តើ​គាត់​អាច​ចោល​គ្រួសារ មក​រស់នៅ​ជាមួយ​នាង​ខ្ញុំ​ឬទេ ?

​ជា​រៀងរាល់​រាត្រី​នាង​ខ្ញុំ​តែង​សុបិន​ឃើញ​គាត់​នៅក្បែរ ថ្នាក់ថ្នម និយាយ​លួងលោម​នាង​ខ្ញុំ ប៉ុន្តែ​នៅពេល​ភ្ញាក់ឡើង​ទើប​ដឹងថា ខ្លួន​យល់សប្តិ​ពេលនោះ​ស្រាប់តែ​ក្នុង​បេះដូង​នាង​ខ្ញុំ​មានការ​ឈឺចាប់​យ៉ាង​ពន់ពេក ហើយ​ទឹកភ្នែក​ក៏​ស្រ​ក់មក​មិន​ឈប់ឈរ ។ នៅមុន​ពេល​ចូល​គេង​នាង​ខ្ញុំ​តែងតែ​នឹក​ដល់​គាត់ ។ នាង​ខ្ញុំ​មាន​អារម្មណ៍ ថា​ខ្លួនឯង​ពិតជា​គួរឱ្យ​អាណិត​ខ្លាំងណាស់ ។ តាំង​ពីមុនមក​នាង​ខ្ញុំ​មិនដែល​ដឹង ថា​ស្រឡាញ់​មនុស្ស​ម្នាក់​បែរជា​ត្រូវ​ឈឺចាប់​បែបនេះ​ទេ ។ នាង​ខ្ញុំ​មាន​អ្នក​ស្រឡាញ់​រាប់មិនអស់ ប៉ុន្តែ​ចុងក្រោយ​នាង​ខ្ញុំ​បែរជា​ជ្រើស​រើសយក​គាត់ ដែលជា​បុរស​ម្នាក់​ចាត់ទុក​នាង​ខ្ញុំ​ដូចជា​របស់​សម្រាប់​លេងសើច ។

គាត់​មាន​ប្រពន្ធ និង មានកូន​ដល់​ទៅ​ពីរ​នាក់ ប៉ុន្តែ​នាង​ខ្ញុំ​បែរជា​ស្រឡាញ់​គាត់​ដកចិត្ត​មិន​រួច ។ រៀងរាល់ ? រាត្រី​នាង​ខ្ញុំ​ត្រូវ​សំងំ​យំ​តែម្នាក់ឯង យំ​ដោយសារតែ​គាត់​មិន​ឆ្លើយតប​នឹង​សេចក្តីស្នេហា​ដ៏​ជ្រាលជ្រៅ​របស់​នាង​ខ្ញុំ យំ​ដើម្បីឱ្យ​រសាយចិត្ត​ដោយសារតែ​ជ្រុល​ស្រឡាញ់​គាត់​ទៅហើយ ។ ហេតុអ្វី​ខ្ញុំ​ត្រូវ​រង​ការឈឺចាប់​យ៉ាងនេះ ។ នារី​ម្នាក់​ដូច​នាង​ខ្ញុំ​អាចមាន​ស្វាមី​កំលោះ​ដ៏​ល្អ​ម្នាក់​ដែល​ចេះ​យកចិត្ត និង ថ្នាក់ថ្នម​នាង​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នៅតែ​ដើរចូល​ផ្លូវ​មួយ​ដែលមាន​ស្ត្រី​រាប់មិនអស់​កំពុង​ស្រែក​យំ ។​

តើ​គាត់​អាច​ចោល​គ្រួសារ មក​រស់នៅ​ជាមួយ​នាង​ខ្ញុំ​ឬទេ ?

