ប្រាសាទ​ពណ្ណរាយ​កំពង់លែង​ទ្រុឌទ្រោម​ខ្លាំង​

ទឹកដី​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ជា​ទឹកដី​វ័យ​ចំណាស់​ដែល​សម្បូរ​ទៅដោយ​ប្រាសាទបុរាណ​យ៉ាងច្រើន ដែល​បុព្វបុរស​ខ្មែរ​យើង​បាន​បន្សល់​ទុកឱ្យ​មនុស្សជំនាន់​ក្រោយនេះ​ជា​ក្តី​មោទកភាព​មួយ​សម្រាប់កូនចៅជំនាន់​ក្រោយ ប៉ុន្តែ​គួរឱ្យ​សោកស្តាយ​ដែល​ប្រាសាទ​ទាំង នោះ​ត្រូវ​ហិនហោច​ស្ទើរ​អស់​ដោយសារសង្គ្រាម និង ជនខិលខូច​លួច​គាស់កកាយ​រាវរក​យក​វត្ថុ​បុរាណ ។

ប្រាសាទ​ពណ្ណរាយ​កំពង់លែង​ទ្រុឌទ្រោម​ខ្លាំង​

ប្រាសាទ​ពណ្ណរាយ​ជា​ប្រាសាទ​មួយ​ក្នុងចំណោម​ប្រាសាទ​នានា​ដែលមាន​នៅក្នុង​ទឹកដី​ស្រុក​កំពង់លែង​នេះ ដែល​តួ​ប្រាសាទ​ទាំងមូល​កាន់តែ ទ្រុឌទ្រោម​ណាស់​ទៅហើយ​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ក្នុងការ អភិរក្ស និង ថែទាំ​ប្រាសាទ​ដ៏​ចំណាស់​មួយ​នេះ​ជាបន្ទាន់ ។ ប្រាសាទ​ពណ្ណរាយ ស្ថិតនៅ​ក្នុងភូមិ​ច្រ​ណូ​ក​លិច ឃុំ​ច្រ​ណូ​ក ស្រុក កំពង់លែង មាន​ចម្ងាយ ២៥ គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ឆ្នាំង ដោយ​កាត់​តាមផ្លូវ ឃុំ​ពោធិ៍ និង បន្តដំណើរ​ចម្ងាយ ១៣ គីឡូម៉ែត្រ​ពី​ទីរួមស្រុក​កំពង់លែង ទៀត​ទើប​ដល់​ប្រាសាទ​នេះ ដោយ​ចំណាយពេល​ពីរ​ម៉ោង​ដល់​ភ្នំ​ធ្វើបុណ្យ ដែលជា​ទីតាំង​ប្រាសាទ​ពណ្ណរាយ​នេះ ។

ប្រាសាទ​ពណ្ណរាយ​កំពង់លែង​ទ្រុឌទ្រោម​ខ្លាំង​

នៅពេល​ទៅដល់​ប្រាសាទ​ពណ្ណរាយ យើង សង្កេតឃើញ​មាន​ដុំថ្ម​បាក់​ជ្រុះ​រប៉ាត់រប៉ាយ​ពាសពេញ​ទីធ្លា​ប្រាសាទ​ឯ​តួ​ប្រាសាទ​មាន​សភា​ទ្រុឌទ្រោម​យ៉ាងខ្លាំង ដោយសារ​ការបំផ្លិចបំផ្លាញ នៅ​សម័យ​សង្គ្រាម ពិសេស​គឺ​នៅ​ក្នុងសម័យ ប៉ុល ពត តែម្តង ដែល​ចាស់ៗ​នៅក្នុង​ស្រុកភូមិ នោះ​និយាយថា ពួក ប៉ុល ពត បាន​វាយយក​ឥដ្ឋ​ទៅធ្វើ​សំណង់​ផ្សេងៗ ។

ប្រាសាទ​ពណ្ណរាយ​កំពង់លែង​ទ្រុឌទ្រោម​ខ្លាំង​

នៅ​ច្រកទ្វារ​ចូល​ប្រាសាទ​គ្មាន​សល់​ក្បាច់ចម្លាក់​អ្វី​ឡើយ មានតែ ស្នាម​ប្រេះស្រាំ​របេះ​ឥដ្ឋ​ធ្លាក់ចុះ​មកក្រោម​គួរឱ្យ ស្តាយ​ក្រៃលែង ។ នៅ​ជុំវិញ​ប្រាង្គ​ប្រាសាទ​ទាំងពីរ​មាននៅ​សេសសល់​បំណែក​បែកបាក់​ជាច្រើន ដូចជា​សសរ​ពេជ្រ​ជាដើម​… ហើយ​បំណែក​ប្រាសាទ​ទាំងនោះ​ត្រូវបាន​គេ​ប្រមូល​យកទៅ​ទុក​នៅខាងមុខ​ប្រាសាទ ។​

