សិប្បករ​រ៉ែ​ត្បូង​នៅ​រតនគិរី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​ជីក​ត្បូង​អនាធិបតេយ្យ

ក្រុម​សិប្បករ​នៃ​អាជីវកម្ម​រ៉ែ​ត្បូង​ខ្នាត​តូច​នៅ​ស្រុក​បរកែវ ខេត្ត​រតនគិរី រិះគន់​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ដែល​នៅ​តែ​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​អ្នក​ជីក​ត្បូង​ខុស​ច្បាប់​ប្រើប្រាស់​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​ជីក​កកាយ​យក​ត្បូង​ដោយ​គ្មាន​ការ​ទទួល​ខុសត្រូវ និង​មិន​បាន​បង់​ចំណូល​ចូល​ថវិកា​ជាតិ។

​ក្រុម​សិប្បករ​នៃ​អាជីវកម្ម​រ៉ែ​ត្បូង​ខ្នាត​តូច​នៅ​ឃុំ​ឡាមិញ នៅ​ថ្ងៃ​ទី​២ ខែ​មករា អំពាវនាវ​សុំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៃ​អាជ្ញាធរ​ខេត្ត​រតនគិរី ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​សកម្មភាព​ជីក​រក​រ៉ែ​ត្បូង​ខុស​ច្បាប់​ដោយ​ក្រុម​អនាធិបតេយ្យ។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​រ៉ែ និង​ថាមពល បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ជីក​ត្បូង​ជា​លក្ខណៈ​គ្រួសារ​សុំ​អាជ្ញាប័ណ្ណ​ធ្វើ​សិប្បកម្ម​រ៉ែ​ត្បូង​ខ្នាត​តូច​ជំនួស​ការ​ជីក​រ៉ែ​ត្បូង​ខុស​ច្បាប់ ក៏​ប៉ុន្តែ​ខណៈ​ប្រជាពលរដ្ឋ​មួយ​ចំនួន​គោរព​ការ​ណែនាំ​នេះ​បែរ​ជា​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​នៅ​តែ​បន្ត​ជីក​ត្បូង​អនាធិបតេយ្យ​នៅ​ក្នុង​ដី​ចម្ការ​កៅស៊ូ​របស់​រដ្ឋ​ដែល​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ស្វីស រ៉ាប់ប៊ឺ ផ្លេនថេសិន (Swift Rubber Plantation) និង​ដី​ចម្ការ​កៅស៊ូ​គ្រួសារ​ឋិត​ក្នុង​ភូមិ​ត្រុំ ឃុំ​ឡាមិញ ស្រុក​បរកែវ ដដែល និង​មិន​មាន​ការ​បង្ក្រាប​ជាក់លាក់​ពី​ក្រុម​សមត្ថកិច្ច។

សិប្បករ​រ៉ែ​ត្បូង​មួយ​រូប​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​រិះគន់​ថា ការ​បណ្ដែតបណ្ដោយ​នេះ គឺ​ជា​កត្តា​ធ្វើ​ឲ្យ​ក្រុម​ជីក​ត្បូង​អនាធិបតេយ្យ​កាន់តែ​កើន​ច្រើន​ឡើង​ចូល​ទៅ​ជីក​កកាយ​ដី​រដ្ឋ និង​មិន​បាន​បង់​ប្រាក់​ចំណូល​សម្រាប់​ថវិកា​ជាតិ​ដូច​ពលរដ្ឋ​អ្នក​គោរព​ច្បាប់​នោះ​ទេ។ លោក​ថា ក្រុម​សិប្បករ​ធ្វើ​អាជីវកម្ម​រ៉ែ​ត្បូង​ខ្នាត​តូច​ត្រូវ​ចំណាយ​ប្រាក់ ២.៥០០​ដុល្លារ​សម្រាប់​បែបបទ​សុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​ត្បូង​ខ្នាត​តូច​រយៈពេល​មួយ​ឆ្នាំ​លើ​ផ្ទៃដី​មួយ​ហិកតារ​ជម្រៅ ៤​ម៉ែត្រ​ចុះ​ទៅ​ក្រោម​ដី៖ «បើ​ជីក​អនាធិបតេយ្យ​បាន​ចាំបាច់​ឲ្យ​ដី​ឯកជន​ទៅ​បង់ពន្ធ​ធ្វើ​ស្អី។ វា​ដូច​ជា​អត់​យុត្តិធម៌ អ្នក​​មាន​អាជ្ញាប័ណ្ណ​មាន​ទៅ អ្នក​ជីក​អនាធិបតេយ្យ​ទៅ​ជីក​អនាធិបតេយ្យ​ទៅ»

ការ​ជីក​យក​ត្បូង​មាន​តម្លៃ​អនាធិបតេយ្យ​នៅ​ក្នុង​ដី​ចម្ការ​កៅស៊ូ​រដ្ឋ និង​ដី​ចម្ការ​កៅស៊ូ​ឯកជន​នៅ​ភូមិ​ត្រុំ ឃុំ​ឡាមិញ ស្រុក​បរកែវ ខេត្ត​រតនគិរី កើត​មាន​តាំង​ឆ្នាំ​២០១៤។ ចំណែក​ក្រុម​សមត្ថកិច្ច​បង្ក្រាប​បាន​តែ​មួយ​រយៈ​ខ្លី បន្ទាប់​មក​ការ​ជីក​យក​ត្បូង​អនាធិបតេយ្យ​កើត​មាន​ឡើង​វិញ​ដដែលៗ​រហូត​បច្ចុប្បន្ន។

