សង្គម​ស៊ីវិល​បរាជ័យ​ប្រារព្ធ​ពិធី​រំឭក​ខួប​២​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង

អង្គការ​សង្គម​ស៊ីវិល ក្រុម​សហជីព ព្រះសង្ឃ និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ បរាជ័យ​ក្នុង​ការ​ប្រារព្ធ​ពិធី​រំឭក​ខួប​ពីរ​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​កម្មករ ក្នុង​ប្រព្រឹត្តិការណ៍​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​នៅ​លើ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​ទី​៣ មករា។

នាយិកា​អង្គការ​លីកាដូ (LICADHO) និង​ក្រុម​សង្គម​ស៊ីវិល​ផ្សេង​ទៀត ត្រូវ​បាន​សមត្ថកិច្ច​រារាំង និង​រុញ​ច្រាន​ឲ្យ​ចាកចេញ​ពី​តំបន់​ផ្លូវ​វ៉េងស្រេង មិន​តិច​ជាង ៣​គីឡូម៉ែត្រ។ សមត្ថកិច្ច​ក៏​បាន​រឹប​អូស​ស្លាក​សញ្ញា និង​បដា​ផ្សេងៗ​ពី​ក្រុម​អ្នក​ប្រារព្ធ​ពិធី​នោះ​ដែរ។ ការ​រារាំង​នេះ បន្ទាប់​ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ មករា ព្រមាន​ប្រើ​វិធានការ​ទប់ស្កាត់​ការ​ជួបជុំ​របស់​ក្រុម​សហជីព ដែល​ប៉ុនប៉ង​ ធ្វើ​ពិធី​រំឭក​ខួប ២​ឆ្នាំ ជូន​អ្នក​ស្លាប់​ក្នុង​ប្រព្រឹត្តិការណ៍​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ផ្លូវ​វ៉េងស្រេង។

កាល​ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ មាន​ព្រឹត្តិការណ៍​បង្ក្រាប​លើ​កម្មករ​នៅ​ក្បែរ​រោងចក្រ​យ៉ាកជីន (Yakjin) ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ ក្នុង​ពេល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ។ ពេល​នោះ​កម្មករ​ចំនួន ៤​នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ម្នាក់​បាត់​ខ្លួន និង​មនុស្ស​ជិត ៤០​នាក់​របួស។ ចំណែក​កម្មករ និង​សកម្មជន​សិទ្ធិ​មនុស្ស ២៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​មួយ​រយៈ។ ការ​បាញ់​សម្លាប់ និង​ការ​ចាប់​ខ្លួន​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​រិះគន់​យ៉ាង​ខ្លាំង ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្វែង​រក​មុខ​ជន​ទទួល​ខុស​ត្រូវ​លើ​ការ​បាញ់​សម្លាប់​កម្មករ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ​មក​ផ្ដន្ទាទោស។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។