ប្រវត្តិ​សេ្ន​ហាស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ៖ ” គូព្រេង​មិន​ព្រាត់​អាពាហ៍ពិពាហ៍​ក្នុង​គ្រា​កលិយុគ​” «​វគ្គ​១»

​រាជធានី​ភ្នំពេញ​៖​សម្តេច​តេ​ជោ​តាមរយៈ​ទំព័រ​ហ្វេ​សបុ​កនៅ​ព្រឹក​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៦​នេះ បានបង្ហាញ​រឿងរ៉ាវ​ប្រវត្តិ​ស្នហ៍​ជា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ចំណងជើង​ថា ប្រវត្តិ​សេ្ន​ហាស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ៖ " គូព្រេង​មិន​ព្រាត់​អាពាហ៍ពិពាហ៍​ក្នុង​គ្រា​កលិយុគ​" «​វគ្គ​១»

 ថ្ងៃទី​៥ ខែ មករា ឆ្នាំ ២០១៥ ជា​ខួប ៤០ ឆ្នាំ នៃ​អាពាហ៍ពិពាហ៍​របស់ខ្ញុំ និង​ភរិយា (៥​មករា​១៩៧៦-៥​មករា​២០១៦)​។ បើ​និយាយ​ពី​ជីវិត​ប្តី​ប្រព​ន្ទ​វា​ជា​រឿង​ធម្មតា​ខ្លាំងណាស់​សំរាប់​ជីវិត​មនុស្ស​ទូទៅ តែ​សំរាប់​ខ្ញុំ​និង​ភរិយា​វា​ជា​រឿង​មិនធម្មតា ពេលខ្លះ​ខ្ញុំ​គិតថា​ចម្លែក​រហូត​ចាត់ទុកថា​ទេវតា​ផ្សំផ្គុំ ឬ​គូព្រេង​ទៀតផង​។ ខ្ញុំ​គួរ​ចាប់ផ្តើម​ពី​ចំណុច​ថា តើ​ខ្ញុំ​និង​ភរិយា​ស្គាល់គ្នា​និង​ជួបគ្នា​ដោយ​របៀប​ណា​? គ្រូ​ទោះ​ទាយ​តែងតែ​ទោះ​ទាយ​ឱ្យ​ខ្ញុំ​ថា គូព្រេង​របស់ខ្ញុំ​នៅក្រោម​ខ្សែទឹក​ហូរ ជា​របៀប​និយាយ​នៃ​អ្នក​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​មានន័យថា ភរិយា​ខ្ញុំ​នឹងមាន​ទីលំនៅ នៅក្រោម​ចរន្តទឹក​ហូរ តែ​ផ្ទុយទៅវិញ​ភរិយា​ខ្ញុំ​បែរ​ជាមាន​ទីលំនៅ​លើ​ចរន្តទឹក​ហូរ​ទៅវិញ​។ ប្រៀបធៀប​ភូមិសាស្ត្រ​នៃ ភូមិ ពាម​កោះ​ស្នា ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ដែលជា​ភូមិកំណើត​របស់ខ្ញុំ និង ភូមិ​រកា​ខ្នុរ ឃុំរ​ការ​ខ្នុរ ស្រុក​ក្រូចឆ្មា ដែលជា​ភូមិកំណើត​របស់​ភរិយា​ខ្ញុំ​នៅ​ម្ខាង​ទន្លេ​ម្នាក់​ឃើញថា ភូមិ​ខ្ញុំ​នៅក្រោម​ខ្សែទឹក​នៃ​ភូមិ​ភរិយា​ខ្ញុំ​៣​ទៅ​៥​គីឡូម៉ែត្រ​ឯណោះ​។​

