1ថ្ងៃរថយន្ត​ដឹក​ដី និង​ត្រាក់ទ័រ​ភ្ជួរ​ដីកិន​មីនតោន​ផ្ទុះ​ស្លាប់​1 របួស​1 នៅ​កន្លែង​ផ្សេង​គ្នា​

ឧត្តរមានជ័យ ៖ គ្រាប់​ម៉ី​ន​តោន​ដែល​សេសសល់​កាលពី​សម័យ​សង្គ្រាម​ត្រូវ​បាន​រថយន្ត​ម៉ាក ​ISUZU ដឹក​ដី​មួយ​គ្រឿង​ បាន​បើក​កិន​គ្រាប់​មីនតោននោះ បណ្តាលឲ្យ​ផ្ទុះ​ឡើង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលាម៉ោង​៥​ល្ងាច ​ថ្ងៃ​ទី​០១ ​មក​រា ​២០១៦ ​តែ​សំណាងល្អ​ ​តៃកុងរថយន្តបាន​រួច​ផុត​ជីវិត​ ។ ​ហេតុ​ការណ៍​នេះ​បាន​កើត​ នៅ​ក្នុងភូមិ​គោក​មន​ ឃុំ​គោក​មន​ ស្រុក​បន្ទាយ​អ​ម្ពឹ​ល ​ខេត្ត​ឧត្ត​មាន​ជ័យ ។

ប្រជាពលរដ្ឋ​អ្នក​ភូមិ​គោក​មន​បាន​រៀបរាប់​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក ​ISUZU ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​3B 5502​ ម្ចាស់​អ្នកបើកបរមាន​ឈ្មោះ​ស៊ុំ ឆាយ ​ភេទ​ប្រុស ​អា​យុះ​៣២​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ​ប្រកប​មុខរបរ​ដឹក​ដី​លក់ ខណៈ​ដឹកដីលក់មកដល់ចំនុចខាងលើស្រាប់តែជាន់​ម៉ី​ន​តោនមួយ​គ្រាប់ ​ដែល​សេសសល់កាលពី​សម័យ​សង្គ្រាម​​ កប់ចោលក្នុង​ដី ​បណ្តាល​ឲ្យ​ផ្ទុះ​ ខូចខាត​រថយន្ត​ផ្នែក​ខាងក្រោយ​ ​ទាំងស្រុង ​តែ​សំណាងល្អ ​មនុស្ស​មិន​មាន​រង​របួស​ឡើយ ។

បើតាមមន្ត្រី​ប៉ូ​លីស​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​ម្នាក់​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​តំបន់​ជាយ​ដែនកម្ពុជា-ថៃ នេះសំបូរគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅពាស់ពេញផ្ទៃដី ​ពីព្រោះនៅ​តំបន់​នេះ​ជា​សមរភូមិ​ប្រយុទ្ធ​គ្នា ​រវាង​កងទ័ព​ប៉ា​រ៉ា រួមនិងកងទ័ព​ខ្មែរក្រហម ​ជាមួយ​នឹងកងទ័ព​រាជរដ្ឋាភិបាល​ យ៉ាង​ក្តៅ​គគុក ដូច្នេះ​គ្រាប់​ម៉ី​ន​ដែល​សេសសល់​កប់​នៅ​ក្នុង​ដី​នោះ​ ទោះបី​មានក្រុម​អង្គការ ​ហេ​ឡូ​ត្រាស​ បានចុះ​បោសសំអាត ​បើ​តាម​ការ​ប៉ាន់ស្មាន​បាន​តែ​៧០%​ ប៉ុណ្ណោះ​ ហើយនៅសល់​៣០%​ទៀត ​វា​នឹង​អាច​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពលរដ្ឋបាន តួយ៉ាងដូចករណីខាងលើនេះស្រាប់​៕​

ត្រាក់ទ័រ​ភ្ជួរ​ដី​កិន​មីនតោន​ផ្ទុះ​ស្លាប់​1 ​របួស​1

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ៍​ថា ត្រាក់ទ័រ​មួយ​គ្រឿង​បាន​បើក​កិន​គ្រាប់​មីនតោន ខណៈ​ពេល​កំពុង​ភ្ជួរដីចម្ការ​មួយ​កន្លែង​នៅ​ខាងក្រោយ​ភូមិ​អូរ​ចំ​ណិ​ប ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន បណ្ដាល​ឱ្យ​ផ្ទុះ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១ មក​រា ចំ​ថ្ងៃ​ទី​១​នៃ​ឆ្នាំ​សកល ដែល​ទើប​ចូល​មក​ដល់ ។

