និស្សិត​ជនជាតិ​គ្រឹ​ង សានិ​ត រៀន​ចប់ ត្រឡប់​ទៅ​ផ្ទេរ​ចំណេះ​ក្នុង​សហគមន៍​វិញ​

​ភ្នំពេញ​៖ ជា​កូន​ត្រកូល​កសិករ​នៃ​គ្រួសារ​ជនជាតិភាគតិច​គ្រឹ​ង​ក្នុង​ខេត្តរតនគិរី ស៊ុយ សានិ​ត កំពុង​សិក្សា​ថ្នាក់​អាហារូបករណ៍​ផ្នែក​គណិតវិទ្យា​ក្នុង​ឆ្នាំ​ទី​៤​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ជា​កូនច្បង​ក្នុង​គ្រួសារ តែ​កំព្រាម្តាយ ហើយ​ធ្លាប់​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ បាត់បង់​ដីធ្លី និង​ធ្លាប់ជា​កម្មករ​ផង​នោះ សានិ​ត បាន​ប្រើប្រាស់​ពិសោធន៍​ជូរចត់​ទាំងនេះ ដើម្បី​លើកទឹកចិត្ត​ខ្លួនឯង​ឲ្យ​ជោគជ័យ​ក្នុងការ​សិក្សា​។ ការសិក្សា​បានអនុញ្ញាត​ឲ្យ​យុវជន​ជនជាតិ​គ្រឹ​ង​អាច​បង្រៀន​តាម​ផ្ទះ  និង​ទទួលបាន​ប្រាក់​សម្រាប់​ចិញ្ចឹមជីវិត​នៅក្នុង​រាជធានី និង​សម្រាប់​ផ្តល់​ឲ្យ​គ្រួសារ​ដែរ​។ ចំណេះដឹង​មាន​សារសំខាន់​។ សានិ​ត សន្យាថា គាត់​នឹង​ត្រឡប់​ទៅ​បង្រៀន​យុវជន​ជនជាតិភាគតិច​នៅក្នុង​ភូមិកំណើត បន្ទាប់ពី​លោក​បញ្ចប់​ការសិក្សា​នៅ​ភ្នំពេញ​។​

​នៅក្នុង​បណ្ណាល័យ​, ក្រោម​ម្លប់ឈើ និង​វាលស្មៅ​នៅក្នុង​ទីធ្លា​សាលា​ភូមិន្ទ​ភ្នំពេញ ទាំងនេះ គឺជា​កន្លែង​ដែល​និស្សិត​អាហារូបករណ៍​គណិតវិទ្យា​វ័យ​២៣​ឆ្នាំ ស៊ុយ សានិ​ត តែងតែ​មក​រម្លឹក​មេរៀន ក្រៅតែពី​អង្គុយ​ក្នុង​ថ្នាក់រៀន​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​រៀន​នៅតាម​អង្គការ​។​

និស្សិត​ជនជាតិ​គ្រឹ​ង សានិ​ត រៀន​ចប់ ត្រឡប់​ទៅ​ផ្ទេរ​ចំណេះ​ក្នុង​សហគមន៍​វិញ​​ជា​កូន​កំព្រាម្តាយ ហើយ​ដែល​មិន​នឹកស្មានថា ខ្លួន​បាន​ក្លាយជា​និស្សិត​មហាវិទ្យាល័យ​សោះ​នោះ និស្សិត​ជនជាតិ​គ្រឹ​ង​ឆ្នាំ​ទី​៤ ស៊ុយ សានិ​ត ពន្យល់ថា​៖ «​រឿង​ដែល​ខ្ញុំ​សប្បាយចិត្ត​បំផុត គឺ​ខ្ញុំ​បានមក​រៀន​នៅ​សកលវិទ្យា​ល័យ​។ នេះ​ក៏ដោយ​សារ​ខ្ញុំ​ទទួលបាន​អាហារូបករណ៍ និង​មាន​សមាគមជាតិ​ដើម​ភាគតិច​ឲ្យ​កន្លែង​ស្នាក់នៅ​ស្រាប់ ហើយ​បើ​គ្មាន​ការ​ជ្រោមជ្រែង​ពី​រៀមច្បង​ម្នាក់​ដែល​ធ្វើការ​នៅ​ភ្នំពេញ ចេញថ្លៃ​ធ្វើដំណើរ​ឲ្យ​ខ្ញុំ​មក​ភ្នំពេញ​ទេ ខ្ញុំ​ក៏​មិន​បានមក​រៀន​បន្ត​ដែរ​»​។​

