ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​៖ តាម​នីតិ​វិធី​បច្ចុប្បន្ន​ លោក សម រង្ស៊ី មិន​អាច​ឆ្លើយ​សំណួរ​តុលាការ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​ Skype ទេ​

ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ២ មករា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​ តាម​នីតិ​វិធី​បច្ចុប្បន្ន​នេះ​ តុលាការ​មិន​អនុញ្ញត​ឲ្យ​ លោក​សម រង្ស៊ី​ ធ្វើ​ការ​ឆ្លើយ​សំណួរ​តុលាការ​ តាម​ប្រព័ន្ធ​អ៊ីន​ធើរ​ណិត​ឡើយ​។ លោក​ ពន្យល់​ថា​ លោក​ សម រង្ស៊ី ត្រូវ​តែ​បង្ហាញ​វត្ត​មាន​ នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​។ សូម​បញ្ជាក់​ថា នៅ​​ថ្ងៃ​ទី​ ២ មករា​ លោក​ សម រង្ស៊ី បាន​ប្រកាស​​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​លោក​ ថា​ លោក​នឹង​ឆ្លើយ​រាល់​សំនួរ​របស់​ចៅ​ក្រម​តាម​រយៈ​ប្រព័ន្ធ​ទំនាក់ទំនង​ Skype ពី​ក្រៅប្រទេស​ ជុំវិញ ដំណើរ​រឿង​បរិហាកេរ្ត៍​លោក​ ហេង​ សំរិន​ ។