​រយៈពេល​រាប់​សបា្តហ៍ ដែល​គាត់​ព្រងើយកន្តើយ​ដាក់​នាង​ខ្ញុំ មិនដែល​ហៅ​ទូរស័ព្ទ​មក​សូម្បី​តែម្តង ប៉ុន្តែ​ឱ្យតែ​គាត់​និយាយរ​កមួយ​ម៉ាត់​ពេលនោះ​កំហឹង​របស់​នាង​ខ្ញុំ​ក៏ត្រូវ​រសាយ​បាត់​គ្មាន​សល់ ហើយ​ត្រឡប់​ស្និទ្ធស្នាល​ជាមួយគ្នា​ដូច​មិន​មានរឿង​អ្វី​កើតឡើង ។ មានពេលខ្លះ​នាង​ខ្ញុំ​គិតថា​ខ្លួន​ស្រឡាញ់​បុរស​កូន​ពីរ នោះ​ដើម្បី​អ្វី​សូម្បីតែ​ប្រវត្តិ​គាត់​ក៏​គាត់​មិនឱ្យ​នាង​ខ្ញុំ​ដឹង​ច្បាស់ ។ ចំណែក​ប្រាក់កាស​នាង​ខ្ញុំ​ក៏​មិនត្រូវ​ការ​ពី​គាត់​ដែរ នាង​ខ្ញុំ​បែរជា​ស្រឡាញ់​គាត់​ដល់​ថ្នាក់​ភ្លេច​អ្វីៗ​ទាំងអស់ ភ្លេច​ថា​ខ្លួនឯង​កំពុង​រស់នៅ​ដើម្បី​អ្វី ។​ ​កាលពី​ដំបូង​គាត់​ធ្លាប់បាន​និយាយប្រាប់​នាង​ខ្ញុំ​ថា គ្រួសារ​គាត់​កំពុង​ជួប​វិបត្តិ ហើយ​មិនអាច​ផ្សះផ្សា​គ្នា​វិញ​បានទេ ប៉ុន្តែ​ដល់ពេល​ស្នេហា​យើង​ឡើងដល់​ចំណុចកំពូល​នាង​ខ្ញុំ​ទាមទារ​ឱ្យ​គាត់​រៀបការ​ជាមួយ​នាង​ខ្ញុំ​ពេលនោះ​គាត់​បែរជា​បដិសេធ ។

នាង​ខ្ញុំ​គិតថា​ក្នុងដំណាក់កាល​នេះ​គាត់​ចាប់ផ្តើម​ធុញទ្រាន់ និង លែង ស្រឡាញ់​នាង​ខ្ញុំ​ទៀតហើយ ។ រយៈពេល​ពីរ​ឆ្នាំ​ដែល​បាន​ស្រឡាញ់​គាត់​នាង​ខ្ញុំ​តែង​ស្រមៃ​ថា ថ្ងៃ​ណាមួយ​គាត់​នឹង​បោះបង់​គ្រួសារ​ដើម្បី​មករក​នាង​ខ្ញុំ ហើយ​យើង​នឹង​បានរស់នៅ​ជាមួយគ្នា បង្កើតកូន និង សាង​សុភមង្គល​ជាមួយគ្នា​ជា​រៀងរហូត ។ នាង​ខ្ញុំ​ជា​មនុស្ស​ថោក​ណាស់​មែន​ទេ ? ប៉ុន្តែ​នាង​ខ្ញុំ​គិតថា​នោះ​គឺជា​រឿង​ស្នេហា ស្នេហា​តែងតែ​អាត្មានិយម​បែបនេះ ហើយ​ស្ត្រី​ណា​ក៏​តែង​ចង់ឱ្យ​បុរស​ជាទី​ស្រឡាញ់​របស់ខ្លួន​បាន​មកជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់ខ្លួន​ដែរ ។

រាល់​រាត្រីកាល​ចូលមក​ដល់​នាង​ខ្ញុំ​កាន់តែ​នឹក​ដល់​គាត់ ហើយ​ការឈឺចាប់​ក៏​កាន់តែ​កើនឡើង​ទ្វេ ប៉ុន្តែ​ពេលនោះ​គាត់​កំពុងតែ​គេង​នៅក្បែរ​ប្រពន្ធ​គាត់​ថ្នាក់ថ្នម​ប្រពន្ធ​គាត់​ទៅវិញ តើ​គាត់​មាន​នឹក​ដល់​នារី​ម្នាក់​ដែល​បាន​លះបង់​ភាព​បរិសុទ្ធ​ដើម្បី​ស្នេហា​ហី​យ​ចុងក្រោយ​ទ​ទួ​បានការ​ឈឺចាប់​ដូច​នាង​ខ្ញុំ​នេះ​ឬទេ ? ខ្ញុំ​ខឹង​គាត់​ខ្លាំងណាស់​ខឹង​បុរស​ម្នាក់​ដែល​បោកប្រាស់​ស្នេហា​បោកប្រាស់​នារី​ស្មោះត្រង់​ម្នាក់​ដោយ​មិន​អាណិត​ស្រណោះ ។ ហេតុអ្វី​ទេវតា​លោក​លេងសើច​នឹង​ខ្ញុំ​ដូច្នេះ ! នាង​ខ្ញុំ​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​រស់​តទៅទៀត ?

