ម៉ូតូ និង​ឡាន ចំនួន ៧៥១៩ គ្រឿង ត្រូវបាន​ប៉ូលិស ចាប់​ឃាត់ នៅ​ថ្ងៃទី​១ នៃ​ការត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​

ភ្នំពេញ: លទ្ធផល​ប្រតិបត្តិ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃ​ដំបូង គឺ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ ប៉ូលិស​ចរាចរណ៍ នៅ​ទូទាំងប្រទេស បាន​ផាកពិន័យ​យានយន្ត​សរុប​ចំនួន ៧៥១៩ គ្រឿង​។ ក្នុងនោះ ប៉ូលិស​បាន​អប់រំ ចំនួន ៤៥៤៣ គ្រឿង និង​ពិន័យ​យានយន្ត ចំនួន ២៩២៥ គ្រឿង​។ នៅ​ភ្នំពេញ មាន​យានយន្ត​ដែល​ល្មើសច្បាប់​ច្រើនជាងគេ រហូតដល់​ជាង ៦០០ គ្រឿង​។ នេះ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ ទទួលបន្ទុក​ខាង​ចរាចរណ៍​សណ្តាប់ធ្នាប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន បន្តថា ជាមួយនឹង​ការឃាត់​អប់រំ និង​ពិន័យ​នោះ នៅ​ថ្ងៃទី​១​មករា ប៉ូលិស ក៏បាន​ឃាត់ទុក​យានយន្ត ដែល​មិនមាន​ស្លាក​លេខ ពិសេស​ម៉ូតូ​ចំនួន ១១០ គ្រឿង នៅ​ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​។ យានយន្ត ដែល​គ្មាន​ស្លាក​លេខ​ទាំងនោះ នឹងត្រូវ​ប្រគល់ជូន​ម្ចាស់​វិញ នៅពេល​បំពេញបែបបទ ធ្វើ​ស្លាក​លេខ​រួចរាល់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន បាន​កត់សម្គាល់ថា យានយន្ត​ដែល​ល្មើសច្បាប់ ហើយ​ត្រូវ​ប៉ូលិស​ឃាត់​អប់រំ និង​ផាកពិន័យ មានការ​កើនឡើង ៧ ដង ក្នុង​មួយថ្ងៃ​។ ពោលគឺ​តាមច្បាប់​ចាស់ នៅ​ទូទាំងប្រទេស ប៉ូលិស​បាន​ឃាត់​ត្រឹមតែ ១០០០ គ្រឿង តែ​ពេល​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី កាលពី​ថ្ងៃទី​១​មករា គឺ​ប៉ូលិស​រកឃើញ​យានយន្ត​ល្មើស​ដល់​ទៅ ៧៥១៩ គ្រឿង​។​

​ចំពោះ​បទល្មើស​ដែលមាន​ច្រើនជាងគេ ក្នុងពេល​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ កាលពី​ថ្ងៃទី​១​មករា ឆ្នាំ​២០១៦ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន បញ្ជាក់ថា ករណី​អ្នករួមដំណើរ​តាម​ម៉​តូ ( អ្នកជិះ​ពីក្រោយ ) មិន​ពាក់មួក​សុវត្ថិភាព​។ ក្នុងករណីនេះ ប៉ូលិស​បាន​ណែនាំ​អប់រំ​ឲ្យ​គាត់​ពាក់មួក​សុវត្ថិភាព ដើម្បី​ការពារ​អាយុជីវិត នៅពេល​មាន​គ្រោះថ្នាក់​កើតឡើង​។ ក្រៅពីនោះ នៅមាន​ករណី​ភ្លឺ​រថយន្ត អ្នកបើកបរ​បត់​មិន​ប្រុងប្រយ័ត្ន មិន​ស៊ីញ៉ូ និង​ការបើកបរ​លើ​គំនូស​ចែក​ទ្រូងផ្លូវ ជាដើម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដោយ​ប៉ូលិស​នៅតែ​បន្ត​ការត្រួតពិនិត្យ ដូច​ភ្លៀង​រលឹម​។ ការចុះ​ត្រួតពិនិត្យ និង​ការឃាត់​អប់រំ ព្រមទាំង​ផាកពិន័យ​លើ​អ្នកបើកបរ ឬ​អ្នកជិះ​យានយន្ត ដែល​ល្មើសច្បាប់​នោះ ក្នុង​គោលបំណង​ទប់ស្កាត់​អំពើ​ល្មើស ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ គូសបញ្ជាក់ថា បើ​មិនមាន​ការពិន័យ​ទេ ក៏​អ្នក​ប្រព្រឹត្ត​ល្មើស មិន​រាងចាល​ឡើយ​។ ម្យ៉ាងទៀត ប៉ូលិស​ចុះ​រឹតបន្តឹង​ការត្រួតពិនិត្យ​នោះ ក៏​ដើម្បី​កាត់​បន្ថយ​​គ្រោះថ្នាក់​ចរាចរណ៍ ជា​អតិបរមា ផងដែរ​។​

​សូម​រម្លឹកថា ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ តទៅ ប៉ូលិស​បាន​ចុះ​ត្រួតពិនិត្យ​នូវ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដោយ​ដាក់​ប៉ុស្តិ៍​តាមផ្លូវ​នានា ទូទាំងប្រទេស​។ ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នោះ ប៉ូលិស​បាន​រឹតបន្តឹង​លើ​ការផាកពិន័យ​អ្នកបើកបរ​ម៉ូតូ និង​ឡាន ចាប់ពី​ទាប​បំផុត ១៥០០០ រៀល រហូតដល់ ១២៥០០០ រៀល​។ ការពិន័យ​នោះ ដូចជា មិន​ពាក់មួក​សុវត្ថិភាព​ពេល​បើកបរ និង​ជិះ​ម៉ូតូ ម៉ូតូ​មិនមាន​កញ្ចក់​មើល​ក្រោយ បើកបរ​ឡាន​មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព និង​មិនមាន​ភ្ជាប់​ឯកសារ​ដើម តាម​ខ្លួន ជាដើម​។​

​ចំពោះ​អ្នកបើកបរ​យានយន្ត ទាំង​ម៉ូតូ និង​ទាំង​បើកបរ​ឡាន ដែល​មិនទាន់មាន​ប័ណ្ណ​បើកបរ គឺ​ប៉ូលិស មិនទាន់​ផាកពិន័យ​នៅឡើយ​ទេ​៕​