សហជីព​ចង់​បាន​តុលាការ​ការងារ​ឯករាជ្យ

តំណាង​សហជីព​គាំទ្រ​ឲ្យ​បង្កើត​តុលាការ​ការងារ​សម្រាប់​ដោះស្រាយ​វិវាទ​កម្មករ​នៅ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ តំណាង​សហជីព​ចង់​បាន​តុលាការ​ការងារ​ដែល​ឯករាជ្យ និង​យុត្តិធម៌​ពិត​ប្រាកដ ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​កម្មករ។ ការ​លើក​ឡើង​នេះ ខណៈ​ក្រសួង​ការងារ មាន​គម្រោង​បង្កើត​តុលាការ​ការងារ និង​ដាក់​ឱ្យ​ដំណើរការ​នៅ​ដើម​ឆ្នាំ​២០១៧ ខាង​មុខ។

តំណាង​សហជីព​នៅ​កម្ពុជា ចង់​បាន​តុលាការ​ការងារ ដែល​ក្រសួង​ការងារ អះអាង​ថា នឹង​បង្កើត​នៅ​ពេល​ខាង​មុខ ជា​តុលាការ​ដែល​ឈរ​លើ​គោលការណ៍​ឯករាជ្យ​ពិត​ប្រាកដ មិន​ដូច​តុលាការ​សព្វថ្ងៃ​នេះ​នោះ​ឡើយ។

ការ​លើក​ឡើង​របស់​អ្នក​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កម្មករ​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ប្រកាស​ថា នៅ​ដើម​ឆ្នាំ​២០១៧ ខាង​មុខ​នេះ ក្រសួង​ការងារ​នឹង​បង្កើត​ឱ្យ​មាន​តុលាការ​ការងារ ដើម្បី​ដោះស្រាយ​បញ្ហា​វិវាទ​ការងារ​ដែល​កើត​ឡើង​រវាង​កម្មករ និង​និយោជក​ប្រកប​ដោយ​ប្រសិទ្ធភាព។

​ករណី​នេះ​ត្រូវ​បាន​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ យល់​ថា ខណៈ​បច្ចុប្បន្ន កម្ពុជា​មាន​តែ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ប៉ុណ្ណោះ​ជា​អ្នក​ដោះស្រាយ​រាល់​វិវាទ​ការងារ​ដែល​បាន​កើត​ទ្បើង ហេតុ​នេះ​ការ​បង្កើត​តុលាការ​ការងារ​ជា​រឿង​ប្រសើរ។ ប៉ុន្តែ​អ្នកស្រី​បារម្ភ​ថា តុលាការ​ការងារ​នេះ​អាច​នឹង​មិន​មាន​តម្លាភាព និង​មិន​អាច​រក​យុត្តិធម៌​ជូន​កម្មករ​បាន ប្រសិនបើ​តុលាការ​នោះ​នៅ​តែ​ពុំ​មាន​ឯករាជ្យ​ដូច​តុលាការ​បច្ចុប្បន្ន។ អ្នកស្រី​ថា កន្លង​មក​ភាគ​ច្រើន​នៃ​រឿង​ក្ដី​របស់​កម្មករ ត្រូវ​បាន​គេ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ ឬ​មិន​បាន​ស៊ើប​អង្កេត​អោយ​បាន​ត្រឹមត្រូវ​នោះ​ទេ៖ «»។

​ប្រធាន​សម្ពន្ធ​សហជីព​កម្ពុជា រូប​នេះ​ចង់​ឲ្យ​តុលាការ​ការងារ​ដែល​ក្រសួង​គ្រោង​បង្កើត មាន​ឯករាជ្យ និង​មាន​ឆន្ទៈ​បម្រើ​ផលប្រយោជន៍​ជូន​កម្មករ​ពិត​ប្រាកដ៖ «»។

ចំណែក​ឯ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវាកម្ម​កម្ពុជា លោក សរ ម៉ូរ៉ា មាន​ប្រសាសន៍​ថា កន្លង​មក​ការ​ដោះស្រាយ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បាន​ប្រសើរ​ច្រើន​ក្តី ប៉ុន្តែ​ការ​ដោះស្រាយ​នៅ​ប្រើ​ពេល​វេលា​យូរ ធ្វើ​ឲ្យ​ខកខាន​រាល់​ការ​ដោះស្រាយ​វិវាទ​ដែល​បាន​កើត​ឡើង​នោះ។ លោក​សង្ឃឹម​ថា តុលាការ​ការងារ​នេះ នឹង​មាន​គោលនយោបាយ​ច្បាស់លាស់ និង​មាន​ការ​ចូលរួម​ពី​ត្រី​ភាគី ព្រោះ​កន្លង​មក ដោយសារ​តែ​ដោះស្រាយ​គ្មាន​យុត្តិធម៌ ធ្វើ​ឲ្យ​កម្មករ និង​សហជីព​ជា​ច្រើន​បាន​ជាប់​ពន្ធនាគារ និង​ការ​រំលោភ​សិទ្ធិ​ផ្សេងៗ៖ «»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២ ខែ​មករា។ ប៉ុន្តែ ក្នុង​សន្និបាត​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា អាណត្តិ​ទី​៥ រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង អះអាង​ថា ក្រសួង​និង​ភាគី​ពាក់ព័ន្ធ​កំពុង​សិក្សា​លើ​ទិដ្ឋភាព​បច្ចេកទេស និង​ដក​បទពិសោធន៍​ពី​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដើម្បី​សិក្សា​អំពី​ប្រព័ន្ធ​តុលាការ​ការងារ ដើម្បី​យក​មក​អនុវត្ត​ឲ្យ​សមស្រប​ទៅ​នឹង​បរិបទ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សហជីព​កម្ពុជា ក្រៅ​ពី​ចង់​បាន​តុលាការ​ការងារ​ឯករាជ្យ និង​យុត្តិធម៌ ក៏​ស្នើ​ឲ្យ​ប្រព័ន្ធ​តុលាការ​ការងារ​នេះ​អនុវត្ត​បាន​សមស្រប​ទៅ​នឹង​បរិបទ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជួយ​សម្របសម្រួល​រវាង​ភាគី​កម្មករ សហជីព និង​ថៅកែ​រោងចក្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។