ទាក់ទិន​ការ​បង្ក្រាប​អ្នក​ជីក​ត្បូង​អនាធិបតេយ្យ​នេះ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​រតនគិរី លោក ហ៊ុន ប៊ុនថាន បដិសេធ​ថា ក្រុម​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​មិន​បាន​បណ្ដែតបណ្ដោយ​នោះ​ទេ ក៏ប៉ុន្តែ​ដី​ដែល​ជា​តំបន់​ជីក​ត្បូង​អនាធិបតេយ្យ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺ ផ្លេនថេសិន។ ដោយ​ឡែក​ក្រុមហ៊ុន​នេះ​បាន​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​រឿង​នេះ​ ដោយសារ​តែ​ដី​នោះ​ឋិត​ក្នុង​ជម្លោះ​ទាមទារ​ពី​អតីត​ក្រុមសាមគ្គី​ចម្ការ​កៅស៊ូ​តាម​ផ្លូវ​តុលាការ ហេតុ​នេះ​ការ​គ្រប់គ្រង​ដី​តំបន់​នោះ​ឋិត​ក្នុង​ភាព​មិន​ច្បាស់លាស់។

យ៉ាង​ណា​លោក​ថា បច្ចុប្បន្ន​សកម្មភាព​លួច​ជីក​យក​ត្បូង​នៅ​តំបន់​នោះ​មាន​សភាព​​តិចតួច ហើយ​លួចលាក់​ធ្វើ​នៅ​ពេល​យប់​ដែល​សមត្ថកិច្ច​ពិបាក​ចាត់​វិធានការ​ទាន់​ពេល​វេលា៖ «យើង​នៅ​តែ​បង្ក្រាប​ជា​រៀង​រហូត​មិន​បណ្ដោយ​ឲ្យ​អនាធិបតេយ្យ។ យក​ល្អ​បើ​សិន​គាត់​សហការ គាត់​រាយការណ៍​មក​ភ្លាមៗ​ក៏​យើង​ធ្វើ​ភ្លាម»

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី ធ្លាប់​បាន​បង្ហោះ​រូបភាព​ទីតាំង និង​​សកម្មភាព​ជីក​រក​រ៉ែ​នៅ​ក្នុង​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក (Facebook) ដែល​បង្ហាញ​ថា កន្លែង​ជីក​ត្បូង​នេះ​ត្រូវ​បាន​កម្មករ​​ជា​ក្រុមៗ​រាប់​សិប​នាក់​មាន​ខ្មែរ និង​វៀតណាម ចូល​ទៅ​ជីក បន្ទាប់​ពី​ទី​នោះ​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​ដូច​លេង​បិទ​ពួន ម្ដង​បិទ ម្ដង​បើក។

ការ​អង្កេត​បឋម​របស់​លោក ឆាយ ធី រក​ឃើញ​ថា មាន​ថៅកែ​ជា​​ឈ្មួញ​ទិញ​ត្បូង ឬ​កុងសែ​ត្បូង​ជា​អ្នក​នៅ​ពីក្រោយ​សកម្មភាព​ជីក​រក​ត្បូង​នេះ។ ចំណែក​អាជ្ញាធរ​​មូលដ្ឋាន​ពាក់ព័ន្ធ​ខ្លះ​ត្រូវ​គេ​សង្ស័យ​ថា បាន​ឃុបឃិត​ផ្ដល់​ព័ត៌មាន​ទៅ​ឲ្យ​អ្នក​ជីក​ត្បូង​​គេច​ខ្លួន ខណៈ​មាន​សមត្ថកិច្ច​ចុះ​ទី​កាន់​ទីនោះ៖ «អ្នក​ជីក​នៅ​តំបន់​នោះ​គឺ​យើង​ស្គាល់​អស់​ហើយ ប៉ុន្តែ​បើ​យើង​ទៅ​ដេញ​មិន​ឲ្យ​ជីក គឺ​អ្នក​ជីក​​អនាធិបតេយ្យ​នៅ​តែ​ជីក ហើយ​អ្នក​សុំ​ច្បាប់​ធ្វើ​អាជីវកម្ម​ពិត​ជា​បរាជ័យ»

កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ ក្រុម​ការងារ​ក្រសួង​រ៉ែ និង​ថាមពល បាន​រក​ឃើញ​សកម្មភាព​ជីក​រក​រ៉ែ​អនាធិបតេយ្យ​កើត​មាន​រាប់​រយ​កន្លែង​នៅ​ខេត្ត​រតនគិរី។ ក្រសួង​រ៉ែ និង​ថាមពល បាន​សម្រេច​ចេញ​អាជ្ញាប័ណ្ណ​សិប្បកម្ម​ខ្នាត​តូច និង​មធ្យម ចំពោះ​ប្រជាពលរដ្ឋ​ជីក​រក​រ៉ែ​ជា​លក្ខណៈ​គ្រួសារ។ រហូត​បច្ចុប្បន្ន មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ប្រមាណ ១០​គ្រួសារ​បាន​​ស្នើ​សុំ​អាជ្ញាប័ណ្ណ​សិប្បកម្ម​រ៉ែ​ត្បូង​ខ្នាត​តូច​កាល​ពី​ឆ្នាំ​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។