អូ​បា​ម៉ា​សន្យា​ចាត់វិធានការ​ប្រឆាំង​ហិង្សា​អាវុធ សម្រាប់​ឆ្នាំ​២០១៦

​សម្រាប់​ឆ្នាំ​ថ្មី​២០១៦ ជា​ឆ្នាំ​ចុងក្រោយ​នៃ​អាណត្តិ​គ្រប់គ្រង​ប្រទេស ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​ចង់​ឲ្យ​អាមេរិក​មាន​សេចក្តីសម្រេច​មួយ​ដើម្បី​ទប់ស្កាត់​ហិង្សា​ដែល​បង្កឡើង​ដោយ​អាវុធ​។ គិត​ជា​តួលេខ ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​គ្រាប់កាំភ្លើង នៅ​អាមេរិក ក្នុង​មួយថ្ងៃ មាន​ចំនួន​៩០​នាក់​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក​អូ​បា​ម៉ា​គូសបញ្ជាក់​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ថ្ងៃ​ចន្ទ​ទី​៤​មករា ដើម​សប្តាហ៍​ថ្មី​នេះ លោក​នឹង​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​យុត្តិធម៌ លោកស្រី Loretta Lynch ដើម្បី​រក​ជម្រើស​នានា​។ ក្រុម​អ្នកជំនាញ​សង្ឃឹមថា នៅ​ពាក់កណ្តាល​ខែមករា​នេះ សេត​វិមាន​នឹង​ប្រកាស​នូវ​ក្រិត​ផ្សេងៗ​ស្តីពី​ការដាក់​បញ្ជា​ឲ្យ​មានការ​ត្រួតពិនិត្យ​ប្រវត្តិរូប​ផ្លូវច្បាប់ និង​ផ្លូវចិត្ត​របស់​អ្នក​ដែល​ចង់​ទិញ​អាវុធ​យកមកប្រើ​ប្រាស់​។ គួរ​បញ្ជាក់ថា ប្រជាជន​អាមេរិក​ភាគច្រើន​គាំទ្រ​នូវ​ទិសដៅ​ត្រួតពិនិត្យ​បែបនេះ​។

​ហិង្សា​បង្កដោយ​អាវុធ​នៅ​អាមេរិក​ហាក់ដូចជា​រឿង​ដែល​កើតឡើង​ជាប្រចាំ​ទៅហើយ​។ នេះ​គេ​នៅ​មិន​គិតពី​ការបាញ់សម្លាប់​កុមារ​២០​នាក់​នៅ​សាលារៀន Connecticut កាលពី​ចុងឆ្នាំ​២០១២​ផង​។ ប៉ុន្តែ រហូតមកដល់​ពេលនេះ សភា​អាមេរិក​នៅ​មិនទាន់​សម្រេច​ចេញ​អ្វី​នៅឡើយ​ទេ ទាក់ទង​បញ្ហា​អាវុធ​នេះ​។

​ក្រុម​អ្នកនយោបាយ​បក្សប្រឆាំង​សាធារណរដ្ឋ​ទៀតសោត ចង់​ឲ្យ​គ្រប់គ្នា​មាន​សិទ្ធិ​មាន​អាវុធ​ប្រើប្រាស់​។ ដូច្នេះ ទិសដៅ​ប្រយុទ្ធ​ហិង្សា​នៃ​អាវុធ​របស់លោក​អូ​បា​ម៉ា​ប្រហែលជា​ពិបាក​នឹង​សម្រេច​ចេញ​ស្រួល​ណាស់​៕