ពលរដ្ឋ​កម្ពុជា​-​ថៃ​រៀបចំ​ពិធី​រាប់​បាត​ឆ្លង​ឆ្នាំ​សកល​រួម​គ្នា នៅ​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ

ខេត្តឧត្តរមានជ័យ ៖ ព្រះសង្ឃ​៨០​អង្គ និង​ពលរដ្ឋ​៣០០​នាក់ ព្រមទាំង​កងកម្លាំង​ជា​ច្រើន​រូប​ទៀត​បាន​រៀបចំ​ពិធី​រាប់​បាត​ឆ្លង​ឆ្នាំ​សកល​រួម​គ្នា​រវាង​ប្រទេស​ទាំង​២ កម្ពុជា​-​ថៃ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២ មក​រា ២០១៦ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ ស្ថិត​នៅ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង​វែង ខេត្តឧត្តរមានជ័យ ក្រោម​អធិបតីភាព​លោក ហោ ជិន​វរៈ​យុទ្ធ អភិបាលស្រុក​អន្លង់​វែង ប្រទេស​កម្ពុជា និង​លោក ស៊ុំ​គាត ស៊ីខាវ អភិបាល​ស្រុក​ភូ​ស៊ី​ង ប្រទេស​ថៃ ។

ពលរដ្ឋ​ទាំង​២​ប្រទេស កម្ពុជា​-​ថៃ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ការ​រៀបចំ​ពិធី​ធ្វើបុណ្យ​រាប់​បាត​ឆ្លង​ឆ្នាំ​សកល​រួម​គ្នា​នេះ​យោង​ទៅ​តាម​ការ​គោរព​ព្រះពុទ្ធ​សាសនា​ដូច​គ្នា​រវាង​ប្រទេស​ជិតខាង​គ្នា លើស​ពី​នោះ​ពលរដ្ឋ​និង​ពលរដ្ឋ​ទាំង​២​ប្រទេស​បាន​ផ្សារ​ភ្ជាប់ យល់ចិត្ត យល់​ថ្លើម​គ្នា និង​ឈាន​ទៅ​រក​សុខ​សន្តិភាព​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នា​ពេល​អនាគត ។

លោក ហោ ជិន​វរៈ​យុទ្ធ អភិបាលស្រុក​អន្លង់​វែង បាន​មាន​ប្រសាសន៍​ថា ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ប្រទេស​កម្ពុជា និង​ស្រុក​ភូ​ស៊ី​ង ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ បាន​ស្រុះស្រួល​មូលមតិ​គ្នា​រៀបចំ​ពិធី​រាប់​បាត​ឆ្លង​ឆ្នាំ​សកល​រួម​គ្នា​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ​នា ឪ​កាស​នោះ​ដែរ​ក៏​មានការ​ប្រកួត​កីឡា កម្ពុជា​-​ថៃ ដូច​ជា​បាល់ទះ បាល់ទាត់ និង​ប៊ូល​ជា​មិត្តភាព ដើម្បី​រឹតចំណង​មេត្រីភាព​ប្រទេស​ទាំង​២​ឲ្យ​មាន​សុខ​សន្តិភាព ៕