​សានិ​ត មិនអាច​រស់នៅ​ឲ្យ​សម្បូរបែប​នៅ​ភ្នំពេញ ដូច​និស្សិត​មួយចំនួន​ទៀតឡើយ​។ ប្រាក់​២៣​ម៉ឺន​រៀន ដែល​ឪពុក​ផ្តល់​ឲ្យ​នោះ គឺ​និស្សិត​ជនជាតិ​គ្រឹ​ង​មាឌ​ស្តើង សម្បុរ​ស្រអែម ស៊ុយ សានិ​ត បាន​បែងចែក​សម្រាប់​ចាយវាយ​ពេញ​១​ឆ្នាំ​។ សានិ​ត ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​កាល​ខ្ញុំ​រៀន​នៅ​ឆ្នាំ​ទី​១ ពី​៣​ទៅ​៤​ខែ​ឪពុក​ខ្ញុំ​គាត់​ផ្ញើ​លុយ​ឲ្យ​ម្តង​។ លើក​ទី​១ ៨​ម៉ឺន​, លើក​ទី​២ ១០​ម៉ឺន​, លើក​ទី​៣ ៥​ម៉ឺន​រៀល និង​ផ្ញើ​អង្ករ បន្លែ ល្ពៅ ត្រឡាច ននោង ត្រប់​។ ពេល​ហ្នឹង​ខ្ញុំ​ចូល​លុយ​គ្នា​ម្នាក់​១​ពាន់​រៀល​ទិញ​សាច់ជ្រូក ឬ​ត្រី មក​ស្ល​ជាមួយ​បន្លែ​អស់ហ្នឹង​សឹង​រាល់ថ្ងៃ ហើយ​បរិភោគ​ជាមួយ​អ្នកស្នាក់នៅ​ក្នុង​សមាគម​ជាមួយគ្នា​»​។

​និស្សិត​ក្រីក្រ​រូបនេះ​បន្តទៀតថា​៖ «​ប៉ុន្តែ​ក្រោយមក មាន​អង្គការ​ផ្ទះបាយ​កុមារ​ផ្តល់​អាហារ​ពីរ​ពេល​ក្នុង​មួយថ្ងៃ​ឲ្យ​ពួក​ខ្ញុំ អ្នកស្នាក់នៅ​សមាគម​ជនជាតិដើម​ភាគតិច​កម្ពុជា (CIAY) ខ្ញុំ​គ្រាន់តែ​ជួយ​រៀប​អាហារ​ឲ្យ​ក្មេងៗ ហើយ​ពេលទំនេរ​នៅ​ថ្ងៃអាទិត្យ​ខ្ញុំ​ជួយ​បង្រៀនអក្សរ និង​ងូតទឹក​ឲ្យ​ក្មេងៗ​នៅ​ទីនោះ គឺ​គេ​ឲ្យ​បាយ​ហូប​។ នៅ​អង្គការ​ផ្ទះបាយ​កុមារ ខ្ញុំ​ហូបបាយ​នៅ​ទីនោះ និង​ខ្ចប់​បាយ​ទុក​ហូប​នៅ​សាលា​ពេល​ថ្ងៃ​។ និស្សិត​នៅ CIYA គេ​មិនសូវ​មក​ហូប​ទេ តែ​ខ្ញុំ​មក​សឹង​រាល់ថ្ងៃ​។​

