«ជីវិត​ត្រូវ​បាន​បំផ្លាញ» ព្រោះ​ពាក្យ​កុហក​របស់​សិស្ស​ស្រី​ម្នាក់​នេះ


រងគ្រោះព្រោះការវាយធ្វើបាប ពីឪពុកម្ដាយ និងមានជំងឺមហារីក ដែលមកដល់ដំណាក់កាល​ចុង​ក្រោយ... ទាំង​នេះ​សុទ្ធ​សឹង​ជា​ពាក្យ​កុហក របស់យុវតីអាយុ២២ឆ្នាំ នាង អេលីសា ប៊ៀនកូ (Elisa Bianco) ដែលបានស្ដីទៅ​បោក​បញ្ឆោត​​អ្នកគ្រូ​របស់​នាង អ្នកស្រី សល្លី រ៉េតាឡាក់ (Sally Rettallack) អាយុ៤៩ឆ្នាំ។ ពាក្យសម្ដីមុសា របស់​​យុវតី​វ័យ​ក្មេង បាន​​បំផ្លាញ​នូវ​ជីវិត​​របស់គ្រូខ្លួន សឹងតែទាំងស្រុង ខណៈយុវតីខ្លួនឯង ត្រូវ​បាន​តុលាការ​កាត់​ទោស ឲ្យ​ជាប់​​ពន្ធនាគារ​ជិត​៣ឆ្នាំ។ ជារឿងរ៉ាវជីវិតមួយ ដែលបានទាក់ទាញចំណាប់អារម្មណ៍ នៃប្រព័ន្ធផ្សព្វផ្សាយ​អង់គ្លេស ឲ្យ​ធ្វើ​សេចក្ដី​រាយការណ៍​យ៉ាង​ព្រោង​ព្រាត។
«ជីវិត​ត្រូវ​បាន​បំផ្លាញ» ព្រោះ​ពាក្យ​កុហក​របស់​សិស្ស​ស្រី​ម្នាក់​នេះ

ខាងឆ្វេង៖ ជាការធ្វើពិធីសប្បាយរួមគ្នាមួយ រវាងអ្នកស្រី រ៉េតាឡាក់ និងនាង អេលីសា។ ខាងស្ដាំ៖ ជារូបថតដ៏ស្រស់ស្អាត របស់យុវតី អេលីសា។ (រូបថតហ្វេសប៊ុក)

យុវសិស្សស្រីវ័យក្មេង អេលីសា ប៊ៀនកូ បានជួបជាមួយអ្នកគ្រូ រ៉េតាឡាក់ តាំងពីឆ្នាំ២០០៩ នៅក្នុង​វិទ្យាល័យ «St Austel» នៃក្រុង «Cornwall» (ភាគខាងត្បូង នៃប្រទេសអង់គ្លេស)។ នៅពេលនោះ យុវតី​ស្ថិត​ក្នុង​វ័យ​ជំទង់ អាយុទើបតែ១៦ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែយុវតីវ័យក្មេង បានទាក់ទាញបានទាំងស្រុង នូវ​ក្ដី​អាណិត​អាសូរ​​ពីអ្នកគ្រូវ័យជាង៤០ឆ្នាំ ដោយសារការរៀបរាប់ ពីជីវិតរបស់នាង ដែលទទួលវាសនា​យ៉ាង​អភ័ព៖ នោះ​គឺ​ឪពុក​ម្ដាយ​ប្រមឹករបស់នាង បានវាយនាងសឹងជារៀងរាល់ថ្ងៃ ហើយខ្លួននាងផ្ទាល់ មានជំងឺ​មហារីក​មួយ ដែល​ឈាន​មក​ដល់​​ដំណាក់​កាលចុងក្រោយហើយ។

ខ្លាញ់ប៊ើរពណ៌ខ្មៅ...

