​លោក​សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ ទាមទារ​ឲ្យ​លោក​អេង ឆៃអ៊ាង សុំទោស​ខ្មែរក្រោម​រឿង​ប្រៀបធៀប​ឧកញ៉ា សឺ​ន គុយ ជាមួយ​លោក​សម រង្ស៊ី

ភ្នំពេញ: លោក​សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មូលនិធិ​សម្តេច​បវរ​សេដ្ឋា​ធិបតី សឺ​ន សាន បានទាមទារ​ឲ្យ​លោក​អេង ឆៃអ៊ាង តំណាងរាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្តកណ្តាល ធ្វើការ​សុំទោស​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម រឿង​មើលងាយ​លោក​ឧកញ៉ា សឺ​ន គុយ ដែលជា​វីរបុរស​ខ្មែរ​កម្ពុជា និង​បាន​ប្រៀបធៀប​ប្រដូច​លោក​ឧកញ៉ា សឺ​ន គុយ ទៅ​និង​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​
​    ​

​យោងតាម​លិខិត​ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ របស់លោក​សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មូលនិធិ​សម្តេច​បវរ​សេដ្ឋា​ធិបតី សឺ​ន សាន បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​មាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ប្រធាន​គណកម្មាការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​ជា​សមាជិក​គណៈអចិន្ត្រៃយ៍ បាន​និយាយ​ពាក្យសំដី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​វីរជន​មួយរូប ដែល​បងប្អូន​ខ្មែរក្រោម​រាប់លាន​នាក់ ទុកជា​វីរបុរស​របស់គេ គឺ​លោក​ឧកញ៉ា​ចៅហ្វាយ សឺ​ន គុយ នៃ​ខេត្ត​ព្រះ​ត្រពាំង ទឹកដី​កម្ពុជា​ក្រោម​។​
​    ​
​លោក​សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ បាន​បន្តថា លោក​អេង ឆៃអ៊ាង ថ្មីៗ​នេះ នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទីក្រុង​ម៉ុង​រេ​អាល នៃ​ប្រទេស​កាណាដា បាន​ប្រៀបធៀប​លោក​ឧកញ៉ា សឺ​ន គុយ ទៅ​លោក​សម រង្ស៊ី ក្នុងការ​សម្រេចចិត្ត​ចូល ឬ​មិន​ចូល​ស្រុក​។
​ដោយ​លោក​បាន​លើកឡើងថា​ទី​១.​វា​មិនអាច​ប្រៀបធៀប​លោក​សម រង្ស៊ី ដែលជា​មេគណបក្ស​តែមួយ ហើយ​ទទួលខុស​ត្រូវតែ​នយោបាយ​គណបក្ស​តែប៉ុណ្ណោះ មិនមែនជា​មេទ័ព និង​ចៅ​ស្រុក​ដែល​ទទួលខុសត្រូវ​ខេត្ត​មួយចំនួន ព្រមទាំង​ប្រជាពលរដ្ឋ​ខ្លួន កងទ័ព​រាប់ម៉ឺន​នាក់ ការទទួលខុសត្រូវ អាយុជីវិត​ប្រជាពលរដ្ឋ និង​ការប្រឈមមុខ​នឹង​សត្រូវ​ឈ្លានពាន​ឡើយ​។ ២.​កាលៈទេសៈ​ក៏​ខុសគ្នា​ដែរ ព្រោះ​នៅ​សតវត្ស​ទី​១៩ ស្ថានភាព​ព្រះរាជាណាចក្រ​កម្ពុជា មាន​ភាពដុនដាប​យ៉ាងខ្លាំង ...​កាលៈទេសៈ​ដ៏​ចម្រូងចម្រាស់​នេះ ដើម្បី​រក្សាទុក​វប្បធម៌ អរិយធម៌ និង​ព្រះពុទ្ធសាសនា​ថេរវាទ​លោក​ចៅហ្វាយ សឺ​ន គុយ បាន​បូជាជីវិត​ដើម្បី​រក្សា​ព្រលឹង​ជាតិខ្មែរ​រហូតមកដល់​សព្វថ្ងៃនេះ ហើយ​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​រាប់លាន​នាក់ នៅមាន​អត្តសញ្ញាណ​ខ្លួន និង​របៀប​រស់នៅ​តាម​ទំនៀមទម្លាប់ ប្រពៃណី​របស់ខ្លួន​នៅឡើយ​។​
​    ​

​លោក​បាន​បញ្ជាក់ថា “​លោក​អេង ឆៃអ៊ាង ដែលជា​ដៃស្តាំ​របស់លោក​សម រង្ស៊ី និង លោកស្រី ជូ​ឡុង សូ​មួ​រ៉ា ដែល​ធ្លាប់​គោរព និង​សរសើរ​លោក​ចៅហ្វាយ សឺ​ន គុយ មិនបាន​គោរព​តាម​មាគ៌ា​មេដឹកនាំ​គាត់ ថែមទាំង​បាន​និយាយ​ប៉ះពាល់​ដល់​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​រាប់លាន​នាក់ ដែល​គោរព​លោក​ឧកញ៉ា សឺ​ន គុយ ជា​វីរបុរស​ពួកគេ​។ ហើយ​ផ្ទុយ​ពី​យោបល់​លោក​អេង ឆៃអ៊ាង ដែល​ខ្វះខាត​នូវ​ការចេះដឹង​ប្រវត្តិសាស្ត្រ​ជាតិ​ខ្លួន​។ លោក​ចៅហ្វាយ សឺ​ន គុយ ដែល​តស៊ូ​ពលី​ជីវិត​របស់ខ្លួន​ដើម្បី​ព្រលឹង​ជាតិ មិនបាន​បរាជ័យ​ទេ​។ បើតាម​ប្រវត្តិសាស្ត្រ​តាំងពី​ពេលដែល​លោក (​សឺ​ន គុយ​០ បានប្រគល់​ខ្លួន​ឲ្យ​ទៅ​វៀតណាម​នៅ​អំឡុង​ឆ្នាំ​១៨២១ រហូទដល់​ឆ្នាំ​១៨៦៣ ដែល​បារាំង​បាន​សុំ​ឲ្យ​ខ្មែរ​លើកទ័ព​ពី​ព្រៃនគរ ខ្មែរ​មិនបាន​បាត់បង់​ទឹកដី​ខ្លួន​ទេ គឺ​បារាំង​ដែលជា​អាណាព្យាបាល​ខ្មែរ​ទេ ដែល​ប្រគល់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​អធិរាជ បាវ ដាយ នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩​។ ហេតុដូច្នេះ គួរ​លោក​អេង ឆៃអ៊ាង សុំទោស​ដល់​ប្អូន​ខ្មែរក្រោម​រាប់លាន​នាក់ ពី​ការ​មើលងាយ​វីរបុរស​គេ​...”​។
​ 
​ទាក់ទង​ការទាមទារ​បញ្ហា​ខាងលើនេះ លោក​អេង ឆៃអ៊ាង មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​៕

​លោក​សឺ​ន ស៊ូ​ប៊ែ​រ្តិ៍ ទាមទារ​ឲ្យ​លោក​អេង ឆៃអ៊ាង សុំទោស​ខ្មែរក្រោម​រឿង​ប្រៀបធៀប​ឧកញ៉ា សឺ​ន គុយ ជាមួយ​លោក​សម រង្ស៊ី