​ពេលនេះ​ខ្ញុំ​និយាយ​ដល់​រឿងរ៉ាវ​ដែល​បានកើត​ក្នុង​ទំនាក់ទំនង​រវាង​ខ្ញុំ​និង​ភរិយា​ខ្ញុំ​។ នៅ​ប្រមាណ​ដើមឆ្នាំ​១៩៧៣​អង្គភាព​របស់ខ្ញុំ​ត្រូវបាន​បញ្ជូន​ចេញពី​ស្រុក​មេមត់​ទៅកាន់​ស្រុក​ត្បូងឃ្មុំ​តាម​ដង​ទន្លេមេគង្គ មាន​ឃុំ​ជី​រោ ឃុំ​បឹង​ព្រួល ឃុំ​ពាមជីលាំង ឃុំ ថ្ម​ពេជ្រ ឃុំ​ស្រែ​សៀម​។​ល​។ បន្ទាប់ពី​បាន​ប្រ​យុ​ទ្ឋ​នៅលើ​សមរភូមិ​ជាច្រើន​តាមផ្លូវ​ជាតិ​លេខ​៧ ក្នុង​ចន្លោះ​ស្រុក​ស្នួល​ខេត្តក្រចេះ​មក​ស្រុក​មេមត់​និង​ស្រុក​ពញ្ញាក្រែក​ខេត្តកំពង់ចាម ដែល​ពួក​ខ្ញុំ​ប្រ​យុ​ទ្ឋ​ភាគច្រើន​ជាមួយ​កងទ័ព​ឈ្លានពាន​វៀតណាម​ខាងត្បូង​និង​កង​ពេលខ្លះ​ជាមួយ​កងទ័ព​អាមេរិក និង វៀតណាម​ខាងត្បូង សំខាន់​ក្នុង​ឆ្នាំ​១៩៧០ ដល់​ចុងឆ្នាំ​១៩៧១​។​

​ពេលនោះ​ខ្ញុំ​ទើប​អាយុ​បាន​២១​ឆ្នាំ​។ ឯ​ភរិយា​ខ្ញុំ​ទើប​មាន​អាយុ​១៩​ឆ្នាំ​ប៉ុណ្ណោះ​។ ខ្ញុំ​និង​ភរិយា​របស់ខ្ញុំ​មិនដែល​ស្គាល់គ្នា​ទាល់តែសោះ កុំថាឡើយ​មុខមាត់​សូម្បីតែ​ឈ្មោះ​ក៏​មិនដែល​ស្គាល់​ឬឮ​ផង​។ ល្ងាច​ថ្ងៃមួយ​នៅពេលដែល​ខ្ញុំ​កំពុង​ដាំបាយ​ដែលជា​វេន​ដាំ​ស្ល​របស់ខ្ញុំ ស្រាប់តែ​យុ​ទ្ឋ​ជន​របស់ខ្ញុំ​ម្នាក់​ដែល​ទើបនឹង​ចេញពី​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​ស្រុក​ក្រូចឆ្មា​មក​ប្រាប់​ខ្ញុំ​ថា សោ​ផ្តាំ​សួរសុខទុក្ខ​។ អ្នកតា​មដង​ទន្លេ​ពាក្យ (​សោ​គឺជា​បងថ្លៃ​ស្រី​) ខ្ញុំ​មិន​តបត​ឬ​សួរនាំ​អ្វី​ទាំងអស់ និង​ឱយ​យុ​ទ្ឋ​ជន​រូបនេះ​ជួយ​ចិត្ត​ផ្លែ​ចេក​ព្រោះ​ត្រូវធ្វើ​សម្លរ​ប្រហើរ​ផ្លែ​ចេក​។​

​ស្អែក​ឡើង​មាន​យុ​ទ្ឋ​ជន​ផ្សេង​ដែល​ទើប​ចេញពី​មន្ទីរពេទ្យ​ស្រុក​ក្រូចឆ្មា​និយាយ​រឿងនេះ​ដូចគ្នា និង​ជា​បន្តបន្ទាប់​មាន​យុ​ទ្ឋ​ជន កម្មាភិបាល​កាន់តែច្រើន និយាយ​ពាក្យ​សោ​ផ្ដាំ​សួរសុខទុក្ខ​។ ចំណែក​ខាង​ភរិយា​ខ្ញុំ​ក៏បាន​ទទួល​ពាក្យ​ពី​យុ​ទ្ឋ​ជន​របស់ខ្ញុំ​វិញ​ថា មេបញ្ជាការ​របស់ខ្ញុំ​ផ្ដាំ​សួរសុខទុក្ខ អ្នកគ្រូ​ពេទ្យ​រហូត​យុ​ទ្ឋ​ជន​ខ្លៈ​ហ៊ាន​ប្រើពាក្យ​សោ​ឬ​បងថ្លៃ ដែល​ពាក្យ​នេះ​បានធ្វើឱ្យ អ្នកគ្រូ​ពេទ្យ​ក្រមុំ​ខឹង​និង​ខ្ញុំ​យ៉ាងខ្លាំង​។​

