ទារក​កើត​បាន ១ អាទិត្យ​

ទារក​កើត​បាន ១ អាទិត្យ​

​ការលូតលាស់​របស់​គេ​
​ការមើលឃើញ​របស់​កូន​អ្នក គឺ​ព្រឹលៗ​។ ទារក​ដែល​ទើប​នឹង​កើត​បែបនេះ អាច​មើលឃើញ​ចម្ងាយ​ត្រឹមតែ​ពី ២០ ទៅ ៤០ សង់ទីម៉ែត្រ​ប៉ុណ្ណោះ ដូច្នេះ គេ​អាច​មើល​ឃើញ​របស់​អ្នក ដរាបណា អ្នក​លើក​យក​គេ​មកបី​ប៉ុណ្ណោះ​។​

​កុំ​ព្រួយ​អី ប្រសិន​បើ​កូន​មើល​មិន​ឃើញ​អ្នក ពីព្រោះ​ឆាប់ៗ​នេះ គេ​នឹង​អាច​ហើយ​។ តាម​ការសិក្សា​បានបង្ហាញ​ថា ទារក​ភាគច្រើន ចូលចិត្ត​សម្លឹងមើល​ភ្នែក ច្រើន​ជាង​កន្លែង​ផ្សេង​ទៀត​នៃ​រាងកាយ​របស់​អ្នក ពីព្រោះថា គេ​នឹង​ចាប់ផ្តើម​សម្គាល់​រូបរាង​របស់​អ្នក ជា​បណ្តើរៗ ហើយ​របស់របរ​ដែល​មាន​ពន្លឺ​ខ្លាំង ខ្មៅៗ ឬ​មាន​ចលនា គឺ​តាម​ក្រោយ​ទៀត​។​

​ជីវិត​របស់​អ្នក ៖ ការបំ​បៅដោះ​
​ពេល​ទារ​កកើត​ភ្លាម អ្នក​អាច​មាន​ទឹកដោះ​ដំបូង​ឲ្យគេ​បៅ ប៉ុន្តែ បន្ទាប់ពីនោះ អ្នក​ប្រហែលជា​គ្មាន​ទឹកដោះ​ទៀត​ទេ រហូត​ដល់​ពីរ ឬ​ប្រាំ​ថ្ងៃ បន្ទាប់​ពី​កូន​របស់​អ្នក​កើត នោះ​ទឹកដោះ នឹង​ចេញ​មក​ដោយ​ខ្លួនឯង ដែល​ជា​ហេតុ​ធ្វើឲ្យ​អ្នក មាន​ការឈឺចាប់​ក្នុងពេល​ដំបូង ទោះបីជា​យ៉ាងណា យូរៗ​ទៅ វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​។ ដូច្នេះ សូម​អ្នក​កុំ​មាន​ការព្រួយបារម្ភ ឬ​ខ្លាចរអារ​ក្នុង​ការ​ឲ្យ​កូន​បៅ​អី ពីព្រោះ​ទឹកដោះ​ម្តាយ ជា​ចំណី​អាហារ​ដែល​ល្អ​បំផុត សម្រាប់​ការលូតលាស់​របស់​កុមារ​។​

​សុដន់​របស់​អ្នក​ប្រហែល​ជា​ឡើង​ធំ តឹង ក្តៅ ឬ​មាន​ការឈឺចាប់ ... ទោះបីជា​យ៉ាងនេះក្តី អ្នក​ត្រូវ​ព្យាយាម​ឲ្យ​កូនបៅ​ទៀត ពីព្រោះ​វា​ជា​រឿង​ធម្មតា របស់​ស្ត្រី​ដែល​ទើបនឹង​សម្រាលកូន​រួច​។​

​ការ​ក្នុងករណី​មួយចំនួន ការ​ហើម កម្តៅ និង​ការឈឺចាប់ ចេះតែ​កើន​ឡើង ហើយ​គ្មាន​ទឹក​ដោះ​ចេញ​នោះ​ទេ ដែល​វា​អាច​បណ្តាលមកពី​ការស្ទះ​ទឹកដោះ​។ ដូច្នេះ ដើម្បី​បំបាត់​ការ​ហើម និង​ការឈឺចាប់ អ្នក​គួរតែ ៖
•​    ​ងូតទឹក​ក្តៅ​អ៊ុនៗ​
•​    ​ជូត លាង​ក្បាល​សុដន់ ដោយ​ដោយ​ក្រណាត់​ស្អាត​ក្តៅ​អ៊ុនៗ ដើម្បី​ធ្វើឲ្យ​ចុងដោះ​រីក​ធំ និង​ងាយ​បញ្ចេញ​ទឹកដោះ​
•​    ​ពាក់​អាវទ្រនាប់ ដើម្បី​ទ្រ​សុដន់​ដែល​រីក​ធំ​នោះ​
•​    ​ព្យាយាម​បំបៅ​ដោះកូន ឲ្យបាន​ញឹកញាប់ (​ពីរ​ទៅ​បី​ម៉ោង​ម្តង​)
•​    ​កុំ​បញ្ឈប់​ការបំ​បៅដោះ ព្រោះ​ខ្លាច​ការឈឺចាប់​ឲ្យសោះ​
•​    ​ទទួលទាន​ទឹក​ឲ្យបាន​ច្រើន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។