ក្មេងប្រុស​អាយុ​៧​ឆ្នាំ​ចុច​ទិញ​ហ្គេម​អស់​ជិត​៥៨០០​ដុល្លារ​នៅលើ iPad របស់​ឪពុក​

​លោក Mohammed S. ដែល​រស់នៅ​តំបន់ Sussex ចក្រភព​អង់គ្លេស បាន​ធ្វេសប្រហែស​ដោយ​គាត់​បាន​ឲ្យ​កូនប្រុស​អាយុ​៧​ឆ្នាំ​លេង​ហ្គេម​នៅលើ iPad  ហើយ​បាន​ខាតបង់​ទឹកប្រាក់​អស់ ៣៩១១​ផោន (​ជិត​៥៨០០​ដុល្លារ​អាមេរិក​) ។ បើ​យោងតាម​ការផ្សាយ​របស់ The Crawley News ក្មេងប្រុស​រូបនេះ បាន​ចំណាយ​ទៅលើ​ហ្គេម​ដាយ​ណូ​ស័​រ Jurassic World ។​

​លោក Mohammed S. មិនបាន​ដឹង​ឡើយ​ថា កូនប្រុស​អាយុ​៧​ឆ្នាំ​របស់ខ្លួន​ឈ្មោះ Faisall ស្គាល់​ពាក្យ​សម្ងាត់​នៅលើ iPad របស់ខ្លួន​។ លោក​បាន​ប្រើប្រាស់​កាត​ធនាគារ​ដើម្បី​ទិញ​របស់​មួយចំនួន ប៉ុន្តែ​មិនមាន​ទឹកប្រាក់​គ្រប់គ្រាន់​នៅឡើយ​។ លោក​បានធ្វើការ​ផ្ទៀងផ្ទាត់​ទើប​ដឹងថា ទឹកប្រាក់ ៣៩១១​ផោន (​ជិត​៥៨០០​ដុល្លារ​អាមេរិក​) ត្រូវបាន​ចំណាយ​ទៅលើ​ហ្គេម​ដាយ​ណូ​ស័​រ Jurassic World ។​

​របាយការណ៍​ដែល​ដកស្រង់​ដោយ The Crawley News កាលពី​ថ្ងៃទី​៣១ ខែធ្នូ បាន​បង្ហាញថា កុមារ Faisall បាន​បង់ប្រាក់​ចំនួន​៦០​ដង​នៅក្នុង Itunes ទៅលើ​ហ្គេម Jurassic World ចន្លោះ​ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៨ ខែធ្នូ​។ ការចំណាយ​របស់ Faisall គឺ​ដើម្បី​ទិញ​សម្ភារ និង​តួអង្គ​ដាយ​ណូ​ស័​រ​ថ្មី​ដែលមាន​ប្រមាណ​៥០​ប្រភេទ ដូចជា Dino Buck ជាដើម​។​

​នៅពេល​ឪពុក​សួរនាំ Faisall ហាក់ដូចជា​មិនដឹងថា អ្វីដែល​គេ​បានធ្វើ គឺជា​ការចំណាយ​លុយ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នោះឡើយ ដោយ​រូបគេ​គ្រាន់តែ​សប្បាយចិត្ត​ប៉ុណ្ណោះ នៅពេល​បាន​របស់​ថ្មីៗ ដែល​ខ្លួន​ពេញចិត្ត​។ លោក Mohammed មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង​ចំពោះ​ក្រុមហ៊ុន Apple ដែល​មិនបាន​ជូនដំណឹង​ដល់​លោក​តាមរយៈ​អ៊ី​ម៉ែ​ល​នូវ​រាល់​ការចំណាយ​ចៃដន្យ​របស់​កូន​ទៅលើ​ហ្គេម​៕