ល្បី​បារមី​យក្ស វេស្សវ័ណ នៅ​វត្ត បទុម​វ័ន​

គ្រប់​វត្ត​អារាម​នីមួយៗ​គេ​តែងតែ មានជំនឿថា​មាន​បារមី​គ្រប់គ្រង​ថែរក្សា ជាក់ស្តែង​ដូចជា​វត្ត បទុម​វ័ន ដែល​អ្នកស្រុក​នៅ​ទីនោះ​មានជំនឿថា​មាន​បារមី យក្ស វេស្សវ័ណ គ្រប់គ្រង​ថែរក្សា​ពូក ស័ក្តិសិទ្ធិ ។ រាល់ថ្ងៃនេះមាន​អ្នក​ទៅ​បន់ស្រន់​ជា​ហូរហែ​មិនដែល​ដាច់​ដោយសារ​តែមាន​ជំនឿ​លើ​បារមី​នេះហើយ ទើប​ធ្វើឱ្យ ទី​អារាម​វត្ត​នេះ​មានការ​រីកចម្រើន ។ វត្ត បទុម​វ័ន ស្ថិតនៅក្នុង​ឃុំ​ក្រាំងក្រូច​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ តាម​បណ្តោយ និង ខាងលិច​ផ្លូវជាតិ​លេខ ៣ ខាងត្បូង​ផ្សារ​ត្រាំខ្នារ​ប្រមាណ​ជា​បី​គីឡូម៉ែត្រ ។

ល្បី​បារមី​យក្ស វេស្សវ័ណ នៅ​វត្ត បទុម​វ័ន​

ទិដ្ឋភាព​ក្នុង វត្ត​ស្រស់បំព្រង ដោយ​នៅក្នុង​ទីធ្លា​វត្តមាន​សួនច្បារ និង សមិទ្ធផល​រីក​ព្រោងព្រាត ក្រៅពី​កុដិ សាលា​ភត្ត ព្រះវិហារ នៅមាន​រូបសំណាក​ផ្សេងៗ​ទៀត ពិសេស​រូបសំណាក​ព្រះបាទ ជយ​វរ្ម័នទី ៧ រូប​សម្តេចព្រះសង្ឃរាជ ជួន ណាត និង រូប​កវី ក្រម​ង៉ុ​យ ក្នុងនោះ​រូប​យក្ស វេស្សវ័ណ ត្រូវបាន​គេ​ចាប់អារម្មណ៍​ជាងគេ ព្រោះ វេស្សវ័ណ ជា​បារមី​ធំ​ប្រចាំ​វត្ត​តាំងពី​ជំនាន់​កកើត​វត្ត​ដំបូង​មកម្ល៉េះ ។ ក្រៅពី​រូបសំណាក​ដែល​ធ្វើ​ពី​ស៊ីម៉ងត៍​នៅមាន​រូបគំនូរ​ថែមទៀត ដែលមាន​ចារ​ជា​ភាសាបាលី​ថា វេស្ស​វ​ណោ មហា​រាជា ស​ព្វេ​យ​ក្ខា បលាយ​ន្តិ នៅលើ​ជញ្ជាំង​ផងដែរ ។

ល្បី​បារមី​យក្ស វេស្សវ័ណ នៅ​វត្ត បទុម​វ័ន​

បើតាម​ប្រសាសន៍​លោកយាយ អ៊ុច អ្នកបម្រើ​ព្រះសង្ឃ​នៅក្នុង​វត្ត បទុម​វ័ន បានឱ្យដឹងថា វេស្សវ័ណ ជា​ព្រះនាម​ស្តេច​លោកបាល​មហារាជ​មួយអង្គ ជា​អ្នកគ្រប់គ្រង​រក្សា​ទិសឧត្តរ​ជា​ធិបតី​លើ​យក្ស ដែលមាន​នាម​ដើម​ហៅ កុ​វេ​រៈ ដោយហេតុតែ​ទ្រង់​គង់នៅ​ក្នុង​រាជធានី ឈ្មោះ វិ​សា​ណា ទើប​មាន​ព្រះនាម​ថា វេស្សវ័ណ ។ ព្រះអង្គ​មាន​នាម​មួយ​ទៀតថា ព្រះ​ពៃស្រពណ៍ ជា​ទេវតា​រក្សា​ស្រែចម្ការ​ផលដំណាំ​កសិកម្ម​ផ្សេងៗ ដែល​ពួកកសិករ​តែងតែ​គោរពបូជា​តរៀងមក ។ ព្រះអង្គ​មាន​បុត្រា ចំនួន ៩១ អង្គ មានឈ្មោះ ឥន្ទ ដូចគ្នា​ទាំងអស់ ហើយ​មាន​សេនា​ស៊ើបការណ៍​ចំនួន ១២ នាក់ ។ រូបសំណាក វេស្សវ័ណ ទ្រង់​ឈរ​កន្ធែក​ព្រះបាទ មាន​ដៃ​បួន ដៃ​ពីរ​ដាក់​លើ​ជង្គង់​ដោយមាន​ដៃ​ម្ខាង​កាន់ដំបង និង ដៃ ម្ខាង​ទៀត​កាន់​ខ្យងស័ង្ខ ។

