ឪពុកម្តាយគួរប្រយ័ត្ន! ក្មេងស្រីតូចម្នាក់ ស្លាប់ដោយសារ លេបថ្មពិល ប៉ុនឡេវអាវ មួយគ្រាប់

អាមេរិក៖ វាពិតជារឿងគួរឲ្យសោកស្តាយ ដែលបានកើតឡើង ក្នុងគ្រួសារមួយ ដោយសារកូនស្រីតូច កំពុងពេញស្រលាញ់ម្នាក់ បានស្លាប់យ៉ាងអាណោចអាធម ដោយសារលេបថ្មពិល ទំហំតូចប៉ុនឡេវអាវមួយគ្រាប់។

បើតាមសម្តីរបស់ជីតាក្មេងស្រីអភ័ព្វនោះ ដែលរស់នៅរដ្ឋ Oklahoma នៃសហរដ្ឋអាមេរិក បានឲ្យដឹងថា ចៅស្រីរបស់គាត់ឈ្មោះថា Brianna Florer អាយុ ២ឆ្នាំ មានអាការៈមិនស្រួល និងគ្រុនក្តៅបន្តិចដែរ កាលពី២ ទៅ ៣ថ្ងៃ មុនពេលនាងស្លាប់។

ប្រភពឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី២៦ ធ្នូ កន្លងទៅ ឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ បានទូរស័ព្ទហៅឡានពេទ្យ ដើម្បីបញ្ជូនកូនទៅមន្ទីរពេទ្យ នៅពេលដែលឃើញនាង ក្អួតធ្លាក់ឈាម ហើយប្រែជាមានស្នាមជាំខៀវ។ ពេលទៅដល់មន្ទីរពេទ្យ គេបានបញ្ជូនក្មេងស្រីរងគ្រោះ ចូលបន្ទប់វះកាត់ភ្លាមៗ និងចំណាយអស់រយៈពេល ២ម៉ោង តែនាងតូចអភ័ព្វរូបនេះ នៅតែហូរឈាមមិនឈប់ និងស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យតែម្តង។

ជាមួយគ្នានេះដែរ បើតាមការបង្ហាញរបស់គ្រូពេទ្យ តាមរយៈការថតកាំរស្មីអ៊ិច បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ បានលេបថ្មពិល មានទំហំប៉ុនឡេវអាវមួយគ្រាប់ បណ្តាលឲ្យថ្មពិលនោះចូលទៅក្នុង សរសៃរឈាមការ៉ូទីត (Carotid) តាមរយៈបំពង់អាហារ អស់រយៈពេល ៦ថ្ងៃ មុនពេលស្លាប់។

យ៉ាងណាមិញ នេះក៏ជាសារមួយ ដែលអាចជួយដាស់អារម្មណ៍ឪពុកម្តាយគ្រប់រូប ឲ្យមានការបុ្រងប្រយ័ត្ន ឲ្យកាន់តែខ្ពស់ ចំពោះកូនតូចៗរបស់ខ្លួន ដើម្បីកុំឲ្យមានរឿងបែបនេះកើតឡើង៕

ឪពុកម្តាយគួរប្រយ័ត្ន! ក្មេងស្រីតូចម្នាក់ ស្លាប់ដោយសារ លេបថ្មពិល ប៉ុនឡេវអាវ មួយគ្រាប់
រូបក្មេងតូចអភ័ព្វ ដែលបានស្លាប់នោះ
ឪពុកម្តាយគួរប្រយ័ត្ន! ក្មេងស្រីតូចម្នាក់ ស្លាប់ដោយសារ លេបថ្មពិល ប៉ុនឡេវអាវ មួយគ្រាប់

ប្រភព៖

ដោយ ឌី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត