ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១៥​និង​ការ​ប្រមើល​មើល​ទៅ​ឆ្នាំ​២០១៦

កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០១៥ ត្រូវ​បាន​គេ​មើល​ឃើញ​ថា កម្ពុជា​មាន​ការ​លូតលាស់​សេដ្ឋកិច្ច​ស្ទើរ​តែ​ដូច​ការ​គ្រោង​ទុក​របស់​រដ្ឋាភិបាល ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​តែ​ទទួល​បាន​ផល​ពី​កំណើន​សេដ្ឋកិច្ច​នេះ​មិន​បាន​ស្មើ​ភាព​គ្នា​នៅ​ឡើយ ហើយ​ប្រជាពលរដ្ឋ​នៅ​តែ​ប្រឈម​នឹង​ភាព​អត់​ការងារ​ធ្វើ។

អំពើ​ពុករលួយ​នៅ​តែ​ជា​ប្រធានបទ​ក្ដៅ និង​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​កម្ពុជា ដដែល ទោះបីជា​រដ្ឋាភិបាល​មាន​គោលនយោបាយ​លុប​បំបាត់​អំពើ​ពុករលួយ ដើម្បី​បង្កើន​សេដ្ឋកិច្ច​ជាតិ​ក្ដី។

តើ​ឆ្នាំ​២០១៥ បន្សល់​ទុក​នូវ​រឿងរ៉ាវ​អ្វី​ខ្លះ​ដែល​គួរ​ឲ្យ​កត់សម្គាល់​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា?

អស់​រយៈពេល​មួយ​ឆ្នាំ​មក​នេះ មាន​រឿង​រ៉ាវ​ធំៗ​មួយ​ចំនួន ទាំង​រឿង​ជោគជ័យ ទាំង​រឿង​បរាជ័យ ហើយ​ក៏​មាន​ទាំង​រឿង​ស្រពេចស្រពិល​មួយ​ចំនួន​ផង​ដែរ ដែល​ឆ្នាំ​២០១៥ បាន​បន្សល់ទុក​ដល់​អ្នក​តាមដាន​ដំណើរ​វិវឌ្ឍន៍​នៃ​សេដ្ឋកិច្ច​កម្ពុជា។

​អ្នក​សេដ្ឋកិច្ច​សង្កេត​ឃើញ​ថា សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ​២០១៥ បាន​ចាប់​ផ្ដើម​ឡើង​ដោយ​ភាព​វិជ្ជមាន​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា ៧​ភាគរយ​ជា​មធ្យម ធ្វើ​ឲ្យ​កម្ពុជា បន្ត​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​ឆាប់រហ័ស​បំផុត​ក្នុង​តំបន់​អាស៊ាន។ ធនាគារ​ពិភពលោក​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥ បាន​ព្យាករ​ថា បើ​កំណើន​នេះ​ស្ថិតស្ថេរ នោះ​កម្ពុជា អាច​ចាក​ចេញ​ពី​តំណែង​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​បំផុត​ឆ្ពោះ​ទៅ​រក​តំណែង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​២០១៦ ដោយ​ប្រាក់​ចំណូល​សរុប​ជា​មធ្យម​របស់​ពលរដ្ឋ​កម្ពុជា ម្នាក់​នៅ​ឆ្នាំ​២០១៥ អាច​នឹង​កើន​ដល់ ១,០៩៦​ដុល្លារ។