មន្ត្រី​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ដីចម្ការ​នោះ​ម្ចាស់​ធ្លាប់​ភ្ជួរ​ដាំ​ដំណាំ​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ មិន​ដែល​មាន​បញ្ហា​អ្វី​ទេ ។ លុះ​ចាប់ផ្ដើម​ភ្ជួរ​លើក​នេះ ស្រាប់តែ​កិន​ចំ​គ្រាប់​មីនតោន ដែល​គេ​ជឿ​ថា​សល់​ពី​សម័យ​សង្គ្រាម បាន​ផ្ទុះ​ដាច់​ត្រាក់ទ័រ​ជា​២​កំណាត់ ហើយ​អ្នកបើកបរ​ឈ្មោះ​នៅ វិត អាយុ​២៨​ឆ្នាំ បាន​ស្លាប់​នៅ​នឹង​កន្លែង ។ រីឯ​អ្នក​អង្គុយ​ក្បែរ​ឈ្មោះ ស៊ុន សែន អាយុ​២៧​ឆ្នាំ រង​របួសធ្ងន់ ។ មន្ត្រី​ដដែល​បញ្ជាក់​ថា នៅ​តំបន់​នោះ សុទ្ធតែ​ជា​ដីចម្ការ​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​បង្កបង្កើន​ផល​រាល់​ឆ្នាំ តែ​ក៏​ធ្លាប់​មាន​គ្រោះថ្នាក់ ដោយសារ​គ្រាប់​មីន​ឬ​គ្រាប់​មិន​ទាន់​ផ្ទុះ​ផ្សេង​ៗ​ទៀត​ដែរ កន្លង​មកនេះ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ដីចម្ការ​នៅ​តំបន់​នោះ កន្លែង​ខ្លះ​នៅ​តែ​មាន​គ្រាប់​មីន​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​កប់​នៅ​ក្នុង​ដី​នៅឡើយ ។ អ្នក​ភូមិ​និយាយ​ថា កន្លែង​ដែល​មាន​កប់​គ្រាប់​មីនតោន ភាគច្រើន​ជា​អតីត​ផ្លូវ​ចាស់​សម្រាប់​រថយន្ត​ឬ​រថក្រោះ បើក​ឆ្លងកាត់​ក្នុង​សម័យ​សង្គ្រាម ។ ដូច្នេះ​ត្រង់​ចំណុច​ផ្ទុះ​មីនតោន​ខាងលើ​នេះ គឺជា​ផ្លូវ​ចាស់​កាលពី​សម័យ​សង្គ្រាម តែ​ពេល​នេះ​ក្លាយជា​ចម្ការ​ដំណាំ​អស់ហើយ ។

សូម​បញ្ជាក់​ថា កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ភូមិ​អូរ​ចំ​ណិ​ប ឃុំ​តា​ស្ដា ដដែល​នេះ គ្រាប់​មីនតោន​ធ្លាប់​កម្ទេច​ត្រា​ទ័​រ​មួយ​គ្រឿង​ម្ដង​ហើយ អ្នកបើកបរ​រង​របួសធ្ងន់ ។ លុះ​ដាច់​ឆ្នាំ​ចាស់​ឆ្លង​ចូល​ឆ្នាំ​ថ្មី មិន​ទាន់​បាន​មួយ​ថ្ងៃ​ផង ស្រាប់តែ​ឃាតករ​លាក់​មុខ​នេះ ចេញ​មក​ស្វាគមន៍​យ៉ាងធ្ងន់ធ្ងរ​ភ្លាម​ដែរ ។ បើ​តាម​មន្ត្រី​មូលដ្ឋាន​បាន​បញ្ជាក់​ដែរ​ថា ទីតាំង​ដែល​ផ្ទុះ​នោះ​សុទ្ធតែ​ជា​អតីត​ផ្លូវ​ចាស់ កាលពី​សម័យ​សង្គ្រាម តែ​ពេល​នេះ​តំបន់​ទាំងនោះ បាន​ប្រែ​ក្លាយជា​វាល​រហោស្ថាន គ្រប់​ដណ្ដប់​ទៅ​ដោយ​ដំណាំ​កសិកម្ម​របស់​ប្រជា​កសិករ​អស់​ទៅ​ហើយ លែង​មាន​ស្នាម​ផ្លូវ​ចាស់​ទៀត​ហើយ ។ ប៉ុន្តែ​គ្រាប់​មីន​ដែល​សេសសល់​ពី​សង្គ្រាម នៅ​តែ​លួច​សម្ងំ​លាក់ខ្លួន​ក្នុង​ដី ចាំ​ឆក់​យក​ជីវិត​មនុស្ស​នៅឡើយ ដែល​ខ្លះ​កប់​ជ្រៅ ខ្លះ​រាក់ ។ នេះ​ជា​ការ​ព្រួយបារម្ភ​បំផុត​របស់​ប្រជា​កសិករ​នៅ​តំបន់​នេះ នៅ​ពេល​ដល់​រដូវ​ភ្ជួរ​រាស់​ដាំ​ដំណាំ​កសិកម្ម​ម្ដង​ៗ ៕