​ជូន​ក្មួយ​ស្រី​ដែល​កំពុងមាន​វិ​បត​ត្តិ​
​បន្ទាប់ពី​បាន​អាន​នូវ​ការរៀបរាប់​របស់​ក្មួយ​ស្រី​ខ្ញុំ​ជឿថា​ពេលនេះ​ក្មួយ​កំពុងតែ​ខឹង​នឹង​គាត់​ខឹង​ដោយសារតែ​មិនបាន​ទទួល​ក្តី​ស្រឡាញ់​ពី​បុរស​នោះ ដូច​កាលពី​ដំបូង​ខឹង​ព្រោះតែ​បុរស​នោះ​ហាក់ដូចជា​បាន​បោកប្រាស់ និង បោះ បង់ខ្លួន​ទៅហើយ ។ ក្មួយ​ស្រី​ជាទី​រាប់អាន ! ជាតិ​ជាម​នុស្ស​តែងតែ​ជួបនឹង​បញ្ហា​មួយចំនួន​ដែល​បង្ខំ​ឱ្យ​យើង​ធ្វើការ​ជ្រើសរើស ហើយ​ជួនកាល​យើង​បាន​សប្បាយចិត្ត​ដោយសារតែ​ជ្រើសរើស​បាន​ត្រឹមត្រូវ ប៉ុន្តែ​ក៏មាន​មនុស្ស​មិនតិច​នាក់​នោះដែរ​ដែល​យំ​ស្តាយក្រោយ ព្រោះតែ​ខកចិត្ត​នឹង​ការសម្រេចចិត្ត​របស់ខ្លួន ។ ដូច្នេះ​សូម​ក្មួយ​ស្រី​ចាត់ទុកថា នោះ​គឺជា​រឿង​ធម្មតា​នៃ​ជីវិត​ដែល​មិនអាច​ចៀស​រួច ។ អ្វីដែល​ក្មួយ​ស្រី​គួរតែ​ធ្វើ​នៅពេលនេះ​គឺ​ការ​បំភ្លេចចោល​នូវ​ស្នាម​អនុស្សាវរីយ៍​ពី​អតីតកាល​ឱ្យអស់ ដោយ​សម្លឹង​មើលទៅ​គោលដៅ និង ផ្លូវត្រូវ​ដើរ​បន្ត ។

តើ​គាត់​អាច​ចោល​គ្រួសារ មក​រស់នៅ​ជាមួយ​នាង​ខ្ញុំ​ឬទេ ?

មូលហេតុ​ដែល​ខ្ញុំ​និយាយ​បែបនេះ​គឺ​ដោយសារ​យល់ថា ស្នេហា​របស់​ក្មួយ​ជាមួយនឹង​បុរស​មាន​ប្រពន្ធ និង មាន​ទាំង​កូន​ពីរ​នោះ​មិនអាច​បន្តទៅ​មុខ​បាន​ទៀត​ទេ ។ ខ្ញុំ​អាច​និយាយបានថា ស្នេហា​របស់​បុរស​ម្នាក់​នោះ​ដែល​បាន​ផ្តល់ឱ្យ​ក្មួយ​គឺ​គ្រាន់តែ​ជាការ​លេងសើច​ការបោក​ប្រាស់ ឬ ការយល់ច្រឡំ​មួយរយៈ​ពេល​រប​ស់បុរ​ស​នោះ​ក្នុងអំឡុងពេល​មានទំនាស់​ជាមួយ​ប្រពន្ធ ប៉ុន្តែ​នៅពេល​បញ្ហា​ត្រូវបាន​ដោះស្រាយ​បុរស​នោះ​ក៏​វិល​ទៅរក​កូន​រកប្រពន្ធរ​បស់​ខ្លួន​វិញ ។ ដូច្នេះ​ជម្រើស​ដែល​ខ្ញុំ​យល់ថា​ល្អ​សម្រាប់​ក្មួយ​ស្រី​នៅពេលនេះ​គឺ​កាត់ចិត្ត​បំភ្លេចចោល​ស្នេហា​នេះ ។ នៅក្នុង​ករណី​ដែល​ក្មួយ​ស្រី​នៅតែ​ទន្ទឹងរង់ចាំ ឬ ព្យាយាម​ទាក់ទង​បុរស​នោះ​ទៀត លទ្ធផល​ក្មួយ​នឹង​នៅតែ​ជួប​បញ្ហា ហើយ​ពេលនោះ​បញ្ហា​នឹង​កាន់តែ​ស្មុគស្មាញ ព្រោះថា​ក្មួយ​ប្រហែលជា​មានកូន ហើយ​ព័ត៌មាន​នេះ​ក៏​អាច​នឹង​ឮ ដល់​ប្រពន្ធដើម ដូច្នេះ​នឹង​ពិបាក​ដោះស្រាយ​ជាង​ពេលនេះ​ទៅទៀត ៕ សូមឱ្យ​ក្មួយ​ស្រី​មាន​សំណាងល្អ !