​មេឃុំ​ជ្រោយ​បន្ទាយ ក្នុងស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ រំលោភ​យក​ដីព្រៃ​របស់​រដ្ឋ​

ប្រជាពលរដ្ឋ​បាន​រិះគន់ថា​លោក​មេឃុំ​ជ្រោយ​បន្ទាយ ក្នុងស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ឈ្មោះ ប៉ិច ង​ន់​ស្រ៊ឺ​ន ដែល​ទើបតែ​ឡើង​ធ្វើជា​មេឃុំ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែ​ស្ទើរតែ​ក្លាយជា​ឧកញ៉ា​ទៅហើយ ដោយសារ​ដើរ​ហ៊ុមព័ទ្ធ​ទន្ទ្រាន​ប្រមូលយក​ដីព្រៃ​របស់​រដ្ឋ​ចុះបញ្ជី​ទុកជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​លោក​មេឃុំ​ឈ្មោះ ប៉ិច ង​ន់​ស្រ៊ឺ​ន មិនដែល​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ឬ​ធ្វើការ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ឲ្យ​មានការ​រីកចម្រើន​នោះឡើយ​។

ដី​ព្រៃឈើ​សំខាន់ៗ​ប្រហែល​២០​កន្លែង​ធំៗ នៅក្នុង​ឃុំ​ជ្រោយ​បន្ទាយ បាន​ក្លាយជា​កម្មសិទ្ធិឯកជន ឬ​ឈ្មួញ និង​បក្ខពួក​របស់លោក​មេឃុំ ប៉ិច ង​ន់​ស្រ៊ឺ​ន អស់​ទៅហើយ​។ ប្រជាពលរដ្ឋ​ឃុំ​ជ្រោយ​បន្ទាយ បាន​រៀបរាប់ថា នៅត្រង់ចំណុច​ត្រពាំង​ទ័ព តំបន់​ព្រៃ​គម្រប​ព្រៃ​ពណ៌​បៃតង​ដែល​លាតសន្ធឹង​ត​ភ្ជាប់​ទៅនឹង​តំបន់ ព្រៃ​ឡង់ ក៏ត្រូវ​បាន​លោក​មេឃុំ​រូបនេះ ដឹកនាំ​គ្រឿងចក្រ​មក​ឈូសឆាយ​ទន្ទ្រាន​ហ៊ុមព័ទ្ធ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន និង​បក្ខពួក​ផងដែរ​។

ចំពោះមុខ​បញ្ហា​ខាងលើនេះ​លោក ប៉ុក វណ្ណា ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បានបញ្ជាក់​ថា​នៅ​ទីតាំង​ឃុំ​ជ្រោយ​បន្ទាយ​មិន​ច្បាស់​ទេ តែ​លោក​មេឃុំ​បាន​យក​៩​ក្បាលដី​មក​ទុក​ឲ្យ​មើល ហើយ​លោក​បាន​រាយការណ៍​ទៅ​ថ្នាក់លើ ដូច្នេះ​ថ្នាក់លើ​សម្រេច​យ៉ាងណា​មិនទាន់​ដឹង​ទេ​។ ចំណែក ប្រធាន​សុរិយោដី​ខេត្តក្រចេះ លោក ចាន់ គង់ បាន​បញ្ជាក់ដែរថា បញ្ហា​ខាងលើ​អាចជា​ពួក​ត្រីងៀត​ឆ្លៀត​ពង ហើយ​លោក​នឹង​ត្រួតពិនិត្យ​ករណីនេះ តែ​ពេលនេះ​លោក​កំពុង​នៅ​ឆ្ងាយ​។​

​ករណី​មេឃុំ​ជ្រោយ​បន្ទាយ ក្នុងស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ រំលោភ​យក​ដីព្រៃ​របស់​រដ្ឋ ប្រជាពលរដ្ឋ​បាន​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​មាន​វិធានការ​ទប់ស្កាត់​ផង បើ​មិន​អីចឹង​ទេ​មិនយូរប៉ុន្មាន​ដីព្រៃ​ទាំងនេះ​នឹង​រលាយ​ហិនហោច​ជាក់​ជាមិនខាន​ឡើយ​។ ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា តាំងពី​ឡើងកាន់​មុខតំណែង​មក​លោក​មេឃុំ​ជ្រោយ​បន្ទាយ ក្នុងស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ឈ្មោះ ប៉ិច ង​ន់​ស្រ៊ឺ​ន គិតតែ​ពី​ដើរ​ប្រមូល​ដីព្រៃ​របស់​រដ្ឋ​ទុក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ហើយ​មិនដែល​ធ្វើការ​អភិវឌ្ឍ និង​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ឡើយ​៕

5738