​រឿង​ដែល​គួរ​ឲ្យ​សាទរ​មួយ​ទៀត គឺ​ការ​ដែល​កម្ពុជា ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន​៥ ដែល​អាច​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ដាក់​ចេញ​ដោយ​អង្គការ​សហប្រជាជាតិ។ តាម​គោលដៅ​នេះ កម្ពុជា​ត្រូវ​បាន​កំណត់​ថា ត្រូវ​កាត់​បន្ថយ​ភាព​ក្រីក្រ​ឲ្យ​មក​នៅ​ត្រឹម ១៩,៤% ត្រឹម​ឆ្នាំ​២០១៥។ ថ្វី​បើ​សម្រេច​បាន​តាម​ការ​កំណត់​ក៏​ពិត​មែន ក៏​ចំនួន​ប្រជាជន​ជា​ច្រើន​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ជិត​ក្រ មាន​ន័យ​ថា ពួកគេ​ងាយ​នឹង​ក្លាយ​ជា​ប្រជាជន​ក្រីក្រ​វិញ។ ថ្វីបើ​តួលេខ​បង្ហាញ​ពី​ភាព​វិជ្ជមាន​ខ្លះ​ក្ដី ក៏​ផល​ចំណេញ​បាន​ពី​វិស័យ​ដែល​ឈាន​មុខ​គេ ដូចជា​សំណង់ ទេសចរណ៍ និង​វាយនភណ្ឌ មិន​សូវ​ហូរ​ចូល​ហោប៉ៅ​ប្រជាជន​ក្រីក្រ​ទេ។

អំពើ​ពុករលួយ​នៅ​តែ​បន្ត​ញាំញី​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​ជាតិ​ជាង​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ជាក់ស្ដែង​កាល​ពី​ដើម​ខែ​ធ្នូ អង្គការ​សុចរិតភាព​ហិរញ្ញវត្ថុ​សកល (Global Financial Integrity) រក​ឃើញ​ថា កម្ពុជា​បាន​បាត់បង់​ទឹក​ប្រាក់​ជា​មធ្យម​ជាង ១,៥​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ឆ្នាំ ដោយសារ​លំហូរ​សាច់​ប្រាក់​ខុស​ច្បាប់​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម។

​ទន្ទឹម​នឹង​ការ​ទទួល​បាន​ផល​ចំណេញ កំណើន​ដ៏​ឆាប់​រហ័ស​នៃ​វិស័យ​នាំ​មុខ​ទាំង​បី​ក៏​ឆ្លុះ​បញ្ចាំង​ពី​ហានិភ័យ​ដល់​កំណើន​សេដ្ឋកិច្ច​ដែរ ដោយសារ​វិស័យ​ទាំង​នេះ​ពឹង​ផ្អែក​ខ្លាំង​លើ​ទឹក​ប្រាក់​វិនិយោគ​មាន​ប្រភព​ពី​បរទេស។ ឧទាហរណ៍​ថា បើ​ការ​នាំ​ចេញ​ផលិតផល​សំលៀកបំពាក់​រង្គោះរង្គើ​ដោយ​ប្រការ​ណា​មួយ នោះ​ប្រជាជន​ជាង ៦០​ម៉ឺន​នាក់​នឹង​ត្រូវ​ប្រឈម​នឹង​ភាព​គ្មាន​ការងារ​ធ្វើ។

​ដើម្បី​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ដោយសារ​ហានិភ័យ គោលនយោបាយ​ថ្មី​មួយ​ត្រូវ​បាន​សម្ពោធ​ដោយ​រដ្ឋាភិបាល​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ គឺ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-​២០២៥។ ចំណុច​ស្នូល​នៃ​គោលនយោបាយ​នេះ​គឺ​ផ្ដោត​លើ​ការ​អភិវឌ្ឍ​វិស័យ​កសិឧស្សាហកម្ម លើក​ស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម អភិវឌ្ឍ​ធនធាន​មនុស្ស​ឲ្យ​មាន​ជំនាញ និង​កាត់​បន្ថយ​តម្លៃ​អគ្គិសនី ក្នុង​បំណង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា លើ​គូប្រកួត​របស់​ខ្លួន ដូចជា​ប្រទេស​មីយ៉ាន់ម៉ា ឡាវ និង​វៀតណាម ជាដើម។