ប្រាសាទ​ពណ្ណរាយ​កំពង់លែង​ទ្រុឌទ្រោម​ខ្លាំង​

តាម​ឯកសារ​ដែល​ចងក្រង​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​បង្ហាញថា ប្រាសាទ​ពណ្ណរាយ​សង់​នៅលើ​កំពូលភ្នំ​ធ្វើបុណ្យ​មាន​ផ្ទៃ​រាបស្មើ​ប្រមាណ ៥០ ម៉ែត្រ គុណ ៣០ ម៉ែត្រ ។ ប្រាសាទ​នេះ​សង់​ពី​ឥដ្ឋ និង ថ្មភក់ មាន​ប្រាង្គ​ពីរ សង់​បែរមុខ​ទៅ​ទិស​ខាងលិច​ដែល​ប្រាង្គ​នីមួយៗ​មាន​រំលេច​ទៅដោយ​ផ្តែរ​ដែលមាន​ក្បាច់រចនា​រស់​រវើក​ដែល​សាង​នៅ​កំលុង​សតវត្សរ៍​ទី ៧-៨ ដោយ​ប្រាសាទ​នីមួយៗ មាន​ទំហំ​ប្រមាណ ៤ ម៉ែត្រ គុណ ៤ ម៉ែត្រ ដើម្បី​ឧទ្ទិស​ដល់​លទ្ធិ ព្រហ្មញសាសនា ។

ប្រាសាទ​ពណ្ណរាយ​កំពង់លែង​ទ្រុឌទ្រោម​ខ្លាំង​

តាម​ឯកសារ​មន្ទីរ​ទេសចរ​ណ៍​ក៏បាន​បញ្ជាក់ថា មត៌ក​ដ៏​មានតម្លៃ​នៅលើ​ភ្នំ​ធ្វើបុណ្យ​នេះ កំពុង​ទទួលរង​ការ​គំរាម កំហែង​យ៉ាងខ្លាំង ដែល​ទាមទារ​ឱ្យមាន​កិច្ចសហការ​ឯកភាពគ្នា ដើម្បី​ថែរក្សា​សម្បត្តិ​វប្បធម៌​ដ៏​មានតម្លៃ​នេះ​ឱ្យ​បានល្អ បើ​មិន​ដូច្នេះ​ទេ​នឹង​រលាយ​បាត់បង់​ជាមិនខាន​ឡើយ ។ លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ប្រាសាទ​ពណ្ណរាយ​ជា​ប្រាសាទ​ដ៏​ចំណាស់​មួយ​ដែល​ទាមទារ​ឱ្យ​យើងទាំងអស់គ្នា​ត្រូវតែ​រួម​គ្ន​ការពារ និង អភិរក្ស​ឱ្យ បានល្អ ។

ប្រាសាទ​ពណ្ណរាយ​កំពង់លែង​ទ្រុឌទ្រោម​ខ្លាំង​

ទីកន្លែង​នេះ​ប្រកបដោយ​ខ្យល់ជំនោរ​បរិសុទ្ធ ជា​កន្លែង​លម្ហែកាយ​ដ៏​ល្អ និង ជា​កន្លែង​បួងសួង​សុំ​សេចក្តីសុខ​របស់​អ្នក ស្រុក និង ភ្ញៀវទេសចរ​ផងដែរ ។ ប្រាសាទ​ពណ្ណរាយ​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ដ៏​សំខាន់​មួយ​នៅពេល​ភ្ញៀវទេសចរ​ទៅដល់​ទីនោះ បើ​គេ​ក្រឡេក​មើលទៅ​ទិសខាងកើត​នឹង​បានឃើញ​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​ភ្នំ​ជ័យ​ជាតិ ឬ ជ័យ​ទ័ត ភ្នំ​ធ្លក ដែលមាន​វត្ត​អារាម​មួយ​ជា​រមណីយដ្ឋាន​ដ៏ ពេញនិយម​នៅ​ស្រុក​កំពង់លែង​នេះ ៕ នឿន​

ប្រាសាទ​ពណ្ណរាយ​កំពង់លែង​ទ្រុឌទ្រោម​ខ្លាំង​

​ ​ ​ ​ ​