មន្ត្រី​បក្ស​ប្រឆាំង​នៅ​កំពង់ចាម​គេច​ខ្លួន​បន្ទាប់​ពី​មាន​ដីកា​កោះ​ហៅ​ពី​តុលាការ

សមាជិក​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម មួយ​រូប កំពុង​គេច​ខ្លួន​ក្រោយ​ពេល​ទទួល​ដីកា​កោះ​ហៅ​របស់​តុលាការ​ឱ្យ​ចូលរួម​សវនាការ​ចំពោះ​សំណុំ​រឿង​ចាស់​ដែល​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១១។ ការ​កោះ​ហៅ​ជា​ថ្មី​នេះ លោក​យល់​ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ ត្បិត​អី​រឿង​នេះ​បាន​ស្ងប់ស្ងាត់​ជា​យូរ​ណាស់​មក​ហើយ។

រយៈពេល​កន្លះ​ខែ​មក​ហើយ​ដែល​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​ជើងព្រៃ លោក ម៉ិច មាឃ គេច​ខ្លួន​ពី​ស្រុក​កំណើត។ ការ​គេច​ខ្លួន​របស់​លោក បន្ទាប់​ពី​ទទួល​បាន​ដីកា​កោះ​ហៅ​របស់​តុលាការ​ឱ្យ​ចូល​បំភ្លឺ​ក្នុង​អង្គ​សវនាការ​ចំពោះ​សំណុំរឿង​ចាស់ ដោយ​ចោទ​ប្រកាន់​លោក​ថា បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នក​ដទៃ​ដោយ​ចេតនា។

​អតីត​មេឃុំ​សូទិព្វ មក​ពី​គណបក្ស សម រង្ស៊ី និង​បច្ចុប្បន្ន​ជា​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​ជើងព្រៃ លោក ម៉ិច មាឃ មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ថា តុលាការ​ជំនុំ​ជម្រះ​រឿង​ក្តី​របស់​លោក​យ៉ាង​ណា​នោះ​ទេ ពីព្រោះ​លោក​មិន​បាន​ចូលរួម​សវនាការ​ពេល​នោះ។ លោក​បញ្ជាក់​ថា មិន​បាន​ចូល​បំភ្លឺ ពីព្រោះ​សមត្ថកិច្ច​ប្រគល់​ដីកា​ឱ្យ​លោក គឺ​នៅ​ចំ​ថ្ងៃ​ជំនុំជម្រះ​តែម្ដង ម្យ៉ាង​លោក​មាន​បទពិសោធន៍​រួច​ទៅ​ហើយ​កាល​ពី​ឆ្នាំ​២០១៤ តុលាការ​បាន​ឃុំ​ខ្លួន​លោក​ដោយ​អយុត្តិធម៌​រយៈពេល​បី​ខែ ដោយ​គ្មាន​កំហុស។ លោក​ថា សំណុំរឿង​ពេល​នេះ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១១ ហើយ​ក៏​ស្ងាត់​ទៅ​វិញ ស្រាប់​តែ​នៅ​ពេល​ស្ថានភាព​នយោបាយ​កំពុង​ឡើង​កម្ដៅ ដីកា​កោះ​ហៅ​រូប​លោក​ជា​ថ្មី​ទៀត​ក៏​កើត​មាន​ឡើង៖ «ខ្ញុំ​សូម​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់ ដែល​ពាក់ព័ន្ធ​រឿង​របស់​ខ្ញុំ​តាំង​ពី​ឆ្នាំ​២០០៨ មក កុំ​ធ្វើ​បាប​អ្នក​ដែល​បម្រើ​ប្រយោជន៍​ប្រជាជន»

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ តុលាការ​ខេត្ត​កំពង់ចាម ដែល​មាន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត លោក រៀល សុភិន បាន​ចេញ​ដីកា​កោះ​ហៅ​លោក ម៉ិច មាឃ ឱ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ វេលា​ម៉ោង ២​កន្លះ ដោយ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ដែល​ប្រព្រឹត្ត​ឡើង​នៅ​ភូមិ​បឹងជ្រោយ ឃុំ​សូទិព្វ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១១។

​ចៅក្រម​ជំនុំ​ជម្រះ​រឿង​ក្ដី​នេះ អ្នកស្រី ហៃ ណៃហេង មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា ជនជាប់​ចោទ​មិន​បាន​ចូលរួម​សវនាការ​ក៏ដោយ ប៉ុន្តែ​តុលាការ​អាច​បន្ត​នីតិវិធី​បាន​តាមរយៈ​ជំនុំ​ជម្រះ​ក្តី​កំបាំង​មុខ។

អ្នកស្រី​ថា សំណុំ​រឿង​នេះ តុលាការ​បាន​ចេញ​សាលក្រម​រួច​ហើយ ប៉ុន្តែ​អ្នកស្រី​មិន​អាច​ប្រាប់​ពី​នីតិវិធី​បាន​ឡើយ ព្រោះ​មិន​ទាន់​បាន​ជូន​ដំណឹង​បញ្ហា​នេះ៖ «តាម​ពិត​សាលក្រម​ខ្ញុំ​មាន​រួច​ទៅ​ហើយ ប៉ុន្តែ​ខ្ញុំ​អត់​មាន​បាន​ជូន​ដំណឹង​ឱ្យ​គេ អ៊ីចឹង​ខ្ញុំ​មិន​អាច​ប្រាប់​បាន​ទេ»