​នេះ​ជា​ល្បែង​ផ្សំផ្គុំ​ដ៏​មាន​គ្រោះថ្នាក់​សំរាប់​វិន័យ​កងទ័ព​នាពេលនោះ ប្រសិនបើ​យើង​មិនមាន​ការយោគយល់​ពី​មេបញ្ជាការ​របស់​យើង​ទេនោះ​។ ជា​កុសល​ល្អ ខ្ញុំ​តែងមាន​មេបញ្ជាការ​ប្រកបដោយ​មេត្តាធម៌ ក្នុងនោះ​មាន​ម្នាក់​ឈ្មោះ​សុក សារឿន បច្ចុប្បន្ន​ជា​ឧ​ត្ត​ម​សេនីយ​ទោ និង​ជា​មេបញ្ជាការរង​យោធភូមិភាគ​ទី​៤ គាត់​ជាម​នុស្ស​សំខាន់​ម្នាក់​ដែល​ដឹង​រឿងរ៉ាវ​ក្នុង​ទំនាក់ទំនង​រវាង​ខ្ញុំ​និង​ភរិយា​ខ្ញុំ​។ ឯខ្ញុំ​ក៏​ដឹង​រឿងរ៉ាវ​គាត់​ច្រើន​ដែរ ក្នុង​រឿង​គាត់​ជាក​ម្លោះ​ចាស់​ចង់បាន​ប្រព​ន្ឋ​ក្មេង​។​

 ថ្ងៃទី​២៣ ខែ មិនា ឆ្នាំ ១៩៧៣ មានការ​ប្រ​យុ​ទ្ឋ​ទ្រង់ទ្រាយ​ធំ​មួយ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៣ នៃ​ថ្ងៃ​បង្កើត​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ដឹកនាំ​ដោយ សម្តេចព្រះ នរោត្តម សីហនុ ។ ពួកយើង​បាន​វាយ​បន្ទាយ​ទន្លេ​បិទ​ដែល​អង្គភាព​របស់ខ្ញុំ​ក្រោម​បញ្ជារ​របស់​បងប្រុស សុក សារឿន ត្រូវ​វាយ​ពី​ទិស​ខាងជើង ដែល​ពេលនេះ​គឺជា​តំបន់​គល់ស្ពាន​គី​ស្យូ​ណា​។ យើង​ចាញ់​ធ្ងន់ធ្ងរ​រហូត​បាក់ទ័ព​។ យុ​ទ្ឋ​ជន​មួយចំនួន​ពលី​ជីវិត មួយចំនួនទៀត​ត្រូវរបួស​ដែល​បងប្អូន​ទាំងនោះ​ត្រូវ​បញ្ជូនមក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ស្រុក​ក្រូចឆ្មា ដែលជា​មន្ទីរពេទ្យ​កំពុងមាន​បញ្ហា​ជាមួយ​ខ្ញុំ​។​