​ចាប់ពី​ឆ្នាំ​ទី​២​មក និស្សិត​វ័យ​២៣​ឆ្នាំ ស៊ុយ សានិ​ត ឆ្លៀតពេល​ទៅ​បង្រៀន​កូនសិស្ស​តាម​ផ្ទះ​បី​កន្លែង​ផ្សេងគ្នា ហើយ​ពេល​ខ្លះទៅ​រត់​តុ​តាម​រោងការ និង​បកប្រែ​ឯកសារ​ខ្មែរ​-​អង់គ្លេស​ពេល​មាន​គេ​ជួល​ម្តងម្កាល​ផងដែរ សរុប​បាន​ប្រា​ក់ជាង​២០០​ដុល្លារ​ក្នុង​មួយខែ ដើម្បី​ចិញ្ចឹមជីវិត និង​ផ្គត់ផ្គង់​ការសិក្សា​។ សានិ​ត​ត្រូវ​ចំណាយពេល​១​ម៉ោង ដើម្បី​ជិះ​កង់​ពីស​កល​វិទ្យាល័យ​ភូមិន្ទ​ទៅ​បង្រៀន​សិស្ស​តាម​ផ្ទះ​នៅក្បែរ​ស្ថា​នី​ទូរទស្សន៍​ស៊ី ធី អិន គឺ​បង្រៀន​ពី​ម៉ោង​៦​ដល់​ម៉ោង​៨​យប់ ទើប​ត្រឡប់មក​កន្លែង​ស្នាក់នៅ​ក្នុង​សមាគម​ជនជាតិដើម​ភាគតិច​កម្ពុជា (CIYA) វិញ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សានិ​ត បាន​សន្សំ​ប្រាក់​មួយចំនួន​ផ្ញើ​ឲ្យ​ឪពុក​ទុក​ផ្គត់ផ្គង់​ក្នុង​គ្រួសារ និង​បង់ថ្លៃ​រៀន​គួរ​ឲ្យ​ប្អូន​នៅ​ស្រុកកំណើត​ទៀតផង​។​

​កិច្ចការ​ប៉ុណ្ណឹង​មិន​លំបាក​សម្រាប់​អតីត​សិស្ស​ពូកែ​និទ្ទេស​«B» ស៊ុយ សានិ​ត ឡើយ​។ សានិ​ត ធ្លាប់​ឆ្លងកាត់​ជីវិត​លំបាក​ជាង​នេះ​ឆ្ងាយ​ណាស់  ក្រោយពី​ម្តាយ​ទទួលមរណភាព កាលពី​ឆ្នាំ​២០០៣ ដោយសារ​ជំងឺ​ប្រចាំកាយ​។ និស្សិត ស៊ុយ សានិ​ត និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ឪពុក​ខ្ញុំ​ពិការ​ជើង​តាំងពី​កំណើត ពេល​ម្តាយ​ឈឺ គាត់​លក់​ដី​អស់​ដើម្បី​មើលជំងឺ​ម្តាយ​ខ្ញុំ តែ​នៅតែ​មិនជា​សះស្បើយ​។ ក្រោយពី​និស្សិត​ជនជាតិ​គ្រឹ​ង សានិ​ត រៀន​ចប់ ត្រឡប់​ទៅ​ផ្ទេរ​ចំណេះ​ក្នុង​សហគមន៍​វិញ​ម្តាយ​ស្លាប់ ភ្លើង​ឆេះ​ផ្ទះ​ទៀត ពេល​ប្អូន​ខ្ញុំ​ដាំបាយ​ធ្វើ​ឲ្យ​ភ្លើង​ឆាបឆេះ​ផ្ទះ ៤​នាក់​ប្អូនៗ និង​ពុក សល់​តែ​ខោអាវ​ម្នាក់​មួយ​សម្រាប់ ហើយ​ជួល​ដី​គេ​ធ្វើ​ផ្ទះ​ខ្ទម​មួយ​នៅ គឺ​ផ្ទះ​ប្រក់​ស្បូវ​លា​យស​ង្ក័​សី ជញ្ជាំង​ក្រណាត់​ប៉ាតង់​មួយ​ចំហៀង និង​ឈើ​មួយ​ចំហៀង​»​។​

