កុមារី​វ័យ​២​ឆ្នាំ​បាត់​បង់​ជីវិត​ដោយ​សារ​តែ​ ថ្ម​មួយ​គ្រាប់

កុមារី​វ័យ​២​ឆ្នាំ​បាត់​បង់​ជីវិត​ដោយ​សារ​តែ​ ថ្ម​មួយ​គ្រាប់

កុមារី​​វ័យ​២​ឆ្នាំ​​ឈ្មោះ​ Brianna Florer ​ដែល​រស់​នៅ​ក្នុង​រដ្ឋ​ Oklahoma ​​នៃ​សហរដ្ឋអាមេរិក​បាន​បាត់​បង់​ជីវិត​ ដោយ​សារ​តែ​ថ្ម​មាន​ទំហំ​តូច​ជាង​កាក់​ មួយ​គ្រាប់។

 

កុមារី​វ័យ​២​ឆ្នាំ​បាត់​បង់​ជីវិត​ដោយ​សារ​តែ​ ថ្ម​មួយ​គ្រាប់

 

លោក​តា​របស់​កុមារី​រូប​នេះ​បាន​ប្រាប់​​កាសែត​ The Oklahoma ថា​ចៅ​ស្រី​របស់​គាត់​មាន​អារម្មណ៍​មិន​ស្រួល​​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​មុន​ពេល​ដែល​បាត់​បង់​ជីវិត​ ហើយ​នាង​ថែម​ទាំង​​ក្ដៅ​ខ្លួន​ថែម​ទៀត​ផង។ ឪពុកម្ដាយ​របស់​កុមារី​រូប​នេះ​បាន​ហៅ​ឡាន​សង្រ្គោះ​បន្ទាប់​ពី​ Brianna ចាប់​ផ្ដើម​​ក្អួត​ចេញ​ឈាម។ Brianna ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​​នៅ​​ក្នុង​ទីក្រុង​ Tulsa ដើម្បី​ព្យាបាល​ដោយ​ការ​វះកាត់​ជា​បន្ទាន់​ តែ​ជា​អកុសល​នាង​បាន​បាត់​បង់​ជីវិត​នៅ​ពេល​នោះ។

 

កុមារី​វ័យ​២​ឆ្នាំ​បាត់​បង់​ជីវិត​ដោយ​សារ​តែ​ ថ្ម​មួយ​គ្រាប់

 

ការ​ឆ្លុះ​ X-Ray បង្ហាញ​ថា​នាង​បាន​លេប​កូន​ថ្ម​តូច​មួយ​ចូល​ទៅ​ក្នុង​ពោះ ហើយ​ក្រុម​គ្រូពេទ្យ​បាន​លើក​ឡើង​ថា​​ថ្ម​នេះ​ស្ថិត​ក្នុង​ខ្លួន​នាង​រយៈ​ពេល​៦​ថ្ងៃ​មក​ហើយ។ ដោយ​ឡែក​ក្រុម​គ្រួសារ​របស់​កុមារី​រូប​នេះ​មិន​ដឹង​ទេ​ថា​នាង​បាន​លេប​ថ្ម​នេះ​តាំង​ពី​ពេល​ណា​នោះ។

 

អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​ករណី​ស្លាប់​នេះ​កើត​ឡើង​ដោយ​សារ​ថ្ម​បាន​ជាប់​នៅ​ក្នុង​ខ្លួន​របស់​មនុស្ស​ ហើយ​​វា​បញ្ចេញ​សារធាតុ​អាល់កាឡាំង​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សារពាង្គកាយ។

 

គួរ​រំលឹក​ថា​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៥​ ដល់​ ២០១៤​​មាន​ករណី​ក្មេង​តូចៗ​លេប​ថ្ម​ចូល​ទៅ​ក្នុង​ពោះ​ចំនួន​ ១១៩៤០​ករណី​ ហើយ​ក្នុង​នោះ​មាន​តែ​១៥​ករណី​ដែល​គ្រោះ​ថ្នាក់​ដល់​ជីវិត។ នេះ​បើ​យោង​តាម​​មន្ទីរ​ National Capitol Poison Center៕​​​​​​​​​​​​​​​​​​​

 

 

ចុច​អាន៖ យុវតី​ដ៏​ស្រស់ស្អាត​ម្នាក់​អាច​ដេរ​សំលៀក​បំពាក់​ដូច​ក្នុង​រឿង​​​តុក្កតា​បាន​យ៉ាង​ឡូយ​
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​​​