​សូមបញ្ជាក់ថា ការ​ប្រ​យុ​ទ្ឋ​យប់​ថ្ងៃទី​២៣ ខែ មិនា ឆ្នាំ ១៩៧៣ គឺជា​លើកដំបូង​ហើយ ដែល​ខ្ញុំ​វាយ​ជាមួយ​កងទ័ព​ខ្មែរ​គ្នាឯង​តាម​នយោបាយ​ខ្មែ​រូបនីយកម្ម​សង្គ្រាម​នៅ​កម្ពុជា បន្ទាប់ពី​អាមេរិក​និង​វៀតណាម​ខាងត្បូង​ដក​កងទ័ព​ថ្មើរជើង​ចេញពី​កម្ពុជា តែ​នៅ​បន្ត​វាយ​កម្ពុជា​តាម​កងទ័ព​ជើង​អាកាស​។ ការ​ប្រ​យុ​ទ្ឋ​រាប់សិប​លើក​មុនៗ​គឺ​វាយ​ជាមួយ​កងទ័ព​ឈ្លានពាន​អាមេរិក ពិសេស​គឺ​កងទ័ព​វៀតណាម​ខាងត្បូង​ដែល​បោះទ័ព​តាមផ្លូវ​ជាតិ​លេខ​៧ ម្ដុំ ស្អំ អំពុក​ក្រែក​។​ល​។ នៅពេល​កម្មាភិបាល​យុ​ទ្ឋ​ជន​មួយចំនួន​កំពុង​សម្រាក​ព្យាបាល​របួស និង​ជម្ងឺ​នៅក្នុង​មន្ទីរពេទ្យ​ស្រុក​ក្រូចឆ្មា ក្នុងឋានៈ​ជា​មេបញ្ជាការ​របស់​ពួកគេ ខ្ញុំ​ត្រូវ​ទៅសួរសុខទុក្ខ​ពួកគេ​។ ពេល​ចូលដល់​មន្ទីរពេទ្យ​ដែល​នៅជាប់​និង​មាត់​ទន្លេមេគង្គ ខ្ញុំ​ដើរ​សួរសុខទុក្ខ​យុ​ទ្ឋ​មិត្ត​ដែល​សម្រាក​នៅ​មន្ទីរពេទ្យ​ទាំងអស់ ដោយមាន​នំអន្សមចេក​ចែកជូន​២​ម្នាក់​ស្មើៗ​គ្នា​ដោយ​គ្មាន​ការរើសអើង​អង្គភាព​។ ចុងក្រោយ​ទើប​ខ្ញុំ​ទៅសួរសុខទុក្ខ​សំឡាញ់​ខ្ញុំ​ម្នាក់​ដែល​របួស​ជើង​ទាំងសងខាង ដែល​ខ្ញុំ​បាន​អូស​ផង​លី​ផង​យក​ចេញពី​សមរភូមិ​នា​ព្រឹក​ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ១៩៧៣​។ សំឡាញ់​ម្នាក់នេះ​កំសត់កម្រ​ជាមួយគ្នា​តាំងពី​សមរភូមិ​ទី​១ វាយ​ទ័ព​អាមេរិក និង​វៀតណាម​ខាងត្បូង​នៅ​ស្រុក​ស្នួល​ខេត្តក្រចេះ ថ្ងៃទី​១ ខែឧសភា ឆ្នាំ​១៩៧០ ដែលជា​ថ្ងៃ​ដំបូង​នៃ​ការចូល​មកកាន់​កាប់​ផ្លូវជាតិ​លេខ​៧ ពី​សំណាក់​កងទ័ព​ឈ្លានពាន​។ គាត់​គឺជា​មនុស្ស​កំប្លែង​ស្ងួត សំឡាញ់​ខ្ញុំ​មិន​ត្អូញត្អែរ​ជាមួយ​មុខរបួស​គាត់​ទេ គាត់​បែរជា​និយាយ​មកកាន់​ខ្ញុំ​ថា បូ​ណា​ល់ (​ហ៊ុន បូ​ណា​ល់ ជា​ឈ្មោះ​ដើម​របស់ខ្ញុំ និង​ហៅ​ក្រៅ​ថា “​សែន​” ពេលនោះ​ខ្លះ​ហៅ “​សែន​” ខ្លះ​ហៅ “​បូ​ណា​ល់​”) គ្រូពេទ្យ ”​រា​នី​” ពិតជា​ស្អាត​។ បើ​ឯង​មិនត្រូវ​ការ​ទេ​ទុកឱ្យ​អញ​ដណ្តឹង​យកតែ​ប្រហែលជា​ទៅ​មិន​រួច​ទេ​បើ​អញ​ខ្មៅ​យ៉ាងនេះ​ដូច​ក្អែក​ពាំ​ពងមាន់ ហើយ​ព្រោះ​រ៉ានី​ស​ស្អាត​ណាស់​។ ពេលឮ​ឈ្មោះ ”​រា​នី​” ខ្ញុំ​ក៏​សួរថា “​រ៉ានី​ហ្នឹង​ជា​អ្នកណា​គេ​? សំឡាញ់​ខ្ញុំ​ឆ្លើយ​ភ្លាម​ថា ក្រែង​នារី​ដែល​ឯង​ស្រឡាញ់​នោះ​អី បន្តិចទៀត​គាត់​មក​លាង​របួស​ឱ្យ​អញ​ហើយ ចាំ​ជួបគ្នា​នៅ​ហ្នឹងហើយ​។ ខ្ញុំ​ជេរ​សំឡាញ់​ខ្ញុំ​ថា​អា​ឆ្កួត​។ ដោយ​ប្រ​ញ៉ាប់​ឆ្លងទន្លេ​ពី​ឃុំ​ក្រូចឆ្មា ដែលជា​ទីតាំង​មន្ទីរពេទ្យ​ទៅ​ឃុំ​ពាម​កោះ​ស្នា​ដើម្បី​សួរសុខទុក្ខ​ឳ​ពុក ម្តាយ ក្រុមគ្រួសារ​ដែល​បែក​គ្នា​ជាង​៣​ឆ្នាំ​មកហើយ​នោះ ខ្ញុំ​ក៏​ប្រ​ញ៉ាប់​ចាក​ចេញពី​មន្ទីរពេទ្យ​ដោយ​មិនទាន់​ស្គាល់មុខ​រ៉ានី​យ៉ាងណា​ផង ហើយក៏​មិន​ចង់​ស្គាល់​ដែរ ព្រោះ​ខ្លាច​មានរឿង​។ នេះ​លើកទីមួយ​ហើយ​ដែល​ខ្ញុំ​ស្គាល់ឈ្មោះ​នារី​ម្នាក់ ដែល​ក្រោយមក​បានក្លាយ​ជា​ភរិយា​ខ្ញុំ​រយះពេល​៤០​កន្លងមកនេះ​។​

