សមត្ថកិច្ច​ចាប់​យុវជន​ជិះ​ម៉ូតូ​កែ​បំពង់​ស៊ី​ម៉ាំងឮសំឡេង​​ខ្លាំង

​រាជ​ធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ល្បាត​តាម​ដងផ្លូវ​ដេញ​តាម​ចាប់​ម៉ូតូ​កែ​បំពង់​ស៊ី​ម៉ាំង​ឮ​​សំឡេង​​រោ​ទិ៍ខ្លាំង​ៗ​ធ្វើ​ឲ្យ​រំខាន​ដល់​អ្នក​ដទៃ កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អ​ធ្រាត្រ​​ឈាន​​ចូល​ថ្ងៃ​ទី​៣ ​មក​រា ​២០១៦ នៅ​តាម​ផ្លូវ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ម្ចាស់​ម៉ូតូ​ដែល​​​កែ​​ច្នៃ​បំពង់ស៊ីម៉ាំង​ដើម្បី​បំពង​សំឡេង​ឲ្យ​ឮ​ខ្លាំង​​ ឈ្មោះ ជា សុ​ភក្តិ ភេទ​ប្រុស​ ​អាយុ​២៣​ឆ្នាំ ​ជា​និស្សិត ស្នាក់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​ម៉ាក​ MSX ​ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​១FB-៦៥០៧ បាន​ប្រាប់​ថា ​គេ​ទើបតែ​ចេញ​មក​ពី​ក្លឹ​ប​គោលបំណង​ទៅ​ផ្ទះ​វិញ​ជាមួយ​មិត្ត​ភក្តិ​ លុះ​មក​ដល់​ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ​ស្រាប់តែ​សមត្ថកិច្ច​ហៅ​ឈប់​ថា​គាត់​ខុស​ដោយសារ​កែ​បំពង់​ស៊ី​ម៉ាំង​​រួច​ក៏​នាំ​យក​ទៅ​ខណ្ឌ​តែ​ម្ដង ។

​មន្ត្រី​នគរបាល​ខណ្ឌ​ចំការ​ម​បានឱ្យ​​ដឹង​ថា​ ខណៈ​ពេល​ល្បាត​មក​ដល់​ចំណុច​ខាងលើ​បាន​ប្រទះ​ឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​កែ​បំពង់​ស៊ី​ម៉ាំង​ឮ​​សំឡេង​រំខាន​អ្នក​ដទៃ​ក៏​បាន​ឃាត់​សួ​រនាំ​ និង​ត្រួតពិនិត្យ​ណែនាំ​ឈប់​ឲ្យ​ម្ចាស់​ម៉ូតូ​ដាក់​បំពង់​ស៊ី​ម៉ាំង​​កែ​ច្នៃ​បន្ត​ទៀត ស្រាប់តែ​មានបុរស​ម្នាក់​ដែល​កំពុង​តែ​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្ត​ភ​ក្កិ​មាន​ស្រី​មាន​ប្រុស​នៅ​ក្បែរ​នោះ​​ចេញ​មក​កាង​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ទើប​សមត្ថកិច្ច​នាំ​យក​ម៉ូតូ​ និង​ម្ចាស់​ម៉ូតូ​ខាងលើ ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ធ្វើ​កិច្ចសន្យា​និង​ឲ្យ​ម្ចាស់​ម៉ូតូ​ដូរ​​បំពង់​ស៊ីម៉ាំងប្រភេទ​នេះ​ចេញ ទើប​ឲ្យ​យក​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