ប៉ុន្តែបើមិនបានតាមដានឲ្យដិតដល់ទេ គេប្រាកដជាមិនបានដឹង ថា​នាង​បានបោកបន្លំទឹកចិត្ត គ្រូរបស់ខ្លួន ដែល​យក​ចិត្ត​ទុក​ដាក់​យ៉ាងខ្លាំង មកលើរូបនាងនោះឡើយ។ បើតាម​ពាក្យកុហកខាងលើ យុវតី អេលីសា មិន​នៅ​សល់​ជីវិតប៉ុន្មានទៀតទេ។ នាងថែមទាំង បានបន្លំវេជ្ជបញ្ជាមួយ ដើម្បីយកមកអះអាងប្រាប់អ្នកគ្រូ ថានាង​នៅ​សល់​តែ៣ខែទៀតប៉ុណ្ណោះ សម្រាប់ជីវិតដ៏ក្មេងខ្ចីរបស់នាង។

នៅថ្ងៃមួយ យុវតីដ៏ស្រស់ស្អាត​បានមកដល់សាលា ដោយមានភ្នែកមួយចំហៀង ពណ៌ជាំខ្មៅ។ ប៉ុន្តែនោះ មិនមែន​ជាស្នាមជាំពិតប្រាកដ ដូចអ្នកផងជឿនោះឡើយ។ ផ្ទុយទៅវិញ ជាស្នាមលាបពីលើរង្វង់ភ្នែក ដោយ​ខ្លាញ់​ប៊ើរ (beurre) ម្យ៉ាង ដែលលាយជាមួយពណ៌ខ្មៅ ដើម្បីបញ្ជាក់ប្រាប់គេឯង ថានេះជាទង្វើ​វាយ​តប់ ពី​សំណាក់​ឪពុកម្ដាយខ្លួន។

ហាងកាហ្វេនៅមន្ទីរពេទ្យ...

បើបានដឹងរឿង«ពិត»បែបនេះ តើនរណាម្នាក់ មិនធ្លាក់ថ្លើមអាណិតនាងខ្លោចចិត្តនោះ? ក្នុងនោះ​មាន​ដោយ​ទាំង​អ្នកគ្រូ រ៉េតាឡាក់ ម្នាក់ផង។ អ្នកគ្រូបានសម្រេចចិត្ត ទុកព្យួរការងាររបស់ខ្លួន ដាក់ដោយឡែក ដើម្បី​ធ្វើ​យ៉ាង​ណា ជួយសម្រេចបំណងចុងក្រោយ របស់យុវតី អេលីសា នៅមុនពេលនាងស្លាប់។ បំណង​ទាំងនោះ មាន​ទាំង​ដំណើរ​កំសាន្ដ ដែលមានតម្លៃថ្លៃៗ និងការចូលរួម ក្នុងពិធីជប់លៀង យ៉ាងហឺហា ដែល​សុទ្ធសឹង​ជា​ការ​ចំណាយ ទទួលបន្ទុកដោយអ្នកគ្រូ រ៉េតាឡាក់។

ជារៀងរាល់ថ្ងៃ អ្នកគ្រូ រ៉េតាឡាក់ បានយកយុវតីជំទង់ ទៅដាក់នៅមុខមន្ទីរពេទ្យ ក្នុងបំណងដើម្បី​ឲ្យ​យុវតី​អ្នក​ជំងឺ «ក្លែងក្លាយ» ម្នាក់នេះ ចូលទៅពិនិត្យរោគ«មហារីក» របស់ខ្លួន។ ប៉ុន្តែយុវតី អេលីសា បាន​ទៅ​កាន់​ទៅ​នោះ ដើម្បីគ្រាន់តែអង្គុយនៅក្នុងហាងកាហ្វេ របស់មន្ទីរពេទ្យ ហើយរង់ចាំឲ្យអ្នកគ្រូ រ៉េតាឡាក់ ត្រឡប់​មក​​ទទួល​​នាង​វិញ​ប៉ុណ្ណោះ។

គណនីខ្មោច...

