ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ចុះ​ព្យាបាល​ជំងឺ​នៅខេត្ត​​កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រុម​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ និង​ក្រុម​គ្រូពេទ្យ​សហរដ្ឋអាមេរិក​ជាង​១០០​នាក់ បាន​ចុះ​ព្យាបាល​ជំងឺ​ទូទៅ ជំងឺ​កុមារ ជំងឺ​ភ្នែក ផ្តល់​ដៃ​សិប្បនិម្មិត និង​សុខភាព​មាត់​ធ្មេញ​ដោយ​ឥត​គិតថ្លៃ ជូន​ដល់​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​រាប់រយ​នាក់ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ ចាប់ពី​ព្រឹក​ថ្ងៃ​ទី​២ មក​រា ដល់​ថ្ងៃ​ទី​៦ មក​រា ២០១៦ ដោយ​ឥត​គិតថ្លៃ និង​និន្នាការ​នយោបាយ​ឡើយ ។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​ក្រុម​គ្រួ​ពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នេះ​ជា​បេសកកម្ម​លើក​ទី​៦​ហើយ​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​និង​សមាគម​គ្រូពេទ្យ​ធិ​តា ដែល​បាន​ចាប់កំណើត​នៅ​ខេត្តកំពង់ចាម​ក្នុង​ឆ្នាំ​២០១២ រាល់​សកម្មភាព​ចុះ​ព្យាបាល​ជំងឺ​គឺ​ឥត​គិតថ្លៃ ដែល​ស្រប​ទៅ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ កាយវិកា​មនុស្សធម៌​នេះ​ត្រូវ​បាន​ដំណើរការ​រយៈពេល​ចំនួន​៥​ថ្ងៃ ក្នុង​នោះ​រួម​ទាំង​ជំងឺ​មាត់​ធ្មេញ ភ្នែក ព្រមទាំង​ជំងឺ​ផ្សេង​ៗ​ទៀត​ផង​ដែរ ។ រូប​លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រធាន​មន្ទីរពេទ្យ​ខេត្ត ប្រធាន​សុខាភិបាល​ខេត្ត ដែល​អនុញ្ញាត​ផ្តល់​ទីតាំង​សម្រាប់​ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្មេង ចាស់ ប្រុស ស្រី ។

លោក ស៊ុំ ភឿន​គុណ​វ​ឌ្ឍ អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ចាប់តាំងពី​ឆ្នាំ​១៩៧០​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​នូវ​ភ្នក់ភ្លើងសង្គ្រាម​ជា​បន្តបន្ទាប់ មក​ដល់​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ របប ប៉ុ​ល ពត មនុស្ស​គ្រប់​រូប​ត្រូវ​បាន​ពួក​វា​បង្ខំ​ឲ្យ​ធ្វើការ​ជា​ទម្ងន់​ដោយ​ដាក់​កំ​ខិត​១​ថ្ងៃ​រែក​ដី​ឲ្យ​បាន​២​ម៉ែត្រគូប ។

លោក​អភិបាលរង​ខេត្ត​បាន​រំលឹក​ថា សម្រាប់​រូប​លោក​ផ្ទាល់​មាន​ពេល​មួយ​នោះ​បាន​ដេក​ក្នុង​រោង​មួយ​ដោយ​ដំបូល​ធ្លុះធ្លាយ ភ្លៀង​ធ្លាក់​ចុះ​មក​រាង​កាយរ​ងារ​ញ័រញាក់ ដេក​មិន​ឆ្អែត លុះ​ព្រឹក​ឡើង​ធ្វើការ​ថែម​ទៀត តែ​សំណាង​ដោយ​គុណ​ថ្ងៃ​៧​ មក​រា ​១៩៧៩ ប្រទេស​ជាតិ​ត្រូវ​បាន​រំដោះ​ដោយ​គុណ​បំណាច់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព​គ្រប់​ទីកន្លែង ។ លោក​ថា សម្តេច​មិន​ត្រឹមតែ​រំដោះ​យើង​ទាំងអស់​គ្នា​នោះ​ទេ គឺ​ថែម​ទាំង​បាន​យកចិត្តទុកដាក់​ពី​សុខភាព​យើង​ទាំងអស់​គ្នា​ថែម​ទៀត ដោយ​ចាត់​ឲ្យ​ក្រុម​គ្រូពេទ្យ​ខាងលើ​ចុះ​មក​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ទៀត​ផង ៕