ក្រុម​តាលីបង់​អះអាង​នូវ​ជ័យជម្នះ​នៅ​អាហ្វហ្គានីស្ថាន ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​កាប៊ុល​ក៏​អះអាង​ដូច​គ្នា

ក្រុម​តាលីបង់​អះអាង​នូវ​ជ័យជម្នះ​នៅ​អាហ្វហ្គានីស្ថាន ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​កាប៊ុល​ក៏​អះអាង​ដូច​គ្នា

កងកម្លាំង​យោធា​របស់​អាហ្វហ្គានីស្ថាន​យាម​កន្លែង​ត្រួត​ពិនិត្យ​នៅ​តាម​ផ្លូវ​ទៅ​ស្រុក Sangin ខេត្ត Helmand ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥។

ក្រុម​តាលីបង់​បាន​អះអាង​ថា​ ពួកគេ​បាន​ត្រួតត្រា​ប្រមាណ១០​ភាគ​រយ​នៃ​ប្រទេស​អាហ្វហ្គនីស្ថាន​កាលពី​ឆ្នាំ​ទៅ ​ហើយ​បាន​និយាយ​ថា​ ពួកគេ​នៅ​តែ​កាន់កាប់​ភាគច្រើន​បំផុត​នៃ​ដែន​ដី​ដែល​ពួកគេ​បាន​វាយ​យក​បាន។​

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ខាង​កិច្ច​ការពារ​ប្រទេស​មិន​បាន​ពិភាក្សា​ការ​អះអាង​របស់​ក្រុម​តាលីបង់​ទាំង​នេះ​ទេ ក៏​ប៉ុន្តែ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ កង​ឆ្មក់​ប្រឆាំង​នឹង​ភេរវកម្ម​មួយ​ក្រុម​របស់​រដ្ឋាភិបាលអាហ្វហ្គានីស្ថាន​បាន​ឆ្មក់​វាយ​ប្រហារ​គុក​មួយ​របស់​ក្រុម​តាលីបង់ ​ហើយ​បាន​ដោះលែង​ក្រុម​អ្នក​ទោស​ច្រើន​នាក់​នៅ​ក្នុង​ខេត្ត Helmand ដែល​ជា​តំបន់​មួយ​ដែល​ក្រុម​តាលីបង់​ និង​រដ្ឋាភិបាល​ក្រុង​កាប៊ុល​បាន​ប្រយុទ្ធ​គ្នា​ដើម្បី​ត្រួតត្រា​ខេត្ត​នេះ។​

មន្ត្រី​អាហ្វហ្គានីស្ថាន​រូប​នេះ​បាន​និយាយ​ថា​ កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល​បាន​ធ្វើ​កិច្ច​ប្រតិបត្តិការ​នេះ​នៅ​ឯ​គុក​នោះ​ដោយ​គ្មាន​ការ​គាំទ្រ​នៅ​លើ​ដី​ដោយ​កង​ឯកភាព​នៃ​អង្គការ​អូតង់​ទេ​ ហើយ​ថា​មាន​តែ​ការ​គាំទ្រ​ខាង​ការ​ស៊ើបការ​សម្ងាត់​មាន​កម្រិត និង​ការ​គាំទ្រ​ខាង​ការ​រៀបចំ​ផែនការ​ដោយ​កង​យោធា​ស.រ.អា.។

ក្រុម​តាលីបង់​បាន​និយាយ​ថា​ ការ​វាយ​យក​បាន​ជា​បណ្តោះអាសន្ន​នូវ​ក្រុង​ Kunduz នា​ផ្នែក​ខាង​ជើង​ប្រទេស​កាល​ពី​ខែ​កញ្ញា​ជា​សកម្មភាព​សំខាន់​បំផុត​កាល​ពី​ឆ្នាំ២០១៥។ ឯកសារ​មាន​ចំណង​ជើង​ថា «ការ​ពិនិត្យ​ដោយ​ហ្មត់ចត់​អំពី​ការ​ជឿនលឿន​របស់​ក្រុម​ Jihadi ក្នុង​ឆ្នាំ២០១៥» ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​ក្រុម​អ្នក​កាសែត​កាលពី​ថ្ងៃសៅរ៍​បាន​អះអាង​ថា​រយៈពេល​១២ខែ​កន្លង​ទៅ​នេះ​ជា «រយៈពេល​មួយ​ដែល​មាន​ជោគជ័យ​បំផុត​ និង​មាន​ការ​បំផុស​គំនិត​បំផុត​សម្រាប់​ក្រុម​យុទ្ធជន​របស់​ពួក​គេ​ក្នុង​រយៈកាល​១៥ឆ្នាំ​កន្លង​ទៅ​នេះ ចាប់​តាំង​ពី​មុន​ពេល​ដែល​កងកម្លាំង​ស.រ.អា. និង​ក្រុម​ទាហាន​ឯទៀតៗ​នៃ​ក្រុម​ចម្រុះ​បាន​ទៅ​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន​ដើម្បី​បណ្តេញ​រដ្ឋបាល​តាលីបង់​កាល​ពី​ឆ្នាំ២០០១៕