ល្បី​បារមី​យក្ស វេស្សវ័ណ នៅ​វត្ត បទុម​វ័ន​ល្បី​បារមី​យក្ស វេស្សវ័ណ នៅ​វត្ត បទុម​វ័ន​

ចំណែក​ដៃ​ពីរ​ផ្សេងទៀត​លើកឡើង​លើ ហើយ​ដៃ​ម្ខាង​ទ្រ​កងចក្រ និង ម្ខាង​ទៀត​ទ្រ​គម្ពីរ​ស្លឹករឹត ។ រូប​កាយ​វិញ​ទ្រង់គ្រឿង ព្រះ​កេស​ពាក់​មកុដ មុខមាត់​អាក្រក់ ភ្នែក​ធំៗ​បញ្ចេញ​ធ្មេញ​ចេញ​ចង្កូម​ពីរ​សងខាង​គួរឱ្យខ្លាច ។ ចំណែក​រូបគំនូរ​ព្រះអង្គ​ក៏ត្រូវ​បាន​គេ​គូរ​ដែរ​មាន​ដៃ ៨ ដៃ​នីមួយៗ​កាន់​គប់​ភ្លើង កងចក្រ ព្រះខ័ន លំពែង ពូថៅ និង ព្រួញ ។ លោកយាយ អ៊ុច បាន​បន្តទៀតថា វេស្សវ័ណ នេះ​គេ​មាន​ជំនឿ ខ្លាំងណាស់​ហើយ​ស័ក្តិសិទ្ធិ​ទៀត បន់​អ្វី​បាន​ហ្នឹង មិនដែល​ខុស​បំណង​ឡើយ ដូចជា​បន់​ឱ្យ​រកស៊ី​ឆាប់​មានបាន ឡើង​យសស័ក្តិ មុខតំណែង ការងារ​ថ្មី និង ឆាប់​បាន​ចេញទៅ​ក្រៅប្រទេស ជាដើម ។

ល្បី​បារមី​យក្ស វេស្សវ័ណ នៅ​វត្ត បទុម​វ័ន​

បើ​គេ​បន់​បានសម្រេច​ហើយ ខ្លះ​លាបំណន់​មាន​ស៊ីម៉ងត៍ ១ តោន ឬ ៥ តោន បច្ច័យ រាប់រយ​ដុល្លារ​ក៏មាន ទើប​ធ្វើឱ្យ​វត្ត បទុម​វ័ន មានការ​រីកចម្រើន​បែបនេះ ។ មូល​ហេតុដែល​នាំឱ្យមាន​ការរីកចម្រើន​លឿន​បែបនេះ​មួយ ផ្នែក​ក៏ដោយ​សារ​បារមី វេស្សវ័ណ ជួយ​ទាក់ទាញ​អ្នក​តូចធំ​ក្នុង និង ក្រៅប្រទេស​ឱ្យចូល​មក​ធ្វើ​បុណ្យទាន និង ជួយ​កសាង​ផងដែរ ។ លោកយាយ សុំ ឆាន អ្នក​មក​សមាទានសីល​នៅក្នុង​វត្ត​នេះ មានប្រសាសន៍​ឱ្យដឹងថា ជា​រៀងរាល់ថ្ងៃ​ពេញបូណ៌មី ខែ​ដាច់ និង ថ្ងៃ​ប្រាំបី លោក​អាចារ្យ​តែងតែ​រៀប​តង្វាយ​ថ្វាយ វេស្សវ័ណ មាន​បាយ ទឹក នំចំណី ម្ហូបអាហារ បង្អែម​មិនដែល​ខាន​ឡើយ ។ បើសិនជា​ខានមិនបាន​រៀប​តង្វាយ​ថ្វាយ​ច្បាស់​ជា​កើតមាន​រឿងហេតុ​អាក្រក់​ក្នុង​វត្ត​មិន​ខាន ។

