​វិធី​ហាត់​យ៉ូ​ហ្គា​តាមបែប “Leg up the wall”

​វិធី​ហាត់​យ៉ូ​ហ្គា​តាមបែប  “Leg up the wall”

​តើ​អ្នក​ធ្លាប់​ហាត់ យ៉ូ​ហ្គាពី​មុន​មក​ដែរ​ឬទេ​? ថ្ងៃនេះ​វេបសាយ​សុខភាព​យើង សូម​ណែនាំ​នូវ​ទម្រង់​យ៉ូ​ហ្គា​មួយបែ​បដែល​ហៅថា “Leg up the wall” ឬ ក្បួន​ដាក់​ជើង​សណ្តូក​ត្រង់​ឡើង​លើ​ស្របទៅនឹង​ជញ្ជាំង ។ វា​មាន​ភាពងាយស្រួល​ក្នុង​ការអនុវត្ត ហើយ​អ្នក​គ្រាន់តែ​មាន​នូវ​កម្រាលព្រំ​សម្រាប់​ហាត់​យ៉ូ​ហ្គា និង​ខ្នើយ​មួយ​ប៉ុណ្ណោះ​ប្រសិនបើ​អ្នកត្រូវការ​។​

​ចូរ​ធ្វើ​វា​ជា​បណ្តើរៗ និង​សន្សឹមៗ​ប្រសិនបើ​អ្នក​ទើប​នឹង​ចាប់ផ្តើម អនុវត្ត​វា​ជា​លើកដំបូង ។​អ្នក​អាច​អនុវត្ត​ក្បួន​នេះ​តាម​វិធី​២​យ៉ាង ដោយ​វិធី​ទី​១ ចាំបាច់​ត្រូវ​ប្រើ​ខ្នើយ​ទម្រ​នៅត្រង់​ចង្កេះ និង​វិធី​ទី​២ ដោយ​មិន​ប្រើ​ទម្រ​នោះឡើយ ។ ជម្រើស​ទាំង​២​គឺ​សុទ្ធតែ​ផ្តល់​អត្ថប្រយោជន៍​ដូចគ្នា ប៉ុន្តែ​វិធី​ប្រើ​ខ្នើយ​ជំនួយ អាច​នឹង​ផ្តល់​ផា​សុកភាព​ជាង​សម្រាប់​មនុស្ស​មួយចំនួន ឬ​អ្នក​ដែល​មិន​ធ្លាប់​អនុវត្ត ក្បួន​យ៉ូ​ហ្គា​ប្រភេទ​នេះ​ពីមុនមក​។ អ្នក​អាច​ចាប់ផ្តើម​អនុវត្ត​វា ជា​ជំហានៗ ដោយ​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ​៖

