គូព្រេងមិនព្រាត់​ អាពាហ៍ពិពាហ៍​ក្នុងគ្រាកលិយុគរបស់​សម្តេចតេជោ ហ៊ុន សែន (វគ្គ១)

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានសរសេរប្រវត្តិស្នេហ៍និង​ជីវិតអាពាហ៍ពិពាហ៍​របស់សម្តេចជាមួយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន​ បង្ហោះនៅប៉ុន្មាននាទីមុននេះ​មានខ្លឹមសារទំាងស្រុងដូចតទៅ ៖​ "ថ្ងៃទី៥ ខែ មករា ឆ្នាំ ​២០១៥ ជាខួប ៤០ ឆ្នាំ​ នៃអាពាហ៏ពិពាហ៏របស់ខ្ញុំ និងភរិយា (៥មករា​១៩៧៦​-៥មករា២០១៦)។ ​​បើនិយាយពីជីវិតប្តីប្រពន្ទវាជារឿងធម្មតាខ្លាំង​ណាស់ សំរាប់ជីវិតមនុស្សទូទៅ ​​តែសំរាប់ខ្ញុំនិងភរិយា​វាជារឿងមិនធម្មតា​ ពេលខ្លះខ្ញុំគិតថា​ចម្លែករហូត​​ចាត់ទុកថាទេវតាផ្សំផ្គុំ ​ឬគូព្រេងទៀតផង។​ ខ្ញុំគួរចាប់ផ្តើមពីចំណុចថា ​តើខ្ញុំ​និងភរិយាស្គាល់គ្នានិង​ជួបគ្នាដោយរបៀបណា? ​គ្រូទោះទាយតែងតែ​​ទោះទាយ​ឱ្យខ្ញុំថា គូរព្រេង​​របស់ខ្ញុំនៅក្រោមខ្សែទឹកហូរ ​ជារបៀបនិយាយនៃអ្នក​​ដែលរស់​នៅតាមដង​ទន្លេមេគង្គមានន័យថា ​ភរិយាខ្ញុំនឹងមានទីលំនៅ ​ នៅក្រោមចរន្តទឹកហូរ ​តែផ្ទុយ​ទៅវិញភរិយាខ្ញុំ​បែរ​ជាមានទីលំនៅលើចរន្តទឹកហូរទៅវិញ។​ ប្រៀបធៀបភូមិសាស្រ្តនៃភូមិ ពាមកោះស្នា ​ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ​​ដែលជាភូមិកំណើតរបស់ខ្ញុំ ​និង ភូមិរកាខ្នុរ ឃុំរការខ្នុរ ​ស្រុកក្រូចឆ្មា ​ដែលជាភូមិកំណើតរបស់ភរិយាខ្ញុំ​នៅម្ខាងទន្លេម្នាក់​ឃើញថា​ ភូមិខ្ញុំនៅក្រោមខ្សែទឹកនៃ​ភូមិភរិយាខ្ញុំ៣ទៅ​៥គីឡូម៉ែត្រឯណោះ។

ពេលនេះខ្ញុំនិយាយដល់​រឿងរ៉ាវដែលបានកើតក្នុងទំនាក់ទំនង​រវាងខ្ញុំនិងភរិយាខ្ញុំ។ ​នៅប្រមាណដើមឆ្នាំ១៩៧៣អង្គភាពរបស់ខ្ញុំ​ត្រូវបានបញ្ជូនចេញពីស្រុកមេមត់ទៅកាន់​ស្រុកត្បូងឃ្មុំតាមដងទន្លេមេគង្គ ​មានឃុំជីរោ ឃុំបឹងព្រួល ​ឃុំពាមជីលាំង ឃុំ ថ្មពេជ្រ ​ឃុំស្រែសៀម។ល។ ​បន្ទាប់ពីបានប្រយុទ្ឋនៅលើស​មរភូមិជាច្រើនតាមផ្លូវជាតិលេខ៧ ក្នុងចន្លោះស្រុកស្នួល ​ខេត្តក្រចេះមកស្រុកមេមត់ ​និងស្រុកពញ្ញាក្រែកខេត្តកំពង់ចាម ​ដែលពួកខ្ញុំប្រយុទ្ឋភាគច្រើនជាមួយ​កងទ័ពឈ្លានពានវៀតណាម​ខាងត្បូង ​និងកង​ពលខ្លះ​ជាមួយកងទ័ពអាមេរិក និង​​ វៀតណាមខាងត្បូង​ សំខាន់ក្នុងឆ្នាំ១៩៧០​ ដល់ចុងឆ្នាំ១៩៧១។