​ហេតុតែ​និស្ស័យ ខំប្រឹង​គេចវេស ទោះ​ខ្ញុំ​ត្រូវរបួស​ភ្លៅ​ដោយ​អំបែង​គ្រាប់ផ្លោង​ក្នុងអំឡុង​ខែ​វិច្ចិកា ឆ្នាំ​១៩៧៣ ក៏​ខ្ញុំ​មិន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ក្រូចឆ្មា​ដែរ ខ្លាច​ជួប​មុខ​រ៉ានី​នេះ​។ តែ​ពាក្យ​ចចាមអារ៉ាម​កាន់តែ​ធំ​ទៅៗ ធ្វើឱយ​ខ្ញុំ​រង​ក្តី​អាម៉ាស់​ប្រឈម​និង​បញ្ហា​វិន័យ​កាន់តែខ្លាំង​។ ចំណែក​ខាង​រ៉ានី​វិញ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​ខ្ញុំ​ទៅទៀត ព្រោះ​នាង​ជា​មនុស្ស​ស្រី បើ​មិន​រង​ខាង​វិន័យ​ទេ​ក៏មាន​ផលប៉ះពាល់​ខាង​សីលធម៌​ដែរ​។ មនុស្ស​ប្រុស ស្រី​២​នាក់​ហើយ​សុ​ទ្ឋ​តែ​ក្រមុំ​ក​ម្លោះ​ដូចគ្នា​មិនដែល​ស្គាល់គ្នា​តែមាន​ការគិត​ដូចគ្នា គឺ​ខ្ញុំ​បានស្នើរ​សុំ​មេបញ្ជាការ​របស់ខ្ញុំ​បង សុខ សារឿន​ដើម្បី​ទៅ​ជួប​ដោះស្រាយ​ផ្ទាល់​នៅ​ស្រុក​ក្រូចឆ្មា​។ ប្រហែល​២​ថ្ងៃក្រោយ​រ៉ានី​បាន​ផ្តាំ​តាម​អ្នកទទួលខុសត្រូវ​ពេទ្យ​នៅ​សមរភូមិ​ឱ្យ​ខ្ញុំ​ប្រ​ញ៉ាប់​ទៅកាន់​ស្រុក​ក្រូចឆ្មា​ដើម្បី​ដោះស្រាយ​ការយល់ច្រឡំ​នេះ​។​

​ខ្ញុំ​ទទួលបាន​ព័ត៌មាន​ពេលព្រឹក ពេល​រសៀល​ខ្ញុំ​ជួប​បង សុក សារឿន មេបញ្ជាការ​របស់ខ្ញុំ​ទទូច​សុំ​គាត់​ឱ្យ​ជូន​ខ្ញុំ​ទៅ​ស្រុក​ក្រូចឆ្មា​នាពេល​ល្ងាច​នោះ​តែម្ដង​។ ដោយ​យល់ចិត្ត​នាយ​ទា​ហ៊ាន​ថ្នាក់ក្រោម​ដែល​ជួយ​ការងារ​គាត់​យ៉ាងច្រើន​លើ​ការងារ ហើយ​ប្រហែលជា​គាត់​កំពុង​ស្វែងយល់​ចិត្ត​និង​សាច់ញាតិ​នារី​ម្នាក់​ដែល​គាត់​ស្រឡាញ់​ផងដែរ​នោះ បង សុក សារឿន ក៏​សំរេចចិត្ត​ភ្លាម​ហើយ​ចេញដំណើរ​ភ្លាម ដែល​ដើមឡើយ​ទាំង​គាត់​ទាំង​ខ្ញុំ​គិតថា​នឹង​ត្រឡប់មកវិញ​ទាំងយប់​។​

