កម្ពុ​ជាមាន​វត្ត​ជិត​៥​ពាន់ និង​ព្រះសង្ឃ​ជិត​៦​ម៉ឺន​អង្គ​

​ក្រសួង​ធម្មការ​និង​សាសនា បានរៀបចំ​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​លើក​ទី​២៤ នៅ​សាលចតុមុខ​ដែល​ប្រព្រឹត្តទៅ​អស់​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ ។ អនុ​សំវ​ច្ឆ​រ​មហាសន្និបាត គឺជា​ការជួបជុំ​របស់​មន្ត្រី​សង្ឃ​ទូទាំងប្រទេស ដែល​ត្រូវបាន​រៀបចំឡើង​មួយដង​ក្នុង​មួយឆ្នាំ​។ ការជួបជុំ​របស់​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​នេះ គឺ​ដើម្បី​ពិភាក្សាគ្នា​ពី​កិច្ចការ​ព្រះពុទ្ធសាសនា ប្រចាំឆ្នាំ​។​

​ទិន្នន័យ​នៃ​ក្រសួង​ធម្មការ​និង​សាសនា ដែល​ត្រូវ​បានប្រកាស​ក្នុង​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​នេះ បាន​ឲ្យ​ដឹងថា នាពេល​បច្ចុប្បន្ន កម្ពុ​ជាមាន​វត្ត​ចំនួន ៤,៧៥៥ ក្នុងនោះ​វត្ត​ខាង​គណៈមហានិកាយ មាន​ចំនួន ៤,៥៥១ និង​វត្ត​ខាង​គណៈធម្មយុត្តិកនិកាយ មាន​ចំនួន ២០៤ ។ ព្រះសង្ឃ​មាន​ចំនួន ៥៩,៥១៦ អង្គ ក្នុងនោះ​គណៈមហានិកាយ មាន​ចំនួន ៥៤,៧៦២ អង្គ ហើយ​គណៈធម្មយុត្តិកនិកាយ​មាន​ចំនួន ៤,៧៥៤ អង្គ​។​

​ចំណែកឯ វិស័យ​អប់រំ​ផ្នែក​ព្រះពុទ្ធសាសនា មាន​តាំងពី​ថ្នាក់​ពុទ្ធិកបឋមសិក្សា រហូតដល់​ថ្នាក់​ពុទ្ធិក​ឧ​ត្ត​មសិ​ក្សា​។ ពុទ្ធិកបឋមសិក្សា​មាន​ចំនួន ៧៤៣, ពុទ្ធិក​អនុវិទ្យាល័យ មាន​ចំនួន ៣៧, ពុទ្ធិកវិទ្យាល័យ​មាន​ចំនួន ១៥, ពុទ្ធិក​សាកលវិទ្យាល័យ​មាន​ចំនួន ៣ ។​

​ពុទ្ធិកសិក្សា គឺជា​សាលា​សម្រាប់​អប់រំ​និង​បណ្តុះបណ្តាល​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធសាសនា​។ វិស័យ​អប់រំ​ផ្នែក​ពុទ្ធចក្រ​នេះ មាន​លក្ខណៈ និង​ប្រព័ន្ធ​ដូច​វិស័យ​អប់រំ​ខាង​អាណាចក្រ ពោលគឺ ពុទ្ធិកបឋមសិក្សា​, ពុទ្ធិក​អនុវិទ្យាល័យ​, ពុទ្ធិកវិទ្យាល័យ​, និង​ពុទ្ធិក​សាកលវិទ្យាល័យ ស្មើនឹង​បឋមសិក្សា​, អនុវិទ្យាល័យ​, វិទ្យាល័យ​, សា​លក​វិទ្យាល័យ ខាង​គ្រហស្ថដែរ។ ប៉ុន្តែ​អ្វីដែល​ខុសប្លែក​នោះ​គឺ កម្រិត​បឋមសិក្សា​ខាង​ព្រះសង្ឃ គឺ​សិក្សា​តែ​រយៈពេល​៣​ឆ្នាំ​ប៉ុណ្ណោះ ចំណែក​ខាង​គ្រហស្ថ​វិញ ត្រូវ​សិក្សា​រយៈពេល ៦​ឆ្នាំ​។ ម្យ៉ាងទៀត ប្រព័ន្ធ​អប់រំ​ខាង​ព្រះសង្ឃ មានមុខ​វិទ្យា​ច្រើនជាង​គ្រហស្ថ​មួយចំនួន ដូច​ភាសាបាលី ភាសាសំស្ក្រឹត និង​មុខ​វិទ្យា​ផ្នែក​សាសនា ជាដើម​៕