ក្រសួង​មហាផ្ទៃ បាន​ព្រមាន​មិន​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើការ​សម្របសម្រួល​នាំ​ទំនិញ​ក្លែងក្លាយ​ចូលទីផ្សារ​កម្ពុជា

ក្រសួង​មហាផ្ទៃ បាន​ព្រមាន​មិន​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើការ​សម្របសម្រួល​នាំ​ទំនិញ​ក្លែងក្លាយ​ចូលទីផ្សារ​កម្ពុជា

បើ​យោងតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​ចុះផ្សាយ​នៅ​ថ្ងៃទី ៣១ ធ្នូ កន្លង​ទៅ បាន​ឲ្យ​ដឹងថា​ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បានធ្វើការ​ហាមប្រាម​មិន​ឲ្យ​នគរបាល​ភា្ន​ក់​ងារ​និង​មាន​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​ណាមួយ​ដែល​ធ្វើ​ឲ្យ​ជនល្មើស​អាច​នាំ​ទំនិញ​ផលិតផល​ក្លែងក្លាយ​ឬ​អស់​គុណភាព នាំចូល​ខុសច្បាប់​មក​ក្នុង​ទីផ្សារ​កម្ពុជា​នោះទេ។

 

លោក​ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ប្រសាសន៍​បែបនេះ​នៅក្នុង​ពិធី​ប្រកាស​សមាភាព​គណៈកម្មាធិកា​រ​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្តិ​ជូន​នគរបាល​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​សុខភាព​និង​សុវត្ថិភាព​សង្គម​កាលពី​ថ្ងៃទី២៩ ធ្នូ​នី​ទីស្តីការក្រសួង។

 

ក្រសួង​មហាផ្ទៃ បាន​ព្រមាន​មិន​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើការ​សម្របសម្រួល​នាំ​ទំនិញ​ក្លែងក្លាយ​ចូលទីផ្សារ​កម្ពុជា

 

ក្នុងឱកាស​នោះ លោក ឯម សំអាន ក៏ បានស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយមាន​វិន័យ​សីលធម៌ និង​ការទទួលខុសត្រូវ​ទៅនឹង​ភារកិច្ច​របស់ខ្លួន។ ភ្នាក់ងារ​អនុវត្ត​ច្បាប់​ត្រូវ​ធានា​ឲ្យ​បាន​នូវ ភស្តុតាង​ចៀសវាង​ការសម្របសម្រួល​ណាមួយ​ដែល​ធ្វើ​ឲ្យ​ជនល្មើស​រួចផុត​ពី​សំណាញ់​ច្បាប់ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងឡាយណា​ចូលរួម​សមគំនិត​បំបាត់ភស្តុតាង បន្ធូរបន្ថយ​ការដាក់បន្ទុក​លើ​ជនល្មើស​ត្រូវ ទទួល​ការផាកពិន័យ​ឬ​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់។

 

ទន្ទឹមនឹង​លោក​រដ្ឋលេខាធិការ ក៏បាន​ជំរុញ​ឲ្យ​ពង្រឹង​ការងារ​កិច្ចសហប្រតិបត្តិការ​ផ្ទៃក្នុង ឲ្យ​មាន​ភាពរលូន ព្រោះថា​ស្ថានភាព​ការ ផលិត​និង​ការ​ចរាចរណ៍​ផលិតផល​ក្លែងក្លាយ​នៅ​កម្ពុជា​ក្នុង​តំបន់​និង​លើ​ពិភពលោក​បាន​នឹង​កំពុង​វិ​វ​ឌ្ឍ​ផ្លាស់ប្តូរ​ក្នុងស្ថានភាព​គ្រោះថ្នាក់​បំផុត​ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ ប្រឹងប្រែង​រួមគ្នា​ប្រយុទ្ធ​និង​បទល្មើស​នេះ។

 

លោ​កថា​សម្រាប់​បញ្ហា​នេះ ថ្នាក់ដឹកនាំ​កំពុង​បាន​ទទួលស្គាល់ថា ការផលិត​និង ការ​ចរាចរណ៍​ផលិតផល​ក្លែងក្លាយ​បាន​នឹង​កំពុង​រីក​រាលដាល​រៀងរាល់ថ្ងៃ​និង​ស្ទើរ​គ្រប់​ទីកន្លែង​ហើយ​ពិភពលោក​កំពុង​ចាត់ទុកថា​បទល្មើស​មាន​អង្គការ​ចាត់តាំង​នេះ​ជា បទល្មើស​ឆ្លងដែន​ហើយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ង​ន់​ដល់​សុខភាព​សាធារណៈ​និង​បង្ក​គ្រោះថ្នាក់​ដល់​មនុស្សជាតិ៕

 

អត្ថបទ៖ សុជាតិតា

ប្រភព៖ Khmerdaily