ពេលនោះខ្ញុំទើបអាយុបាន២១ឆ្នាំ។​ ឯភរិយាខ្ញុំទើបមានអាយុ១៩ឆ្នាំប៉ុណ្ណោះ។ ​ខ្ញុំនិងភរិយារបស់ខ្ញុំមិនដែល​ស្គាល់គ្នាទាល់តែសោះ​ កុំថាឡើយមុខមាត់​ ​សូម្បីតែឈ្មោះក៏មិន​ដែលស្គាល់ឬឮផង។​ ល្ងាចថ្ងៃមួយនៅពេលដែល​ខ្ញុំកំពុងដាំបាយដែលជាវេនដាំស្លរបស់ខ្ញុំ ​ ស្រាប់តែយុទ្ឋជនរបស់ខ្ញុំម្នាក់​ដែលទើបនឹងចេញពីព្យាបាល​ជម្ងឺនៅមន្ទីរពេទ្យ​ស្រុក​​ក្រូចឆ្មា​មកប្រាប់ខ្ញុំថា​ សោផ្តាំសួរសុខទុក្ខ។ ​អ្នកតាមដងទន្លេពាក្យ (សោគឺជាបងថ្លៃស្រី) ​ខ្ញុំមិនតបតឬសួរនាំអ្វីទាំងអស់​ និងឱយយុទ្ឋជនរូបនេះ​ជួយចិត្តផ្លែចេកព្រោះ​ត្រូវធ្វើសម្លរប្រហើរផ្លែចេក។

ស្អែកឡើងមានយុទ្ឋជន​ផ្សេងដែលទើបចេញពីមន្ទីរពេទ្យ​ស្រុកក្រូចឆ្មានិយាយរឿងនេះដូចគ្នា​  និងជាបន្តបន្ទាប់មានយុទ្ឋជន​កម្មាភិបាលកាន់តែច្រើននិយាយពាក្យសោផ្ដាំ​សួរសុខ​ទុក្ខ។ ចំណែកខាងភរិយាខ្ញុំក៏បានទទួលពាក្យពីយុទ្ឋជនរបស់ខ្ញុំវិញថា ​មេបញ្ជាការរបស់ខ្ញុំផ្ដាំសួរសុខទុក្ខ ​អ្នកគ្រូពេទ្យរហូតយុទ្ឋជន​ខ្លៈហ៊ានប្រើពាក្យសោឬបងថ្លៃ ដែលពាក្យនេះបានធ្វើឱ្យ ​អ្នកគ្រូពេទ្យក្រមុំខឹង​នឹងខ្ញុំយ៉ាងខ្លាំង។

នេះជាល្បែងផ្សំផ្គុំដ៏មានគ្រោះថ្នាក់​សំរាប់វិន័យកងទ័ពនាពេលនោះ​ ប្រសិនបើយើងមិនមានការ​យោគយល់ពីមេបញ្ជាការរបស់យើងទេនោះ។ ​ជាកុសលល្អ ​ខ្ញុំតែងមាន​មេបញ្ជាការប្រកបដោយមេត្តាធម៌​ ក្នុងនោះមានម្នាក់ឈ្មោះសុក សារឿន ​​បច្ចុប្បន្នជាឧត្តមសេនីយទោ និងជាមេបញ្ជាការរងយោធភូមិភាគទី៤​ គាត់ជាមនុស្សសំខាន់ម្នាក់​ដែលដឹងរឿងរ៉ាវក្នុង​ទំនាក់ទំនងរវាងខ្ញុំនិងភរិយាខ្ញុំ។ ​ ឯខ្ញុំក៏ដឹងរឿងរ៉ាវគាត់ច្រើនដែរ​ ក្នុងរឿងគាត់ជាកម្លោះចាស់ចង់​បានប្រពន្ឋក្មេង។

