បេក្ខជន​អគ្គលេខាធិការ គជប តែ ១២ រូប​ទេ ដែល​បំពេញលក្ខខណ្ឌ​ត្រឹមត្រូវ​

ភ្នំពេញ: ​គជប បាន​ដំណើរ​ការបង្កើត​នីតិវិធី និង​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ពាក្យសុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ទាំងអស់​ហើយ កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៥​។ ក្នុងនោះ គជប បានប្រកាសថា មានតែ​បេក្ខជន ១២ រូប ប៉ុណ្ណោះ ក្នុង​តំណែង​ជា​អគ្គលេខាធិការ​គជប បាន​បំពេញបែបបទ លក្ខខណ្ឌ​ត្រឹមត្រូវ និង ១២ នាក់​ទៀត មិនបាន​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ​ទេ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​គជ​ប កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥​។​

គជប ក៏បានប្រកាសថា ចំណែក​បេក្ខជន​តំណែង​អគ្គលេខាធិការរង ចំនួន ៧៤ នាក់ បាន​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ និង ២៦ នាក់​ទៀត មិនបាន​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ​។ គជប នឹង​បន្តការងារ​របស់ខ្លួន ពិនិត្យ​ទៅលើ​បេក្ខភាព អគ្គលេខាធិការ និង​អគ្គលេខាធិការរង សរុប​ចំនួន ៨៦ នាក់ ជា​បន្តទៀត​។​

​សូម​រម្លឹកថា អ្នក​ដែល​បានដាក់​ពាក្យសុំ​ឈរឈ្មោះ ជា​មុខតំណែង​អគ្គលេខាធិការ គជប មាន​ចំនួន ២៤ នាក់ និង​អ្នក​ដែល​បានដាក់​ពាក្យសុំ​ឈរឈ្មោះ ជា​មុខ​តំណាង​អគ្គលេខាធិការរង មាន​ចំនួន ១០០ នាក់ ក្នុងនោះ មាន​ស្ត្រី ៤ នាក់​។​

​លោក ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ​គជប បាន​ឲ្យ​ដឹងថា យ៉ាងយូរ​ត្រឹម​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០១៦ គជប នឹង​ប្រកាស​អំពី​លទ្ធផល​នៃ​តំណែង​អគ្គលេខាធិការ​គជប ១ រូប និង​អគ្គលេខាធិការរង​គជ​ប ចំនួន ៤ រូប​ផ្សេងទៀត​។​

​តាម​នីតិវិធី​ច្បាប់ គជប ដែលមាន​សមាសភាព​ចំនួន ៩ រូប នឹងធ្វើ​ការពិនិត្យ​លើ​ពាក្យសុំ​ឈរឈ្មោះ​របស់​បេក្ខជន​ទាំងអស់ រួច​នឹងធ្វើ​ការសម្រេច​ទៅតាម​នីតិវិធី​ច្បាប់ ដោយ​មតិ​ភាគច្រើន​ដាច់ខាត ឬ ៥០ ភាគរយ បូក ១ ពោលគឺ​ត្រូវមាន​សំឡេងគាំទ្រ​យ៉ាងតិច ចាប់ពី ៥ រូប​ឡើងទៅ​៕​

បេក្ខជន​អគ្គលេខាធិការ គជប តែ ១២ រូប​ទេ ដែល​បំពេញលក្ខខណ្ឌ​ត្រឹមត្រូវ​