ដោយ​ឡែក​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ម៉ិច មាឃ លោក​មេធាវី ជូង ជូងី មាន​ប្រសាសន៍​ថា នីតិវិធី​សំណុំ​រឿង​នេះ មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ពីព្រោះ​លោក​ជា​មេធាវី​ការពារ​ក្ដី​ឱ្យ​ជនជាប់ចោទ ប៉ុន្តែ​តុលាការ​មិន​បាន​អញ្ជើញ​ជា​លាយលក្ខណ៍​អក្សរ​ឱ្យ​ចូល​រួម​ទេ។ មួយ​វិញ​ទៀត កូន​ក្ដី​របស់​លោក​ទទួល​បាន​ដីកា​នៅ​ចំ​ថ្ងៃ​ជំនុំជម្រះ​តែម្ដង ដែល​មិន​អាច​ត្រៀម​ខ្លួន​ទាន់។ បន្ថែម​ពី​នេះ បើ​តុលាការ​ជំនុំជម្រះ​រួច ត្រូវ​ជូនដំណឹង​ទៅ​ខាង​មេធាវី​ការពារ​ក្ដី ឬ​សាមី​ខ្លួន​ឱ្យ​បាន​ឆាប់រហ័ស ប៉ុន្តែ​មក​ទល់​ពេល​នេះ ខាង​លោក​នៅ​មិន​ទាន់​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ពី​តុលាការ​ឡើយ៖ «ខ្ញុំ​រង់ចាំ​ការ​ជូន​ដំណឹង​ពី​ខាង​តុលាការ។ ប្រសិនបើ​គ្មាន​ការ​ជូន​ដំណឹង​ពី​តុលាការ គឺ​ស្មើ​ខ្ញុំ​អត់​ដឹង​ពី​ចំណាត់​ការ​តុលាការ»

លោក​យល់​ថា ការ​ចោទ​ប្រកាន់​កើត​ឡើង គឺ​ដោយសារ​កូន​ក្តី​របស់​លោក​ជា​សកម្មជន​គណបក្ស​ប្រឆាំង ប្រសិនបើ​គណបក្ស​កាន់​អំណាច​វិញ គឺ​គ្មាន​ឡើយ​ការ​ចោទ​ប្រកាន់​បែប​នេះ ហើយ​អាច​មាន​ការ​សរសើរ​ទៀត​ផង ពីព្រោះ​សកម្មភាព​ដែល​គាត់​ធ្វើ​កាល​នោះ គឺ​ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ទូទៅ។

ជាមួយ​គ្នា​នេះ ជំទប់​ទី​១ ឃុំ​សូទិព្វ លោក កែវ ហុកគ្រី ដែល​បាន​ដឹង​រឿង​នេះ​ច្បាស់ រំលឹក​ថា កាល​ពី​ឆ្នាំ​២០១១ ជំនាន់ លោក ម៉ិច មាឃ ធ្វើ​ជា​មេ​ឃុំ គឺ​គាត់​ដឹកនាំ​ធ្វើ​ផ្លូវ​នៅ​ភូមិ​បឹងជ្រោយ មួយ​ខ្សែ ដោយ​ឆ្លង​កាត់​កិច្ចពិភាក្សា​ពី​អាជ្ញាធរ​ស្រុក និង​ខេត្ត​ផង។ លោក​បន្ត​ថា ដោយសារ​គម្រោង​ផ្លូវ​នោះ ត្រូវ​ពង្រីក ហើយ​ពលរដ្ឋ​ដែល​មាន​ចំណែក​ដី​ប៉ះពាល់ ក៏​បាន​យល់ព្រម​បរិច្ចាគ ចំណែក​ដី​ខ្លះ​សម្រាប់​ធ្វើ​ផ្លូវ​ដោយ​មាន​ស្នាម​មេដៃ​បញ្ជាក់​ទៀត​ផង។

លុះ​គម្រោង​ធ្វើ​ផ្លូវ​ដំណើរការ​រួច​រាល់​ទើប​មាន​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ពី​សំណាក់​ពលរដ្ឋ​ពីរ​គ្រួសារ ដោយ​ប្ដឹង​មេ​ឃុំ​ថា បាន​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ទៅ​វិញ។ លោក​ថា ការ​សើរើ​រឿង​ក្តី​ចាស់​ពេល​នេះ គឺ​ធ្វើ​ឱ្យ​លោក​មាន​ក្ដី​បារម្ភ ត្បិត​អី លោក​គឺ​ជា​មន្ត្រី​អាជ្ញាធរ​ឃុំ​កាល​ណោះ​ដែរ ហើយ​លោក​យល់​ថា រឿង​នេះ​អាច​ជា​ចេតនា​បំបាក់​ស្មារតី​សកម្មជន​គណបក្ស​ប្រឆាំង​តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។