ថ្ងៃទី២៣ ខែ មិនា ឆ្នាំ ​១៩៧៣ ​មានការប្រយុទ្ឋទ្រង់ទ្រាយធំមួយដើម្បីអបអរសាទរ​ខួបលើកទី៣ នៃថ្ងៃបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា ​ដឹកនាំដោយ ​សម្តេចព្រះ នរោត្តម សីហនុ ។​ ពួកយើងបានវាយបន្ទាយទន្លេបិទ​ដែលអង្គភាពរបស់ខ្ញុំក្រោមបញ្ជាររបស់បងប្រុស ​សុក សារឿន ត្រូវវាយពីទិសខាងជើង ​ដែលពេលនេះ​គឺជាតំបន់​គល់ស្ពាន
គីស្យូណា។ ​យើងចាញ់ធ្ងន់ធ្ងររហូតបាក់ទ័ព។ ​យុទ្ឋជនមួយចំនួនពលីជីវិតមួយចំនួនទៀត ​ត្រូវរបួសដែលបងប្អូនទាំងនោះ​ត្រូវបញ្ជូនមក​ព្យាបាលរបួស​នៅ​មន្ទីរពេទ្យស្រុក​ក្រូចឆ្មា ​ដែលជាមន្ទីរពេទ្យកំពុង​មានបញ្ហាជាមួយខ្ញុំ។

សូមបញ្ជាក់ថា ការប្រយុទ្ឋយប់ថ្ងៃទី២៣ ​ខែ មិនា ឆ្នាំ ១៩៧៣ ​គឺជាលើកដំបូងហើយ ​ ដែលខ្ញុំវាយជាមួយកងទ័ពខ្មែរគ្នាឯង​តាមនយោបាយខ្មែរូបនីយកម្ម​សង្គ្រាមនៅកម្ពុជា បន្ទាប់ពីអាមេរិកនិងវៀតណាមខាងត្បូង​ដកកងទ័ពថ្មើរជើងចេញពីកម្ពុជា ​ តែនៅបន្តវាយកម្ពុជាតាមកងទ័ពជើងអាកាស។ ​ការប្រយុទ្ឋរាប់សិបលើកមុនៗ​គឺវាយ​ជាមួយ​កងទ័ពឈ្លានពានអាមេរិក ​ពិសេសគឺកងទ័ពវៀតណាមខាងត្បូងដែលបោះ​ទ័ពតាមផ្លូវជាតិលេខ៧ ​ម្ដុំ ស្អំ អំពុកក្រែក។ល។ ​នៅពេលកម្មាភិបាលយុទ្ឋជន​​មួយចំនួនកំពុង​សម្រាកព្យាបាលរបួស​ និងជម្ងឺនៅក្នុងមន្ទីរពេទ្យស្រុកក្រូចឆ្មា​ ក្នុងឋានៈជាមេបញ្ជាការរបស់ពួកគេ​ ខ្ញុំត្រូវទៅសួរសុខទុក្ខពួកគេ។ ​ ពេលចូលដល់មន្ទីរពេទ្យដែល​នៅជាប់​នឹង​មាត់ទន្លេមេគង្គ ខ្ញុំដើរសួរសុខទុក្ខយុទ្ឋមិត្ត​ដែលសម្រាកនៅមន្ទីរពេទ្យទាំងអស់ ​ដោយមាននំអន្សមចេកចែកជូន២ម្នាក់ស្មើៗ​គ្នាដោយគ្មានការរើស​អើងអង្គភាព។

ចុងក្រោយទើបខ្ញុំទៅ​សួរសុខទុក្ខសំឡាញ់ខ្ញុំម្នាក់​ដែលរបួសជើងទាំងសងខាង ដែលខ្ញុំបានអូសផងលីផង​យកចេញពីសមរភូមិនាព្រឹកថ្ងៃទី ២៣​ ខែ មិនា ឆ្នាំ ១៩៧៣។ សំឡាញ់ម្នាក់នេះ​កំសត់កម្រជាមួយគ្នាតាំងពីសមរភូមិទី១ ​វាយទ័ពអាមេរិក និងវៀតណាមខាងត្បូងនៅស្រុកស្នួលខេត្តក្រចេះ​ ថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧០​ ដែលជាថ្ងៃ​ដំបូង​នៃការចូលមកកាន់កាប់ផ្លូវជាតិលេខ៧ ​ពីសំណាក់កងទ័ពឈ្លានពាន។​ គាត់គឺជាមនុស្សកំប្លែងស្ងួត ​សំឡាញ់ខ្ញុំមិនត្អូញត្អែរជាមួយមុខរបួសគាត់ទេ ​ គាត់បែរជា​និយាយ​មកកាន់ខ្ញុំថា បូណាល់ (ហ៊ុន បូណាល់ ជាឈ្មោះដើមរបស់ខ្ញុំ ​និងហៅក្រៅថា “សែន” ពេលនោះខ្លះហៅ ​“សែន” ខ្លះហៅ “បូណាល់”) ​គ្រូពេទ្យ ”រានី” ពិតជា​ស្អាត។ បើឯងមិនត្រូវការទេទុកឱ្យ​អញដណ្តឹងយកតែប្រហែលជាទៅ​មិនរួចទេបើអញខ្មៅយ៉ាងនេះ​ដូចក្អែកពាំពងមាន់ ហើយព្រោះរ៉ានី​សស្អាតណាស់។ ពេលឮឈ្មោះ ”រានី” ខ្ញុំក៏សួរថា “រ៉ានីហ្នឹងជាអ្នកណាគេ? ​សំឡាញ់ខ្ញុំឆ្លើយភ្លាមថា ​ក្រែងនារីដែលឯងស្រឡាញ់នោះអី ​បន្តិចទៀតគាត់មកលាងរបួស​ឱ្យអញហើយ ​ចាំជួបគ្នានៅហ្នឹង​ហើយ។ ខ្ញុំជេរសំឡាញ់ខ្ញុំថាអាឆ្កួត។ ​ ដោយប្រញ៉ាប់ឆ្លងទន្លេពីឃុំក្រូចឆ្មា ​ដែលជាទីតាំងមន្ទីរពេទ្យទៅឃុំពាម​កោះស្នាដើម្បីសួរសុខទុក្ខឳពុក ម្តាយ ​ក្រុមគ្រួសារដែលបែក​គ្នាជាង៣ឆ្នាំមកហើយនោះ ​ ខ្ញុំក៏ប្រញ៉ាប់ចាកចេញពីមន្ទីរពេទ្យ​ដោយមិនទាន់ស្គាល់មុខរ៉ានីយ៉ាងណាផង​ ហើយក៏មិនចង់ស្គាល់ដែរ ​ព្រោះខ្លាចមានរឿង។ ​នេះលើកទីមួយ​ហើយដែលខ្ញុំស្គាល់ឈ្មោះនារីម្នាក់ ​ដែលក្រោយមកបានក្លាយជាភរិយាខ្ញុំរយះពេល៤០​ឆ្នាំកន្លងមកនេះ។

ហេតុតែនិស្ស័យ ខំប្រឹងគេចវេស ​ទោះខ្ញុំត្រូវរបួសភ្លៅដោយអំបែងគ្រាប់ផ្លោងក្នុងអំឡុងខែវិច្ចិកា​ ឆ្នាំ១៩៧៣ ក៏ខ្ញុំមិនមកព្យាបាល​នៅមន្ទីរពេទ្យស្រុកក្រូចឆ្មាដែរ ​ខ្លាចជួប​មុខរ៉ានីនេះ។ តែពាក្យចចាមអារ៉ាមកាន់តែធំទៅៗ ​ធ្វើឱយខ្ញុំរងក្តីអាម៉ាស់ប្រឈមនិង​បញ្ហាវិន័យកាន់តែខ្លាំង។ ​ចំណែកខាងរ៉ានីវិញកាន់តែធ្ងន់ធ្ងរ​ជាងខ្ញុំទៅទៀត ព្រោះនាង​ជាមនុស្សស្រី បើមិនរងខាងវិន័យ​ទេក៏មានផលប៉ះពាល់ខាងសីលធម៌ដែរ។​ មនុស្សប្រុស ស្រី២នាក់ហើយ​សុទ្ឋតែក្រមុំកម្លោះដូចគ្នា​មិន​ដែលស្គាល់គ្នា​តែមានការគិតដូចគ្នា គឺខ្ញុំបានស្នើរសុំមេបញ្ជាការរបស់ខ្ញុំបង​ សុខ សារឿន ​ដើម្បីទៅជួបដោះស្រាយផ្ទាល់នៅស្រុកក្រូចឆ្មា។ ​ប្រហែល២ថ្ងៃក្រោយរ៉ានី ​បានផ្តាំតាមអ្នកទទួលខុស​ត្រូវពេទ្យនៅ​សមរភូមិឱ្យខ្ញុំប្រញ៉ាប់ទៅ​កាន់ស្រុកក្រូចឆ្មាដើម្បីដោះស្រាយ​ការយល់ច្រឡំនេះ។

