាក់​។​

​ក្រោយពី​កើតហេតុ ភ្លាមៗ​ជនរងគ្រោះ​ត្រូវបាន​គេ​ជួយ​ដឹក​មក​សង្គ្រោះ​នៅមន្ទីរពេទ្យបង្អែក​ខេត្ត​ផងដែរ​។​ចំណែក​វត្ថុតាង​ម៉ូតូ​បានប្រគល់​ឲ្យ​សាច់ញាតិក្រុមគ្រួសារ ៕R