 ពួកយើង​ចេញដំណើរ​ម៉ោង​ប្រហែល​ជិត​៣​ល្ងាច ពី​ឃុំ​បឹង​ព្រួល​ស្រុក​ពាមជីលាំង ទៅ​ឃុំ​ក្រូចឆ្មា ស្រុក​ក្រូចឆ្មា​ដោយ​ម៉ូតូ​ហុងដា CL90​។ សុំ​បញ្ជាក់ថា ក្រោយ​ឆ្នាំ​១៩៧០ តំបន់​រំដោះ​នា​ខេត្តកំពង់ចាម​ត្រើយ​ខាងកើត​ទន្លេមេគង្គ​គឺជា​ផ្នែក​មួយ​នៃ​ភូមិភាគ​បូព៌ា​ទិស​២០៣ តំបន់​ដែល​ខ្ញុំ​រស់នៅ​គឺ​តំបន់​២១ ដែល​នៅ​ខាងជើង​ផ្លូវជាតិ​លេខ​៧​។ រីឯ​ខាងត្បូង​ផ្លូវជាតិ​លេខ​៧ គឺជា​តំបន់​២០​។ ខេត្តកំពង់ចាម​ត្រើយ​ខាងលិច​ជា​ភូមិភាគ​៣០៤ ដោយ​យក​ទន្លេមេគង្គ ជា​ព្រំប្រទល់​រវាង​ភូមិភាគ​ទាំងពីរ​២០៣ និង ៣០៤​។ សំរាប់​តំបន់​២១ បាន​បង្កើត​ស្រុក​២​បន្ថែម គឺ​ស្រុក​ទឹក​ជ្រៅ​នឹង​ស្រុក​ពាមជីលាំង ក្នុង​ឆ្នាំ​១៩៧៣​។ ក្រោយមកទៀត​បង្កើត​ស្រុក​មួយទៀត​មាន​ឈ្មោះថា​ស្រុក​ត្រ​មូង​។ ឃុំ​បឹង​ព្រួល​ដែល​ខ្ញុំ​ចេញដំណើរ​ទៅកាន់​ស្រុក​ក្រូចឆ្មា​ស្ថិតក្នុង​ស្រុក​ពាមជីលាំង​ដែល​ត្រូវធ្វើ​ដំណើរ​ប្រមាណ​២​ម៉ោង ទើប​ដល់​មន្ទីរពេទ្យ​ដែលមាន​ទីតាំងនៅ​ឃុំ​ក្រូចឆ្មា​ដែល​ពួកយើង​ទៅដល់​ទីនោះ​មុន​ម៉ោង ៥​ល្ងាច​។

​ភ្នែក​ខ្ញុំ​ប្រឹង​រកមើល​តើ​នារី​មួយណា​ទៅ​ឈ្មោះ​រ៉ានី ប៉ុន្តែ​មិនឃើញ​សោះ ប្រហែល​កន្លះ​ម៉ោង​ក្រោយមក​ទើប​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​និង​សង្គមកិច្ច​ស្រុក​បាន​អញ្ជើញ​យើង​ហូបបាយ​។ ខ្ញុំ​អត់​ស្គាល់​គ្រូពេទ្យ​ជានា​រី​នៅ​មន្ទីរពេទ្យ​ស្រុក​ក្រូចឆ្មា​ទេ គ្រូពេទ្យ​លើកបាយ​សម្លរ​មក ខ្ញុំ​លួច​មើលមុខ​និង​ខ្សឹប​សួរ​ប្រធាន​មន្ទីរពេទ្យ​ថា​តើ​មួយណា​ឈ្មោះ​រ៉ានី ប្រធាន​មន្ទីរ​គ្រវីក្បាល​ថា​ អត់​មាននៅ​ទីនេះ​ទេ​។ ក្រោយ​បាយ​រួចខ្ញុំ​បាន​សុំ​មេបញ្ជាការ​របស់ខ្ញុំ​ទៅសួរសុខទុក្ខ​បងជីដូនមួយ​របស់ខ្ញុំ​ដែល​នៅ​មិន​ឆ្ងាយ​ពី​មន្ទីរពេទ្យ​៕(​សូម​រង់ចាំ​អាន​វគ្គ​២)

ប្រវត្តិ​សេ្ន​ហាស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ៖ " គូព្រេង​មិន​ព្រាត់​អាពាហ៍ពិពាហ៍​ក្នុង​គ្រា​កលិយុគ​" «​វគ្គ​១»