ខ្ញុំទទួលបានព័ត៌មានពេលព្រឹក ​ពេលរសៀលខ្ញុំជួបបង សុក សារឿន ​មេបញ្ជាការរបស់ខ្ញុំទទូចសុំគាត់ឱ្យជូនខ្ញុំទៅ​ស្រុកក្រូចឆ្មានាពេលល្ងាចនោះតែម្ដង។ ​ដោយយល់​ចិត្ត​នាយទាហ៊ានថ្នាក់ក្រោមដែល​ជួយការងារគាត់យ៉ាងច្រើនលើការងារ ​ ហើយប្រហែលជាគាត់កំពុងស្វែង​យល់ចិត្តនិងសាច់ញាតិនារីម្នាក់ដែល​គាត់ស្រឡាញ់ផងដែរនោះ បង សុក សារឿន ​ក៏សំរេចចិត្តភ្លាមហើយចេញដំណើរភ្លាម ​ដែលដើមឡើយទាំងគាត់ទាំងខ្ញុំ​គិតថានឹងត្រឡប់​មកវិញទាំងយប់។

ពួកយើងចេញដំណើរម៉ោងប្រហែលជិត៣ល្ងាច ​ពីឃុំបឹងព្រួលស្រុកពាមជីលាំង ​ទៅឃុំក្រូចឆ្មា ​ស្រុកក្រូចឆ្មាដោយម៉ូតូហុងដា​ CL90។ សុំបញ្ជាក់ថា ​ក្រោយឆ្នាំ១៩៧០ តំបន់រំដោះនាខេត្តកំពង់ចាម​ត្រើយខាងកើត​ទន្លេមេគង្គគឺជាផ្នែកមួយនៃភូមិភាគបូព៌ាទិស២០៣ ​តំបន់ដែលខ្ញុំរស់នៅគឺតំបន់២១ ​ដែលនៅខាងជើងផ្លូវជាតិលេខ៧។ រីឯខាងត្បូងផ្លូវជាតិលេខ៧ ​គឺជាតំបន់២០។ ​ ខេត្តកំពង់ចាមត្រើយខាងលិចជា​ភូមិភាគ៣០៤ ដោយយកទន្លេមេគង្គ ​ជាព្រំប្រទល់រវាងភូមិភាគទាំងពីរ​២០៣ និង ៣០៤។ សំរាប់តំបន់២១ បានបង្កើតស្រុក២បន្ថែម ​គឺស្រុកទឹកជ្រៅនឹងស្រុក​ពាមជីលាំង ក្នុងឆ្នាំ១៩៧៣ ។ ​ក្រោយមកទៀតបង្កើតស្រុកមួយ​ទៀតមានឈ្មោះថាស្រុកត្រមូង។ ឃុំបឹងព្រួលដែលខ្ញុំចេញដំណើរ​ទៅកាន់ស្រុកក្រូចឆ្មាស្ថិតក្នុងស្រុក​ពាមជីលាំងដែលត្រូវធ្វើដំណើរប្រមាណ២ម៉ោង ​ ទើបដល់មន្ទីរពេទ្យដែល​មានទីតាំងនៅឃុំក្រូចឆ្មា​ដែល​ពួក​យើងទៅដល់ទីនោះមុនម៉ោង​ ៥ល្ងាច ។ ភ្នែកខ្ញុំប្រឹងរកមើលតើនារី​មួយណាទៅឈ្មោះរ៉ានី ​ប៉ុន្តែមិនឃើញសោះ ​ ប្រហែលកន្លះម៉ោងក្រោយ​មក​ទើបថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​​និង​សង្គមកិច្ចស្រុកបានអញ្ជើញយើងហូបបាយ។ ​ខ្ញុំអត់ស្គាល់គ្រូពេទ្យជានារីនៅមន្ទីរ​ពេទ្យស្រុកក្រូចឆ្មាទេ​ គ្រូពេទ្យលើកបាយសម្លរមក ​ខ្ញុំលួចមើលមុខនិងខ្សឹប​សួរប្រធានមន្ទីរពេទ្យថាតើមួយណាឈ្មោះរ៉ានី​ ប្រធានមន្ទីរគ្រវីក្បាលថាអត់មាននៅទីនេះទេ។​ ក្រោយបាយរួច​ ខ្ញុំបានសុំមេបញ្ជាការរបស់​ខ្ញុំទៅសួរសុខទុក្ខបង​ជីដូនមួយ​របស់ខ្ញុំដែលនៅមិនឆ្ងាយ​ពីមន្ទីរពេទ្យ។"

(សូមរង់ចាំអានវគ្គ២)