ល្បី​បារមី​យក្ស វេស្សវ័ណ នៅ​វត្ត បទុម​វ័ន​

លោក យាយ សុំ ឆាន ឱ្យដឹងទៀតថា បាលី​ថា វេស្ស​វ​ណោ មហា​រាជា ស​ព្វេ​យ​ក្ខា បលាយ​ន្តិ មួយ​ឃ្លា​នេះ គ្រូហ្ម​តែងតែ​យកទៅ​សូត្រ​ស្រោច​ទឹក​អ្នកជំងឺ​ដែល​ខ្មោច​ព្រាយ​បិសាច​ធ្វើបាន​យ៉ាង​ពូកែ​ស័ក្តិសិទ្ធិ​ណាស់ ។ លោក នឹម ពុធ អ្នកបម្រើ​ព្រះសង្ឃ​ក្នុង​វត្ត បទុម​វ័ន មាន ប្រសាសន៍​ឱ្យដឹងថា បារមី វេស្សវ័ណ មាននៅ​ក្នុង​វត្ត​នេះ​តាំងពី ជំនាន់​ដើម​មកម្ល៉េះ ពិសេស​ធ្វើឱ្យ​ពួក​ខ្មោច​ព្រាយ​បិសាច​កោតខ្លាច​មិន​ហ៊ាន​នៅក្បែរ ព្រោះតែ​ព្រះ​អង្គជា​អ្នកគ្រប់គ្រង​នៅទីនេះ ។ ក្រៅពី​សុំ​សេចក្តីសុខ​ចម្រើន លាភ​ជ័យ និង រកស៊ី​មានបាន វេស្សវ័ណ តែងតែ​ជួយ​ព្យាបាល​អ្នកជំងឺ​ផងដែរ​តាមផ្លូវ​ងងឹត​នៅពេល​មក​បន់ស្រន់ ។ កន្លងមក​ធ្លាប់មាន​អ្នក​សមប្រកប​ដូច​ក្តី​ប្រាថ្នា​ពិតប្រាកដ​មែនហើយ ទើប​រាល់ថ្ងៃនេះ​គេ​តែងតែ​ឃើញ​មាន​អ្នក​មក​បន់ស្រន់​ជា​ហូរហែ​ទាំង​អ្នក​ជិត​ទាំង​អ្នក​មកពី​ឆ្ងាយ ។

ល្បី​បារមី​យក្ស វេស្សវ័ណ នៅ​វត្ត បទុម​វ័ន​

នាង យិន រ៉​ន ជា​អ្នកភូមិ​នៅ​ជិត​នោះដែរ​បានឱ្យដឹងថា កាលពីមុន​នាង​មាន​ជំងឺ​ចេះតែ​អស់កម្លាំង ថប់ដង្ហើម បាយ​មិនសូវ​បាន​សម្រាន្ត​មិនសូវ​លក់ លេបថ្នាំ​ពេទ្យ​ក៏​មិនត្រូវ តែ​ឥឡូវ​បានជា​សះស្បើយ​ហើយ ដោយសារ​មក​បន់ស្រន់​សុំឱ្យ​ព្រះអង្គ​ជួយ​តាមផ្លូវ​ងងឹត ហើយ​ថ្វាយ​ចេក​មួយ​ស្និត និង ប្រាក់ ៥.០០០ រៀល ដើម្បី​ជាការ​តបស្នង​សងគុណ​ព្រះសង្ឃ ។ បើតាម​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​បាន​និយាយថា ពីមុន​វត្ត បទុម វ័ន កម្សត់​ខ្លាំងណាស់ គ្មាន​អ្នកធំ​ចូលមក​ជួយ​កសាង​ទេ តែ​ក្រោយមក​បន្ទាប់ពី​កសាង​រូប វេស្សវ័ណ ពី​ស៊ីម៉ងត៍ និង គូររូប​ទុក​គោរពបូជា​រួចមក ស្រាប់តែ​ធ្វើ​ឱ្យគេ​ស្គាល់​វត្ត​នេះ​ច្រើន ហើយ​មានការ​រីកចម្រើន លឿន​បែបនេះ ៕ កែវ សិលា​

ល្បី​បារមី​យក្ស វេស្សវ័ណ នៅ​វត្ត បទុម​វ័ន​