​ពេលនោះ​ជីវភាព​គ្រួសារ សានិ​ត កាន់តែ​ក្រ​។ គ្មាន​បាយ​បរិភោគ ហើយ​ពេលខ្លះ ក៏ត្រូវ​រង​ការ​មាក់ងាយ​ពី​អ្នកជិតខាង​នៅពេលដែល សានិ​ត​ត្រូវសុំ​អាហារ​ពី​ពួកគេ​។ ជាងនេះទៅទៀត សានិ​ត ក៏​ធ្លាប់ធ្វើ​កម្មករ ជាមួយ​លោកឪពុក​ជិត​៩​ឆ្នាំ ពោលគឺ​ក្រោយពី​ម្តាយ​ទទួលមរណភាព​កាលពី​ឆ្នាំ​២០០៣ រហូតដល់​សានិ​តរៀន​ចប់​ថ្នាក់​ទី​១២​នៅ​ឆ្នាំ​២០១២ ដើម្បី​រកប្រាក់​មក​ចិញ្ចឹម​ក្រពះ​។ «​ប្រហែលជា​នៅ​ឆ្នាំ​២០០៣ ពេល​ខ្ញុំ​ចេញពី​រៀន ខ្ញុំ​ទៅ​ស៊ី​ឈ្នូ​ល​គេ​ជាមួយ​ពុក ទៅ​ជម្រះ​ស្មៅ​នៅ​ចម្ការកៅស៊ូ ធ្វើ​សំណង់ ជីក​លូ​បង្គន់ ហាលថ្ងៃ ហាលភ្លៀង និង​ជួយ​ធ្វើ​នំ​បញ្ចុក ដើម្បី​ចិញ្ចឹម​ខ្លួន​ឲ្យ​រួច​តែមួយ​ថ្ងៃ​។ ពេលខ្លះ ខ្ញុំ​សុខចិត្ត​អត់​ខ្លួនឯង​ឲ្យ​តែ​ប្អូន​បាន​ហូប​។ ពេល​ហ្នឹង​ពួកវា​នៅ​តូចៗ​ណាស់ អត់​ដឹងអី​ទេ​»​។ នេះ​ជាការ​រម្លឹក​ពី​ជីវិត​ប្រចាំថ្ងៃ​របស់​សានិ​ត​កាលពី​ជាង​១០​ឆ្នាំមុន​។​

​បើទោះជា​ក្រីក្រ លំបាក​យ៉ាងណា ក៏​សានិ​ត​មិន​អស់សង្ឃឹម និង​បោះបង់​ការសិក្សា​ចោល​ឡើយ​។ ផ្ទុយ​មកវិញ ជីវភាព​ក្រីក្រ គេ​មើលងាយ បាន​ជំរុញ​ទឹកចិត្ត សានិ​ត ឲ្យ​ខំរៀន​រហូត​ក្លាយជា​សិស្ស​ពូកែ​ម្នាក់​ប្រចាំ​វិទ្យាល័យ​សម្តេចឪ សម្តេចម៉ែ នៅ​ខេត្តរតនគិរី​ទៀតផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​ដើមឆ្នាំ​ថ្នាក់​ពី​១២ សិស្ស​ពូកែ​ជនជាតិ​គ្រឹ​ង ស៊ុយ សានិ​ត ចាប់ផ្តើម​បង្រៀន​មិត្តភក្តិ និង​សិស្ស​ប្អូន ដែល​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​រស់នៅ​ភូមិ​ក្បែរៗ​គ្នា​។​

