លោក អា​បេ សន្យាថា មិន​ឲ្យ​ជប៉ុន​ធា្ល​ក់​ចូល​សង្គ្រាម​នោះទេ

​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ិ​ន​ហ្សូ អា​បេ បាន​សន្យា​កាលពី​ថ្ងៃទី​០១ មករា​ក្នុងឱកាស​ឆ្លង​ឆ្នាំ​ថ្មី ២០១៦ ថា លោក នឹងមិន​ឲ្យ​ជប៉ុន​ប្រលូក​ចូល​នៅក្នុង​សង្គ្រាម​នោះទេ​។ ការប្រកាស​បែបនេះ ធ្វើឡើង​ក្រោយ​តែ មួយថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​រដ្ឋាភិបាល​ចិន បាន​អះអាង​ខ្លួន​កំពុងតែ​សាងសង់​នាវា​ដឹក​យន្តហោះ​ដ៏​ធំ​មួយ ទៀត​របស់ខ្លួន​។​

​បើទោះបីជា​ច្បាប់​សន្តិសុខ​ថ្មី​របស់​ជប៉ុន អនុញ្ញាត​ឲ្យ​កងទ័ព​ជប៉ុន​អាច​ចេញ​អន្តរាគមន៍​ក្រៅប្រទេស បាន​ក៏ដោយ លោកនាយក​រដ្ឋមន្ត្រី អា​បេ បាន​សន្យា​ទៅកាន់​ប្រជាជន​របស់ខ្លួន​ថា​លោក នឹងមិន​ឲ្យ ជប៉ុន​លូកលាន់​នឹង​សង្គ្រាម​នោះទេ​។  នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។

​សូម​រមឹ្ល​ក​ផងដែរ​ថា កាលពី​ខែកញ្ញា​កន្លងទៅ សភា​ជប៉ុន បានអនុម័ត​ច្បាប់​សន្តិសុខ​ថ្មី​មួយ​ដ៏​ចម្រូងចម្រាស​។ ច្បាប់​នោះ អនុញ្ញាត​ឲ្យ​ជប៉ុន អាច​បញ្ជូន​កងទ័ពរ​បស់​ខ្លួន​ដើម្បី​ចូលរួម​សកម្មភាព​រក្សា សន្តិសុខ និង​អន្តរាគមន៍​ក្រៅប្រទេស​បាន ដ្បិត​ចាប់ពី​បញ្ចប់​សង្គ្រាមលោកលើកទី​២ កងទ័ព​ជប៉ុន មិន ធ្លាប់​ត្រូវបាន​បញ្ជូនទៅ​ធ្វើសង្គ្រាម​ម្តងណា​ឡើយ​។​

​កន្លងមក ក៏មាន​ប្រជាជន​រាប់ពាន់ បាន​ចេញមុខ​បាតុកម្ម​ប្រឆាំងនឹង​ច្បាប់​នោះដែរ ដ្បិត​ពួកគេ ខ្លាច ក្រែង ជប៉ុន នឹង​ធា្ល​ក់​ចូលទៅក្នុង​សង្គ្រាម​ម្តងទៀត​។ ជាពិសេស​នោះ ពួកគេ​ខ្លាចក្រែង រដ្ឋាភិបាល​ជប៉ុន នឹង​ប្រលូក​សង្គ្រាម និង​អន្តរាគមន៍​ដូច​ករណី​អាមេរិក ឈា្ល​ន​ពាន​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​។

​យ៉ាងណាក៏ដោយ ក្នុងឱកាស​ឆ្លង​ឆ្នាំ​២០១៦ លោកនាយក​រដ្ឋមន្ត្រី​អា​បេ បាន​អះអាង​ជាថ្មី​ថា ក្រោម អំណាច​នៃ​ច្បាប់​សន្តិសុខ​ថ្មី​ជប៉ុន រដ្ឋាភិបាល នឹង​ចាត់​វិធាន​គ្រប់​មធ្យោបាយ​នៅ​គ្រប់​កាលៈទេសៈ​ដើម្បី ការពារ​មិន​ឲ្យ​សង្គ្រាម​។ លោក បន្ថែមទៀតថា រដ្ឋាភិបាល បាន​បង្កើត​ឲ្យ​មាន​មូលដ្ឋាន​មួយ​ក្នុង​ការបង្កើត​ឲ្យ​មាន​សន្តិភាព​សម្រាប់​ក្មេងជំនាន់ក្រោយ​។ 

​អ្វី​គួរកត់សម្គាល់​នោះ សុន្ទរកថា​របស់លោក​អា​បេ ធ្វើឡើង​ក្រោយ​តែមួយ​ប៉ុណ្ណោះ​ដែល​រដ្ឋាភិបាល​ក្រុង ប៉េកាំង បានប្រកាស​ដំណើរការ​សាងសង់​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទី​២​របស់ខ្លួន​។ នាវា​ដឹក​យន្តហោះ ដែលមាន​ទម្ងន់​រាប់ម៉ឺន​តោន​នោះ អាចមាន​លទ្ធភាព​ផ្ទុក​យន្ត​ចម្បាំង​បានជា​ច្រើន​គ្រឿង​ផងដែរ​។​

​ជប៉ុន និង​ចិន គឺជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​នៅក្នុង​តំបន់​អាស៊ី​។ បើទោះបី​ភាគី​ទាំងពីរ​ជា​រដ្ឋ​ជិតខាង នឹង​គ្នា និង​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ពឹងផ្អែក​គ្នា​ទៅវិញទៅមក​ក៏ដោយ រដ្ឋ​ទាំងពីរ ជា​ញឹកញាប់​ក៏មាន ការ​ប្រឈម​គ្នា​ផ្នែក​ការទូត និង​យោធា​ជាមួយគ្នា​ផងដែរ​។ នោះ​ក៏​ព្រោះតែ​ភាគី នៅ​មិនទាន់​ដោះស្រាយ ដាច់ស្រេច​លើ​តំបន់​ជម្លោះ​កោះ​សិន​កា​ហ្គុ​នៅឡើយ​នោះទេ​។​

​ចុងក្រោយ​នេះ ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​អាមេរិក ជា​សម្ព័ន្ធមិត្ត​របស់​ជ​ប៉ុន​មកកាន់​តំបន់​អាស៊ី ចិន បាន​បង្កើន​សមត្ថភាព​យោធា​របស់ខ្លួន​យ៉ាង​ឆាប់រ​ហ័យ​។ សកម្មភាព​នេះ កំពុង​ក្លាយជា​កង្វល់​មួយ​នៅក្នុង តំបន់​អាស៊ី ជាពិសេស​ជប៉ុន​ដែលជា​ប្រទេសជិតខាង​នឹង​គ្នា​៕