កម្មករ​សហគមន៍​រ៉ែ​មាស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​កាប់ស្ទើរសុស​ក្បាល​

​ដោយ​៖​សំណាង​

​ខេត្តមណ្ឌលគិរី​៖​កម្មករ​ម្នាក់​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូន​បន្តម​កម​ន្ទីរ​ពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី​នៅ​ព្រឹក​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦​នេះ​ពាក់ព័ន្ធ​ករណី​បង្ក​របួសស្នាម ខណៈដែល​ក្រុមគ្រូពេទ្យ​អះអាងថា ពិបាក​នឹង​សង្ឃឹម​ណាស់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ឃុំ ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​បើតាម​គ្រូពេទ្យ​បានអោយដឹងថា ជនរងគ្រោះ​អាច​នឹងត្រូវ​នឹង​វត្ថុ​រឹង​បណ្តាលអោយ​ផ្នែក​ក្បាល​រងរបួស​ជាច្រើន​កន្លែង កំពុង​រៀបចំ​បញ្ជូនបន្ត​ទៅ​ព្យាបាល​នៅ​ភ្នំពេញ​។ ដោយហេតុ​ការណ៍​កាប់​ចាក់​គ្នា​នេះ​គ្មាន​សមត្ថកិច្ច​នៅ​កន្លែង​ណា​ម្នាក់​អះអាងថា កើតឡើង​នៅ​ម៉ោង​ប៉ុន្មាន​ឡើយ និង​បង្កឡើង​ដោយ​មូ​ហេតុអ្វី​នោះឡើយ​។ លោក ឡេវ វិបុល នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចុង​ផ្លាស់​ស្រុក​កែវ​សីមា​មកដល់​ព្រឹក​នេះ​ពុំទាន់​ដឹងថា បង្កឡើង​ដោយសារ​មូលហេតុ​អ្វី​ឡើយ​។

​គួរ​បញ្ជាក់ថា គ្មាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ណា​ម្នា​ក់នៅ​ទីនោះ​ថា អ្នករងគ្រោះ​ជា​អ្នកណា​នោះឡើយ ប៉ុន្តែ​មាន​ប្រភព​ជា​ផ្លូវការ​បាន​អះអាង​អ្នករងគ្រោះ​នោះ​គឺជា​កម្មករ​របស់​ប្រធាន​សហគមន៍​។​

​លោក អ៊ុន ឈាន​លឹម ប្រធាន​សហគមន៍​រ៉ែ​មាស និង​ជា​ម្ចាស់​រណ្តៅ​ផង​នោះ​លោក​បាន​បញ្ជាក់ប្រាប់​អ្នកយកព័ត៌មាន​យើង​នៅ​ព្រលឹម​ថ្ងៃនេះ​ថា អ្នករងរបួស​នេះ​គឺជា​កម្មករ​របស់គាត់​។ អត្តសញ្ញាណ​របស់​អ្នករងគ្រោះ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ឱ្យដឹងថា ឈ្មោះ ឈិន សុខ​នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ជនជាតិខ្មែរ​បច្ចុប្បន្ន​រស់នៅ​ឃុំ​ចុង​ផ្លាស់​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​ហើយ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ក្រុមគ្រូពេទ្យ​បាននិងកំពុង​រៀបចំ​ប​ញ្ជូ​ន​អ្នករបួស​ទៅ​ព្យាបាល​នៅ​ភ្នំពេញ​៕

កម្មករ​សហគមន៍​រ៉ែ​មាស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​កាប់ស្ទើរសុស​ក្បាល​