កត្តា​៤​ដែល​ធ្វើឱ្យ​កូន​មិន​ព្រម​បរិភោគ​អាហារ​

កត្តា​៤​ដែល​ធ្វើឱ្យ​កូន​មិន​ព្រម​បរិភោគ​អាហារ​

​នៅពេល​ដែល​ដល់​ម៉ោង​បាយ ម្តាយ​គ្រប់រូប​សុទ្ធតែ​គ្មាន​ចិត្ត​អំណត់ មាន​សម្ពាធ​ខ្លាំង​ជានិច្ច ថែមទាំង​មិន​អាច​ទប់​កំហឹង​បានឡើយ ព្រោះ​ទោះបីជា​អ្នក​ម្តាយ​ខិតខំ​ធ្វើ​ម្ហូប​ឆ្ងាញ់​យ៉ាងណាក៏ដោយ ស្អាត​យ៉ាងណា​ក៏​កូន​មិន​ព្រម​បរិភោគ​ដែរ​។ តើ​ទាំងអស់នេះ​មក​ពី​កត្តា​អ្វី​ខ្លះ​ទៅ​?

ការ​ម៉ត់ចត់​ពេក​
នៅពេល​ដែល​ដល់​ម៉ោង​បរិភោគ​បាយ​ម្តងៗ អ្នក​ម្តាយ​គ្រប់រូប​តែងតែ​បញ្ចុក​កូន ប្រាប់​កូន​ឱ្យ​អង្គុយ​ឱ្យ​ស្ងៀម ហើយ​មិន​ឱ្យ​កូន​បរិភោគ​តែឯង​ឡើយ ព្រោះ​ខ្លាច​កូន​បរិភោគ​មិន​ឆ្អែត ថែម​ទាំង​ខ្លាច​កូន​ប្រើ​ដៃ ដោយ​មិន​ប្រើ​ស្លាបព្រា ទាំងនេះ​សុទ្ធតែ​ធ្វើ​ឱ្យ​កូន​មិន​ព្រម​បរិភោគ​បាយ ព្រោះ​អ្នក​ទុក​វា​ជា​រឿង​ដែល​ម៉ត់ចត់​ពេក ផ្ទុយទៅវិញ អ្នក​អាច​ឱ្យ​កូន​រៀន​បរិភោគ​ដោយ​ខ្លួនឯង មិន​ខ្វះ​ថា​គេ​ប្រើ​វិធី​ណា​ទេ អ្នក​មិន​ត្រូវ​ឃាត់​ឡើយ ហើយ​នៅពេល​ដែល​គេ​ចូលចិត្ត​បរិភោគ​បាយ​រួច អ្នក​អាច​បង្រៀន​គេ​ពី​អនាម័យ​ក្រោយ​បាន​។​

ការខ្លាច​កូន​ឃ្លាន តែងតែ​ហៅ​គេ​ឱ្យ​បរិភោគ​បាយ​
នៅពេល​ដែល​អ្នក​តែងតែ​ខ្លាច​កូន​ឃ្លាន ហើយ​បង្ខំ​ឱ្យ​កូន​បរិភោគ​អាហារ​ផ្សេងៗ​គ្រប់ពេល​គ្រប់​វេលា នោះ​កូន​នឹង​កាន់តែ​ស្អប់​បាយ ហើយ​មិន​ព្រម​បរិភោគ​ឡើយ ព្រោះ​អ្នក​ឱ្យ​អាហារ​ផ្សេងៗ​ដល់​គេ​ច្រើនពេក នោះ​ដល់​ពេលបាយ គេ​នឹង​មិន​ព្រម​បរិភោគ​ឡើយ​។​

ការតាមដាន​កូន​ខ្លាំងពេក​
នៅពេល​ដែល​កូន​បរិភោគ​បាយ ហើយ​អ្នក​អង្គុយ​នៅ​មួយ​ចំ​ហៀន​មើល​កូន​ជា​និច្ច ហើយ​បែរជា​មិន​ចែករំលែក​ដោយ​ពិសារ​ជា​មួយ​កូន នោះ​កូន​នឹង​មិន​បរិភោគ​ឡើយ ព្រោះ​អ្នក​មើល​គេ​ខ្លាំង​ពេក ដូចនេះ​អ្នក​អាច​សាកល្បង​ពិសារ​ជា​មួយ​គេ ឬ​អ្នក​អាច​ទៅ​ធ្វើ​អី​ផ្សេង ទុក​ឱ្យ​កូន​បរិភោគ​ម្នាក់ឯង ហើយ​បើ​អ្នក​មិន​ទុកចិត្ត អ្នក​អាច​លួច​មើល​បាន ដោយ​មិន​ត្រូវ​ឱ្យ​គេ​ដឹង​ឡើយ​។​

ប្រើការ​កុហក​មក​បោក​ឱ្យ​កូន​បរិភោគ​
អ្នក​មិន​ត្រូវ​កុហក​កូន​ឱ្យ​បរិភោគ​បាយ និង​បន្លែ​ផ្សេងៗ​ឡើយ ព្រោះ​យូរ​ទៅ​កូន​នឹង​ដឹង​ពី​ល្បិច​របស់​អ្នក ហើយ​មិន​ព្រម​បរិភោគ​ឡើយ ដូចនេះ​អ្នក​អាច​អាន​សៀវភៅ​ដែល​ទាក់ទង​នឹង​អត្ថប្រយោជន៍​នៃ​បន្លែ​ទាំងនេះ​ឱ្យ​កូន​ស្តាប់ នោះ​កូន​នឹង​ព្រម​បរិភោគ​ហើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។