រឿងរ៉ាវរំខាន ដល់ជីវិតរបស់ស្ត្រីវ័យចំណាស់ មិនមែនមាន​នៅត្រឹម​តែប៉ុណ្ណឹងទេ។ នាង អេលីសា បានចេញ​ចូល​កាន់​តែ​ញឹកញាប់ ក្នុងគេហដ្ឋានរបស់អ្នកគ្រូ រ៉េតាឡាក់ ហើយឈានទៅលូកដៃ​ចូលកកូរកកាយ ដល់​ទំនាក់​ទំនង​​ស្នេហា​របស់អ្នកគ្រូ ជាមួយលោក រ៉ាលហ្វ៍ (Ralph) បុរសដែលរស់នៅជាមួយ នោះថែមទៀត។ នៅលើ​បណ្ដាញ​សង្គម យុវតីបានបង្កើគណនីខ្មោចមួយ ដាក់ឈ្មោះ ចន (John) ជាវេជ្ជបណ្ឌិត​ពោះម៉ាយ​ម្នាក់ ហើយ​នាង​បាន​ប្រើគណនីនេះ ចូលមក«ញ៉ែ»ប្រលោមអ្នកគ្រូ រ៉េតាឡាក់ ដូចជាសុំការណាត់ជួប ឬ​និយាយ​​លែប​ខាយ នូវពាក្យសម្ដីស្នេហាជាច្រើន។ តាមរយៈគណនីនេះ នាង អេលីសា ក៏បានជួយពន្យុះ​អ្នកគ្រូ រ៉េតាឡាក់ ឲ្យ​កាន់​តែ​ជឿ​ខ្លាំង​ឡើង នូវ​ស្ថានភាព​ជំងឺ​«កុហក»​របស់នាងនោះដែរ។

ការបោកបញ្ឆោតដ៏ឃោឃៅ...

ការកុហកបោកប្រាស់ របស់យុវតី អេលីសា ត្រូវបានផ្ទុះធ្លាយដឹងការពិត នៅពេលមួយដែលអ្នកគ្រូ រ៉េតាឡាក់ ចង់បង្កការភ្ញាក់ផ្អើល​ដោយមិនដឹងខ្លួនមួយ ទៅដល់រូបនាង នៅក្នុងមន្ទីរពេទ្យ។ ប៉ុន្តែរាល់​បុគ្គលិក នៅ​ក្នុង​មន្ទីរពេទ្យ គ្មាននរណាម្នាក់ ដឹងឮ ឬស្គាល់អ្នកជំងឺឈ្មោះ អេលីសា ប៊ៀនកូ ម្នាក់​នេះ​ឡើយ។ ឈឺ​ចាប់​​ព្រោះ​រងគ្រោះ នឹងការបោកបញ្ឆោត អ្នកគ្រូ រ៉េតាឡាក់ បានប្ដឹងទៅកាន់នគរបាល និង​ទី​បំផុត​ទៅ នាង អេលីសា បានទទួលសារភាព។

នៅក្នុងសវនាការ លោកចៅក្រម គ្រីស្ដូហ្វើរ ហាវៃ ក្លាក់ (Christopher Harvey Clark) បានវាយតម្លៃ នូវ​រាល់​ការ​បោក​បញ្ឆោត​ទាំង​នេះ ថាមានលក្ខណៈ«ឃោឃៅ»។ លោកបានថ្លែងឡើងថា៖ «អ្នកឯងបាន​បោក​បន្លំ លើមនោសញ្ចេតនាដ៏ជ្រាលជ្រៅ របស់អ្នកស្រី រ៉េតាឡាក់។ គ្មានទោសណាមួយ ដែលអាច​យក​មក​ប្រៀប​ធៀប ឲ្យ​ស័ក្ដិសមឡើយ។» យ៉ាងណាក៏ដោយ ក៏សាលក្រមបានសម្រេចផ្ដន្ទាទោស យុវតីវ័យក្មេង ឲ្យ​ជាប់​​ឃុំ​​​នៅ​ក្នុង​ពន្ធនាគារ ចំនួន២ឆ្នាំនិង៨ខែ។ ប៉ុន្តែសម្រាប់អ្នកគ្រូ រ៉េតាឡាក់ វិញ ដែលបានបាត់​បង់​ការងារ បុរស​ជា​គូ​ស្នេហ៍ និងផ្ទះសម្បែងអស់រលីងពីខ្លួន បានរើប្ដូរមករស់នៅ​ក្នុងប្រទេសបារាំង ដើម្បី​ចាប់​ផ្ដើម​ជីវិត​​របស់​​អ្នកស្រី​ជា​ថ្មី ពីសូន្យមកវិញ៕