អភិបាល​រាជធានី​កោតសរសើរ​កម្លាំង​សមត្ថកិច្ច​, អាជ្ញាធរ​ដែនដី និង​មន្ទីរ​ជំនាញ​ដែល​រួមចំណែក​អភិវឌ្ឍ​ទីក្រុង

រាជធានី​ភ្នំពេញ ៖ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​សមត្ថកិច្ច​គ្រប់​ជំនាញ អាជ្ញាធរ​ដែនដី មន្ទីរ​ជំនាញ ក៏​ដូច​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល ដែល​បាន​ខិតខំ​បញ្ចេញស្នាដៃ រួមចំណែក​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​បុព្វហេតុ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ ដែល​បាន​ធ្វើ​ឱ្យ​ជីវភាព​សង្គម ទាំង​សេដ្ឋកិច្ច​នយោបាយ វប្បធម៌ ទេសចរណ៍ និង​ការ​វិនិយោគ​ដំណើរការ​ទៅ​មុខគួរ​ឱ្យ​កត់សំគាល់ តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ។

ថ្លែង​ទៅ​កាន់​ពិធី​ជួបជុំ​ពិសារ​អាហារ​សាមគ្គី ដើម្បី​អបអរសាទរ​ការ​ឡើង​អាគារ​រដ្ឋបាល និង​ចំណតរថយន្ត​ក្រោម​ដី​៣​ជាន់​ថ្មី ក្នុង​បរិវេណ​សាលា​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​១ មក​រា ២០១៦ និង​ដើម្បី​ចូលរួម​អបអរសាទរ​ឆ្នាំ​ថ្មី​ឆ្នាំ​សាកល​ផង​នោះ លោកប៉ា
សុ​ជាតិ​វង្ស​បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​១​ឆ្នាំ មន្ត្រីរាជការ កងកំលាំង​មាន​សមត្ថកិច្ច អាជ្ញាធរ​ដែនដី​គ្រប់​ខណ្ឌ​ទាំង​១២ និង​មន្ទី​ជំនាញ សុទ្ធតែ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា មិន​ខ្លាច​នឿយហត់ និង​ចំណាយ​ពេលវេលា​យ៉ាងច្រើន​ដើម្បី  ការ​អភិវឌ្ឍន៍ និង​រក្សា​សន្តិសុខ​សុវត្ថិភាព ស្ថិរភាព​សង្គម​ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​ការ​ប៉ងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​។