មិន​ត្រឹមតែ​ជា​ឆ្នាំ​នៃ​សេចក្ដី​ផ្ដើម​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ទេ ២០១៥ ក៏​ជា​ឆ្នាំ​នៃ​ចំណុច​ចាប់​ផ្ដើម​នៃ​ដំណើរ​របស់​ប្រទេស​មហា​អំណាច​មួយ​ចំនួន​មក​កម្ពុជា​ដែរ។ វត្តមាន​មហា​អំណាច​សេដ្ឋកិច្ច​ឥណ្ឌា និង​រុស្ស៊ី ក្រៅ​ពី​ចិន​នោះ បាន​ធ្វើ​ឲ្យ​ឆ្នាំ​២០១៥ ក្លាយ​ជា​ឆ្នាំ​ដែល​គួរ​ឲ្យ​កត់សម្គាល់​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា។ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​អនុ​ប្រធានាធិបតី​ឥណ្ឌា លោក ហាមីត អានសារី (Hamid Ansari) មក​កម្ពុជា កាល​ពី​ខែ​កញ្ញា ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ប្ដេជ្ញា​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​ឲ្យ​បាន​ខ្លាំងក្លា។ ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​ឥណ្ឌា គឺ​ស្ថិត​ក្រោម​ការ​អនុវត្ត​គោលនយោបាយ "ឆ្ពោះ​មក​ទិស​ខាង​កើត" របស់​ឥណ្ឌា ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់​ចិន ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

​ទោះ​បី​មិន​បាន​បង្ហាញ​ពី​គោលដៅ​កំណត់​ជាក់លាក់​លើ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ក៏ដោយ ក៏​ឥណ្ឌា បាន​សិក្សា​រួច​ហើយ​ថា កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន​បួន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ជា​ទីតាំង​អនុគ្រោះ​បំផុត​ដល់​ការ​បង្កើត​រោងចក្រ​ផលិតកម្ម។

បន្ទាប់​ពី​វត្តមាន​ជា​ប្រវត្តិសាស្ត្រ​របស់​ឥណ្ឌា មក​កម្ពុជា គឺ​ការ​លេច​មុខ​ជា​ថ្មី​របស់​ប្រទេស​រុស្ស៊ី តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក ឌីមីទ្រី មិដវេដេវ (Dmitry Medvedev) កាល​ពី​ចុង​ខែ​វិច្ឆិកា កន្លង​ទៅ។ កាដូ​របស់​រុស្ស៊ី ជូន​កម្ពុជា នៅ​ចុង​ឆ្នាំ​២០១៥ គឺ​សំណើ​ផ្ដល់​ឲ្យ​កម្ពុជា នូវ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ ខណៈ​រុស្ស៊ី ដឹង​ថា កម្ពុជា​កំពុង​ត្រូវ​ការ​អគ្គិសនី​មាន​តម្លៃ​ថោក​បម្រើ​ឲ្យ​តម្រូវការ​ក្នុង​វិស័យ​ឧស្សាហកម្ម។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​លើកដៃ​ទទួល​យក​កាដូ​របស់​រុស្ស៊ី នៅ​ឡើយ ខណៈ​អ្នក​ជំនាញ​ខាង​វិស័យ​ថាមពល​មើល​ឃើញ​ថា កម្ពុជា​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ នោះ​ទេ។

​ក្រៅ​ពី​ទាក់ទាញ​បាន​ចំណាប់​អារម្មណ៍​របស់​មហា​អំណាច ផែនការ​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១៥ បាន​ជួប​ប្រទះ​នឹង​បរាជ័យ​ធំៗ​ចំនួន​ពីរ នោះ​គឺ​ការ​មិន​សម្រេច​បាន​គោលដៅ​នាំ​ចេញ​អង្ករ ១​លាន​តោន និង​ការ​មិន​ទទួល​បាន​ភ្ញៀវទេសចរ​ចំនួន ៥​លាន​នាក់ តាម​គោលដៅ​កំណត់។ ការ​មិន​សម្រេច​បាន​តាម​គោលដៅ​កំណត់​នេះ បន្សល់​ទុក​នូវ​សំណួរ​ជា​ច្រើន​ដេញដោល​សមត្ថភាព​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ចម្បងៗ​នៃ​សេដ្ឋកិច្ច​ជាតិ។