​យុវ​សិស្ស ស៊ុយ សានិ​ត ពន្យល់​យ៉ាងនេះ​ថា​៖ «​ដំបូង​ឡើយ​គ្រាន់តែ​រៀន​ជា​ក្លិប​សិក្សា តែ​ក្រោយមក​ខ្ញុំ​ចាប់ផ្តើម​បង្រៀន​មេរៀន និង​លំ​ហាត់ គណិត និង​រូបវិទ្យា ដល់​សិស្ស​ថ្នាក់​ទី​១០ ៥​នាក់ ទី​១១ ៦​នាក់ និង​ទី​១២ មាន​៥​នាក់​។ ខ្ញុំ​យកលុយ​ពី​សិស្ស​ថ្នាក់​ទី​១២ ម្នាក់​១​ពាន់​រៀល ដើម្បី​ថតចម្លង​ឯកសារ និង​មេរៀន​ឲ្យ​ពួកគេ​វិញ​។ នៅផ្ទះ​ខ្ញុំ​អត់​មាន​ភ្លើង​បំ​ភ្លី​ទេ គឺ​ខ្ញុំ​បង្រៀន​នៅផ្ទះ​មិត្តភក្តិ ព្រោះ​ផ្ទះ​គេ​មាន​ភ្លើង មាន​ក្តារខៀន​ស្រាប់​»​។​

​ទាំងអស់នេះ​ជាដើម​ទុន ដែល​ធ្វើ​ឲ្យ​យុវ​សិស្ស​ជនជាតិ​គ្រឹ​ង ស៊ុយ សានិ​ត ក្លាយជា​សិស្ស​ពូកែ​និទ្ទេស​«B» និង​ទទួលបាន​អាហារូបករណ៍​សិក្សា​នៅ​រាជធានី​។ ហើយ​និស្សិត​ឆ្នាំ​ទី​៤ ស៊ុយ សានិ​ត នៅតែ​បន្ត​បើក​ក្លិប​សិ​ស្សា​ជាមួយ​មិត្តភក្តិ និង​បង្រៀន​គួរ​តាម​ផ្ទះ​ដល់​កូនសិស្ស​ថ្នាក់​ទី ៦, ទី​៧ និង​ទី​១២​តាម​ផ្ទះ​ទៀតផង​។​

​យុវ​សិស្ស​ក្រីក្រ ស៊ុយ សានិ​ត ដែល​ធ្លាប់បាន​អ្នកភូមិ​រិះគន់​រឿង​ចង់​មក​រៀន​នៅ​ភ្នំពេញ​នោះ បច្ចុប្បន្ន សានិ​ត បាន​ក្លាយជា​យុវជន​គំរូ ដែល​អ្នកស្រុក​អ្នកភូមិ​សរសើរ​ពី​ដើមភូមិ​ដល់​ចុង​ភូមិ​។​

​និស្សិត​ជនជាតិ​គ្រឹ​ង​ឆ្នាំ​ទី​៤ ផ្នែក​គណិតវិទ្យា ស៊ុយ សានិ​ត ប្រាថ្នា​ចង់ឃើញ​យុវជន​ជនជាតិដើម​ភាគតិច​រៀន​ចប់​វិទ្យាល័យ ហើយ​បន្ត​រៀន​នៅ​មហាវិទ្យាល័យ​ឲ្យ​បាន​ច្រើនជាង​នេះ​។ ទន្ទឹមនឹង​ក្តី​ស្រមៃ​នេះ ទំនេរ​ពី​ការងារ​ជា​គ្រូបង្រៀន​នៅ​សាលា​រដ្ឋ សានិ​ត ប្តេជ្ញា​ថា នឹង​ត្រឡប់​ទៅ​ជួយ​បង្រៀន និង​ចែករំលែក​ចំណេះដឹង ផ្នែក​សង្គម​, ភាសា​ខ្មែរ​, អង់គ្លេស និង​ព័ត៌មាន​អាហារូបករណ៍ ដល់​យុវជន​ជនជាតិដើម​ភាគតិច​នៅ​ស្រុកកំណើត​វិញ    បន្ទាប់ពី​ខ្លួន​បញ្ចប់​បរិញ្ញាបត្រ + ១ (​គរុកោសល្យ​) នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នៅ​ថ្ងៃ​ខាងមុខ​៕