ងោក​មួយ​ភាំង​រថយន្ត​រេ​ចង្កួត​ទៅ​​​បុក​រះ​បង្គោល​ភ្លើង​និង​ទ្វារផ្ទះ

​រាជ​ធានី​ភ្នំពេញ ៖ អ្នកបើកបរ​រថយន្ត​ងោក​មួយ​​ភាំង​​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ និង​​ជ្រុល​ទៅបុក​រះ​ទ្វារ​រមូល​ផ្ទះ​ នៅ​មិន​ទាន់​អស់​ល្បឿន​ជ្រុល​ទៅ​បុក​គំនរ​ភ្លៅ​រថយន្ត​គរ​នៅ​មុខ​ផ្ទះ ​និង​បុកបង្គោល​ភ្លើង​មួយ​ដើម​ទៀត​ ទើប​រថយន្ត​ទៅ​មុខ​លែង​រួច កាលពី​វេលា​ម៉ោង៣​​និង៥០​​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣​ ​មករា តាម​បណ្តោយ​ផ្លូវ​លេខ៥១៦​ ចំណុច​មុខ​ផ្ទះ​លេខ១៩៩​ ភូមិ​៥២​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក ។

តាម​សម្តី​របស់​ម្ចាស់ផ្ទះ​ដែល​រង​ការ​ខូចខាត​ទ្វារ​រមូល​ផ្ទះ​បាន​ឲ្យ​ដឹង​ថា បើ​តាម​គាត់​មើល​តាម​កាមេរក៉ា​សុវត្ថិភាព​ មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខភ្នំពេញ​2AA-7467 អ្នកបើកបរ​ដោយ​បុរស​ម្នាក់​វ័យ​ប្រមាណ​៣០​ឆ្នាំ មិនមាន​អាកា​រៈ​ស្រវឹង​ទេ គឺ​ងងុយដេក បើកបរ​តាម​ផ្លូវ​លេខ​៥១៦ ពី​លិចទៅ​កើត ​លុះ​មក​ដល់ចំណុច​ខាងលើ​​សង្ស័យ​ងោក​មួយ​​ភាំង​​ក៏​​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ឡើង​លើ​ខឿន​ចិញ្ចើម​ផ្លូវ​បុក​បង្គោល​ភ្លើង​ដែក​បំភ្លឺ​ផ្លូវ​ទ្រេត​អស់​មួយ​ដើម​ ហើយ​រថយន្ត​ជ្រុល​ទៅ​បុក​រះ​ទ្វារ​រមូល​ផ្ទះ​លេខ១៩៩ធ្វើ​ឲ្យ​ក្រ​ពឹត​​ ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​​ក៏​​ជ្រុល​ទៅ​មុខ​បុក​គំនរ​ភ្លៅ​រថយន្ត​ដែល​ដាក់​គរ​នៅ​មុខ​ផ្ទះ​ជិត​បង្គោល​ភ្លើង​ធ្វើ​ឲ្យ​បុក​ជាប់​នឹង​បង្គោល​ភ្លើង​បែក​កង់​មុខ​ទាំង​២ បើក​ទៅ​មុខ​លែង​រួច​ ។

ក្រោយ​ពេល​កើតហេតុ​ អ្នកបើកបរ​បាន​បើកទ្វារ​រថយន្ត​​រួច​រត់ឡើង​ជិះ​ម៉ូតូឌុប​ចេញ​ទៅ​បាត់ នៅ​សល់​តែ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ច​រា​រណ៍ផ្លូវគោក​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