​ក្រៅ​ពី​ការ​សារភាព​របស់​រដ្ឋាភិបាល​ថា បរាជ័យ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​នាំ​ចេញ​អង្ករ ឆ្នាំ​២០១៥ ក៏​បញ្ចប់​ទៅ​ដោយ​ព្រឹត្តិការណ៍​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​វិស័យ​កាត់ដេរ​សំលៀកបំពាក់​ដែរ ពោល​គឺ​បាតុកម្ម​របស់​កម្មករ​កាត់ដេរ​ជាង ៣​ម៉ឺន​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដែល​ឈាន​ដល់​កុប្បកម្ម បណ្ដាល​ឲ្យ​មានការ​រង​របួស និង​ការ​ចាប់​ខ្លួន​រហូត​ដល់​ក្រុម​ថៅកែ​រោងចក្រ​ស្នើ​សុំ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រុម​ថៅកែ​បាន​លើក​ឡើង​ថា "សកម្មភាព​ហិង្សា​ដែល​កើត​ឡើង​ដដែលៗ​ជា​រៀង​រាល់​ឆ្នាំ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អារម្មណ៍ និង​ទស្សនៈ​វិស័យ​រយៈពេល​វែង​របស់​អ្នក​វិនិយោគ"។

សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ​២០១៥ បាន​បន្សល់​ទុក​នូវ​រឿង​ល្អ​លាយឡំ​នឹង​រឿង​អាក្រក់។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា នឹង​នៅ​តែ​រឹងមាំ​រហូត​ដល់​ឆ្នាំ​២០១៦ ទោះ​បី​កំណើន​នេះ ទំនង​ជា​មាន​ល្បឿន​យឺត​តិចតួច​ជាង​ការ​ព្យាករ​កាល​ពី​ដើម​ឆ្នាំ​២០១៥ ក៏ដោយ។

កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១៦ ត្រូវ​បាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ទម្លាក់​ពី​អត្រា ៧,៥% មក​នៅ​ត្រឹម ៧,២% វិញ តាម​រយៈ​ការ​ព្យាករ​ចេញ​ផ្សាយ​កាល​ពី​ខែ​កញ្ញា។ ការ​ថមថយ​នេះ គឺ​ដោយសារ​ការ​ងើប​ឡើង​វិញ យឺតយ៉ាវ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ឧស្សាហកម្ម​ធំៗ ដែល​ជះ​ឥទ្ធិពល​ដល់​កំណើន​ក្នុង​វិស័យ​សំខាន់ៗ​របស់​កម្ពុជា។ វិស័យ​សំណង់​អចលនទ្រព្យ វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្ម​កាត់​ដេរ នឹង​នៅ​តែ​បន្ត​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​កម្ពុជា នឹង​ត្រូវ​បង្កើន​ភាព​ទាក់ទាញ​របស់​ខ្លួន​ដើម្បី​ប្រកួត​ជាមួយ​ដៃគូ​ប្រជែង​សំខាន់ៗ​ក្បែរ​ខាង​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ាន ខណៈ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នឹង​បង្កើន​ភាព​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ក្លា។

ទន្ទឹម​នឹង​ការ​សាទរ​ចំពោះ​ការ​រក្សា​បាន​កំណើន​ថេរ​ជា​មធ្យម ៧% ក្នុង​មួយ​ឆ្នាំ គម្លាត​កាន់​តែ​ឆ្ងាយ​រវាង​អ្នក​មាន និង​អ្នក​ក្រ​នៅតែ​ជា​ប្រធានបទ​សំខាន់​ដែល​អ្នក​តាមដាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​តែងតែ​លើក​យក​មក​ពិភាក្សា និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្លាំងក្លា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។