បង្ក្រាប​គ្រឿងញៀន​២​កន្លែង ឃាត់ខ្លួន​៥​នាក់ និង​ថ្នាំ​ញៀន​១៣​កញ្ចប់

ខេត្ត​ត្បូងឃ្មុំ ៖ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ពី​លោក ប្រាជ្ញ ចន្ទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក៏​ដូច​ជា​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរ​បាល​​ខេត្ត កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​បង្ក្រាប​គ្រឿងញៀន​២​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន​៥​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​១៣​កញ្ចប់ ។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២ មក​រា ២០១៦ ព្រមទាំង​ស្រាវជ្រាវ​ចាប់​បក្ខពួក​មួយ​ចំនួន​បន្ត​ទៀត ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​​មាន ១-​ឈ្មោះ ហ៊ឹ​ម លឹ​ម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម នៅ​ភូមិ​ដងកាំបិត ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ​, ២-​ឈ្មោះ ថា​ន ឡៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ថ្នល់​ថ្មី សង្កាត់​វិហារ​ហ្លួង ក្រុង​សួង​, ៣-​ឈ្មោះ លី ស្រី​មុំ ភេទ​ស្រី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ច្រក​ចំបក់ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ​, ៤-​ឈ្មោះ ថុ​ង គឹ​មហាត ជា​ម្ចាស់ផ្ទះ និង ៥-​ឈ្មោះ ពេជ្រ សា​រាជ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​សួង​កើត សង្កាត់​សួង ក្រុង​សួង ។

លោក​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​មានការ​ស្រាវជ្រាវ​ច្បាស់លាស់​ហើយ​នោះ ជនសង្ស័យ​ទី​១​ត្រូវ​បាន​ចាប់ខ្លួន​មុនគេ​នៅ​វេលា​ម៉ោង​៨ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២​មក​រា នៅ​ភូមិ​ដងកាំបិត ឃុំ​ស្រឡប់ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​២​កញ្ចប់ ។ តាម​រយៈ​ការ​ឆ្លើយ​សារភាព​របស់​ជន​សង្ស័យ នៅ​ម៉ោង​១១ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ដដែល ដោយ​មានការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បន្ត​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ឈ្មោះ គឹ​មហាត នៅ​ភូមិ​ថ្នល់​ថ្មី សង្កាត់​វិហារ​ហ្លួង ឃាត់ខ្លួន​បាន​ជនសង្ស័យ​៤​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​១០​កញ្ចប់​តូច និង​១​កញ្ចប់​ធំ ព្រមទាំង​ឧបករណ៍​វេច​ខ្ចប់​មួយ​ចំនួន​ទៀត ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៥​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