អ៊ុង វីរៈ នឹង​បន្ថែម​ស្ថិតិ​ឈ្នះ​

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​លើស​ង្វៀន SEA-TV សម្រាប់​ព្រឹក​ថ្ងៃទី​៣ មករា​អ្នក​ប្រដាល់​ ជើង​ខ្លាំង​កម្ពុជា​អ៊ុង វីរៈ​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​Yorth Dachha ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម ។​

​    ​ការប្រកួត​ជាមួយ​ថៃ​វីរៈ​តែងតែ​បញ្ចប់​សកម្មភាព​គូប្រកួត​បាន​មុន​ទឹក​ទី ៥ ជានិច្ច ។​តែ​សម្រាប់​លើក​នេះ​មិន​ ដឹងថា​មាន​អ្វី​ប្រែប្រួល​ឬក៏​យ៉ាងណា​នោះទេ ។ វីរៈ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៩​ដង ឈ្នះ ៧០​ដង ចាញ់​៩ ដង ។ ចំពោះ​ អ្នក​ប្រដាល់​ថៃ Yorth Dachha វិញ​នេះ​ជា​លើកដំបូង​ហើយ​ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។ សមត្ថភាព​ប៉ុណ្ណាៗ​នោះ​មិនមាន​នរណា​ដឹង​នោះទេ ។​

​    ​អ្នក​ប្រដាល់​ថៃ Yorth Dachha នេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៩​ដង ឈ្នះ​៧៥​ដង ចាញ់​១៣​ដង និង ស្មើ​ពិន្ទុ ១ ដង ។ ចាំមើល​គេ​អាច​តស៊ូ​ជាមួយ​អ៊ុង វីរៈ​បាន​ប៉ុន្មាន​ទឹក ?
​    ​អ្នក​ប្រដាល់​ទម្ងន់​ស្រាល​វ័យក្មេង​ហ៊ឹម សេរី​ក្លិប​តា​ព្រហ្ម​មានជ័យ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​មកពី​ស្រុក​ថៃ​ដែរ​ឈ្មោះ​Phou Lung ។​

Phou Lung ជា​អ្នក​ប្រដាល់​វ័យក្មេង​មួយរូប​ដែល​ធ្លាប់​មក​ប្រកួត​ស្រុក​ខ្មែរ​កន្លងមកហើយ​ធ្លាប់​សាង​ភាព​ជូរ​ចត់​ដល់​អ្នក​ប្រដាល់​ខ្មែរ​មិនតិច​អ្នក​ដែរ​ទេ ។ អ្នក​ប្រដាល់​ថៃ​ទម្ងន់​៥១​គីឡូក្រាម​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៧ ដង​ឈ្នះ​៥៩​ដង ចាញ់​១៦​ដង និង ស្មើ​ពិន្ទុ ២ ដង ។​

​    ​ចំពោះ​ហ៊ឹម សេរី​វិញ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែល​មិន​ស្រួល​បង្ក្រាប​នោះទេ ។ គេ​មាន​ផ្លែ​វ៉ៃ​ចេញ​ល្អ​ ទាំងអស់ ឯ ការពារ​ក៏​រឹងមាំ​ដែរ ។ សេរី​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦២​ដង ឈ្នះ​៥៦​ដង ចាញ់​៦ ដង ។​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង ២ រូបនេះ​នរណា​ឈ្នះ នរណា​ចាញ់ ?

​    ​អ្នក​ប្រដាល់​ជើង​ខ្លាំង​វៀត ប៊ុន​ឌឿ​ន​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Yorth Sanan ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​ប៊ុន​ឌឿ​ន​បើ​គេ​ហ្វឹកហាត់​នោះគេ​វ៉ៃ​បានល្អ​ណាស់​តែបើ​ហាត់​មិន​គ្រប់គ្រាន់​គឺ​ចាប់ពី​ទឹក​ទី ៣ ទៅ​កម្លាំង​របស់​ គេ​ធ្លាក់ចុះ​អស់​តែម្ដង ។ អ្នក​ប្រដាល់​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​ដង ឈ្នះ​៤៨​ដង ចាញ់​១២​ដង ស្មើ​ពិន្ទុ ៥ ដង ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Yorth Sanan វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៣​ដង ឈ្នះ​៥៣​ដង ចាញ់​១០​ដង ។ ស្ថិតិ​ប្រកួត​របស់​ពួកគេ​ប្រហាក់ប្រហែលគ្នា និង ល្អ​ដូចគ្នា​ចាំមើល​នរណា​ឈ្នះ ?