សាលា​រាជធានី​ចេញ​សេចក្តី​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​មាន​រៀបចំ​ពិធី​ណាមួយ​នៅ​ផ្លូវ​វេ​ង​ស្រេង​នៅ​ព្រឹកស្អែក​

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ មក​រា ២០១៦ នេះ បាន​ចេញ​លិខិត​១​ច្បាប់ ជម្រាប​ជូន​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ពិធី​ជួបជុំ​រៀបចំ​ពិធី​ណាមួយ​នៅ​តាម​បណ្ដោយ​ផ្លូវ​ចោម​ចៅ​(​ផ្លូវ​វេ​ង​ស្រេង​)​ឡើយ ។

នៅ​ក្នុង​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា តាម​ប្រភព​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៦ មាន​សមាគម និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ចំនួន​គ្រោង​ប្រើប្រាស់​ការ​ជួបជុំ​ដោយ​ខុសច្បាប់​តាម​រូបភាព​សាសនា ដើម្បី​ប្រារព្ធ​ពិធី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​បាត់បង់​ជីវិត​កាលពី​ឆ្នាំ​២០១៤​នៅ​តាម​បណ្ដោយ​វិ​ថី​ចោម​ចៅ​(​ផ្លូវ​វេ​ង​ស្រេង​) ។

នៅ​ក្នុង​លិខិត​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ពិសេស​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​តំបន់​នោះ សាលា​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម ៖
១-​មិន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​រៀបចំ​ពិធី​ណាមួយ​តាម​ទី​សាធារណៈ​ក្នុង​តំបន់​នោះ​ឡើយ ។
២-​បើ​មានការ​ស្នើ​សុំ​ពី​សមាគម ឬ​អង្គការក្រៅរដ្ឋាភិបាល រៀបចំ​ពិធី​ខាងលើ​នេះ សាលា​ខណ្ឌ​ត្រូវ​ណែនាំ​ឲ្យ​ប្រារព្ធ​ពិធី​តាម​បែប​សាសនា​នៅ​ទីតាំង​វត្ត​អារាម ឬ​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​គ្រួសារ​រង​គ្រោះ​ដើម្បី​រៀបចំ​នៅ​តាម​លំនៅ​ដ្ឋា​ន​នីមួយ​ៗ ។
៣-​ចំពោះ​ជន​ណា​ដែល​បង្ក​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ​ដូច​បាន​ពោល​ខាងលើ​ ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ឲ្យ​បាន​ហ្មឺ​ង​ម៉ាត់ ។

ខាងក្រោម​នេះ​ជា លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ ផ្ញើ​ជូន​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ទាំង​២ ដែល​មាន​ខ្លឹមសារ​ដើម​ទាំងស្រុង ដូច​តទៅ ៖