  1. ប្រសិនបើ​អ្នក​អនុវត្ត​ជម្រើស​បែប​ប្រើ​ខ្នើយ​ជំនួយ នោះ​អ្នក​ចាំបាច់​ត្រូវ​ដាក់​ខ្នើយ​ឱប ឬ​ខ្នើយ​វែង​មួយ​នៅលើ កម្រាល​អោយ​ទល់នឹង​ជញ្ជាំង​។​
  2. ចាប់ផ្តើម​ដាក់ខ្លួន​ក្នុងស្ថានភាព​នេះ ដោយ​អង្គុយ​ដាក់​ដងខ្លួន​ផ្នែក​ខាងឆ្វេង អោយ​ទល់​នឹង​ជញ្ជាំង ដោយ​ដាក់​ខ្នង​អោយ​ទល់នឹង​ខ្នើយ​ឱប ប្រសិនបើ​អ្នក​ប្រើ​វា​។​
  3. ធ្វើការ​បង្វិលខ្លួន​របស់​អ្នកថ្នមៗ ទៅកាន់​ផ្នែក​ខាងឆ្វេង ហើយ​លើកជើង​ដាក់​ទល់​ទៅនឹង​ជញ្ជាំង​។ ប្រសិនបើ​អ្នក​ប្រើ​ខ្នើយ​កល់ ដាក់​ខ្នង​របស់​អ្នក​ទៅ​លើ​ខ្នើយ​នោះ​មុនពេល សណ្តូកជើង​ទាំង​២​ឡើង​ទៅលើ ។​ប្រើ​ដៃ​ទាំង​២​របស់​អ្នក ទប់​លំនឹង​រាងកាយ នៅពេល​ដែល​អ្នក​ប្រឹង​លើក​ខ្លូន​ឡើង​។​
  4. ដាក់​ចង្កេះ​របស់​អ្នក​ចុះមក​ក្រោម ហើយ​សណ្តូក​ដងខ្លួន​អោយ​ត្រង់​។ ដាក់​ស្មា​និង​ក្បាល​ទៅលើ​កម្រាល​។​
  5. បង្វិល​ទម្ងន់​រាងកាយ​របស់​អ្នក​ពី​ម្ខាង​ទៅ​ម្ខាង  ដោយ​ដាក់​គូថ​របស់​អ្នក​ផ្ទប់​ទៅនឹង​ជញ្ជាំង ។ សណ្តូក​ដៃ​ទាំង​សងខាង​ចេញ​ក្រៅ ស្រប​នឹង​កម្រាល​អោយ​ត្រង់ ដោយ​ដាក់​បាតដៃ​ចំហរ    ឡើង​។ ប្រសិនបើ​អ្នក​ប្រើ​ខ្នល់​កល់ នោះ​ខ្នង​របស់​អ្នក គួរតែ​ត្រូវបាន​ទ្រ​បាន​ដោយ​ពេញលេញ​នៅក្នុង​ពេល​នេះ​។​
  6. ​បិទ​ភ្នែក​របស់​អ្នក រក្សា​ស្ថានភាព​នេះ​ពី ៥ ទៅ​១០​នាទី ហើយ​ដកដង្ហើម​ចេញចូល​អោយបាន​វែងៗ ។​
  7. ​ដើម្បី​សម្រួល​ស្ថានភាព​មកវិញ ធ្វើការ​បង្វិលខ្លួន​របស់​អ្នកថ្នមៗ​ទៅ​ផ្នែក​ចំហៀង ចេញ​ពី​ជញ្ជាំង ដោយ​បត់ជើង​ទៅ​ផ្នែក​ខាងស្តាំ ។​ប្រើ​ដៃ​របស់​អ្នក​ដើម្បី​ទប់​ជំហរ ក្នុងការ​ត្រលប់​មក​រក​ស្ថានភាព​អង្គុយ​វិញ ។​

​អត្ថប្រយោជន៍​របស់​វិធី​សណ្តូកជើង​ទល់នឹង​ជញ្ជាំង​នេះ​គឺ​៖

  • ​សម្រាល​អា​ការៈឈឺ​ក្បាល​
  • ​កាត់បន្ថយ​ស្ត្រេ​ស​
  • ​សម្រាល​អាការៈ​រមួលក្រពើ និង​ចុក​ក្នុង​ពោះ​ពេល​កំពុង​ធ្លាក់​ឈាមរដូវ​
  • ​កាត់បន្ថយ​អា​ការៈឈឺ​ចង្កេះ ឬ​ចុក​ខ្នង​

​តែ​ទោះជា​អ្នក​ក្តី អ្នក​មាន​ជំងឺ​ខាងក្រោម​គួរ​ចៀសវាង​នូវ​ការហាត់​ក្បួន​យ៉ូ​ហ្គា​ប្រភេទ​នេះ​៖

  • ​ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក​
  • ​ជំងឺ​លើស​សម្ពាធ​ឈាម​
  • ​ជំងឺ​ក្លន​លូន ៕

 ប្រែសម្រួលដោយ៖ មុត ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។